ព័ត៌មានចាប់ក្មេងតូចៗអាយុប្រមាណ៤ទៅ៨ឆ្នាំ ឬក៏អាយុលើសពីនេះបានលេចឮ សុសសាយទូទាំងព្រះរាជាណាចក្រកម្ពុជាដែលញុំាងឲ្យអារម្មណ៍ឪពុកម្តាយ អាណា ព្យាបាលមានក្តីព្រួយបារម្ភរាល់ថ្ងៃ ។ ព័ត៌មាននេះត្រូវបានប្រជាពលរដ្ឋស្ទើរគ្រប់រូប និងគ្រប់ច្រកល្ហកនិយាយតគ្នាទៅមាត់មួយទៅមាត់មួយប្រកបដោយក្តីទុក្ខកង្វល់ពន់ ពេក។
សម្រាប់នាងខ្ញុំជាម្តាយដែលមានភារៈមើលថែកូនតូចៗ៣នាក់ក្នុងបន្ទុកតែងតែមាន អារម្មណ៍ភ័យខ្លាចជាខ្លាំងចំពោះហេតុការណ៍អកុសលនេះដែលកើតមាននៅលើទឹកដី ខ្មែរនាពេលបច្ចុប្បន្ន។ ក្នុងករណីនេះមានឪពុកម្តាយកុមារាខ្លះបានរងគ្រោះរួចហើយ ដែលឧក្រិដ្ឋជនបានចាប់កូនរបស់ពួកគាត់នៅសាលារៀន ដោយប្រើរូបភាពភូតកុហស ឬលួងលោមឲ្យលុយកាក់ នំចំណីដើម្បីអូសទាញក្មេងឲ្យលង់ទ្រនេសតាមការល្បួង របស់ជនទុច្ចរិត។
ការចាប់ក្មេងនេះចាស់ទុំតែងតែធ្លាប់និយាយបន្លាចកូនចៅកុំឲ្យដើរលេងរហេត រហូត ឬទៅណាឆ្ងាយពីភ្នែកចម្រុះរបស់គាត់ ដោយខ្លាចសត្វប្រមាត់ប្រមង់ចាប់ដែល
សត្វប្រមាត់ប្រមង់នោះមិនមែនជាសត្វធាតុឯណា តាមពិតគឺជាមនុស្សដែលចាប់យកក្មេងៗទៅលក់ ធ្វើជាអ្នកសុំទាន ធ្វើជាទាសករជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះរឿងរ៉ាវដែល ចាស់ទុំធ្លាប់តំណាលដើម្បីបន្លាចក្មេងនោះវាក្លាយជាការណ៍ពិតទៅហើយ ។
ចំពោះបញ្ហានេះដែលបាននិងកំពុងកើតឡើងក្នុងប្រទេសកម្ពុជាថា តើអាជ្ញាធររដ្ឋ ឬសមត្ថកិច្ចមានវិធានការបែបណាដែរចំពោះឧក្រិដ្ឋជនចាប់ក្មេងៗ? មាតាបិតា អាណា ព្យាបាលកូនចៅសព្វថ្ងៃដេកមិនលក់ បក់មិនល្ហើយ ពោលគឺមានកង្វល់នៅពេលកូន ចាកចេញពីរង្វង់ដៃរបស់ពួកគាត់។ ទាំងរូបនាងខ្ញុំ និងអាណាព្យាបាលដទៃទៀតក៏មាន ទុក្ខកង្វល់បែបនេះដែរ ចំពោះកូនៗដែលចាកចេញពីផ្ទះសម្បែងទៅសាលា គឺត្រូវពឹង ផ្អែកលើគ្រូបង្រៀន បុគ្គលិកសិក្សាដែលមានភារកិច្ចអប់រំ មើលថែជំនួសពួកគាត់។ ចំណែកឪពុកម្តាយរបស់សិស្សមិនមានពេលឃ្លាំមើលកូនគ្រប់ពេលវេលានោះឡើយ ដូច្នេះនៅតាមគ្រឹះស្ថានអប់រំ សាលារៀន ក្រសួងអប់រំ មន្ទីរអប់រំរាជធានី ខេត្តគួរតែជួយ ពង្រឹងនូវវិធានការការពារសិស្សឲ្យបានហ្មត់ចត់។ ព្រោះសព្វថ្ងៃនេះនាងខ្ញុំមើលឃើញ ថា ប្រព័ន្ធសុវត្ថិភាពនៅសាលារដ្ឋ ជាពិសេសសាលាមត្តេយ្យ សាលាបឋមសិក្សាមាន កម្រិតអត់នៅឡើយ ប៉ុន្តែផ្ទុយទៅវិញប្រព័ន្ធសុវត្ថិភាពនៅសាលាឯកជនទាំងកម្រិត មត្តេយ្យ និងសាលាបឋមសិក្សាគួរឲ្យទុកចិត្តជាង។ ដូច្នេះអាចកាត់បន្ថយបាននូវក្តី ព្រួយបារម្ភរបស់ឪពុកម្តាយ អាណាព្យាបាលសិស្សបានមួយចំណែកផងដែរ ។
ការលើកបញ្ហាមកបរិយាយនៅវេលានេះមិនមែននាងខ្ញុំមិនទុកចិត្ត ឬក៏មិនចាត់ទុក ថា សមត្ថកិច្ចមិនពង្រឹងសន្តិសុខក្នុងសង្គមនោះទេ ពោលគឺសមត្ថកិច្ចក៏បានខិតខំប្រឹង ប្រែងជួយកិច្ចការនេះច្រើនផងដែរ។ ក៏ប៉ុន្តែពេលខ្លះវានៅមានចន្លោះប្រហោង ឬឆកល្វែងក៏ថាបាន ហើយប្រសិនបើមានបុគ្គលណាហ៊ានរិះគន់រដ្ឋអំណាច ឬមន្ត្រីថ្នាក់ណា មួយគឺសមត្ថកិច្ចនឹងចាត់វិធានការភ្លាមៗដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធ ភាពទៀតផង។ តែបើសកម្មភាពឧក្រិដ្ឋជនចាប់ក្មេងក្មាង សិស្សានុសិស្សហាក់ដូចជា មិនសូវស្ទុះស្ទាប៉ុន្មានឡើយ ៕ ប្រជាពលរដ្ឋម្នាក់