ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូស បុក កាមរីបាឡែនត្រង់ផ្លូវបំបែកជាបួនសង២០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញៈ រថយន្តព្រូសមួយគ្រឿងពេលបើកដល់ចំណុចផ្លូវបែកជាបួនកែងនឹងផ្លូវលេខ៦៣ បានបុកជាមួយរថយន្ត ម៉ាកកាមរីបាឡែនមួយគ្រឿងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសទេ។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៦៣ កែងនឹងផ្លូវលេខ៣០២ស្ថិត សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7970 បើកបរដោយបុរសមិនស្គាលឈ្មោះម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2S-9298 បានបើកមកបុកចំពីចំហៀងរថយន្តបាឡែនពេញទំហឹង បណ្ដាលឲ្យខូចខាតទ្វារចំហៀងខាងឆ្វេងយ៉ាងដំណំ។ ចំណែករថយន្តព្រូសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នាដែរ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តព្រូសដឹងកំហុសបានព្រមចេញសងថ្លៃការខូចខាតទៅភាគីខាងរថយន្ត បាឡែនជាទឹកប្រាក់ចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងដោយមិនរំខានសមត្ថកិច្ចឡើយ ៕ ស រស្មី


ចែករំលែក៖