ព័ត៌មានទាន់ហេតុការណ៍៖

ឃើញសមត្ថកិច្ចជិះម៉ូតូល្បាតតាមផ្លូវ រត់ចូលបន្ទប់ទឹកបោះថ្នាំញៀនក្នុងចានបង្គន់បំបិទដាន

ចែករំលែក៖

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនគរបាលផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈដែលគេកំពុងតែអង្គុយតាមផ្លូវហើយ ពេលឃើញកម្លាំងសមត្ថកិច្ចជិះល្បាត បុរសនេះភ័យ រត់ចូលបន្ទប់ទឹក ហើយបោះថ្នាំញៀនចូលក្នុងចានបង្គន់ដើម្បីបំបិទដាន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ចំណុចផ្លូវលំ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្តកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ ស្រី ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំឲ្យកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន។ លុះជិះមកដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យកំពុងអង្គុយចោងហោងទំនងរង់ចាំម៉ូយមកទិញថ្នាំញៀន ហើយ លុះពេលកម្លាំងនគរបាល ជិះម៉ូតូជិតដល់ ស្រាប់តែជនសង្ស័យ ងើបរត់ចូលផ្ទះប្រជាពលរដ្ឋក្បែរនោះ សម្ងំក្នុងបន្ទប់ទឹក។ ភ្លាមនោះ សមត្ថកិច្ចមានការសង្ស័យហៅចេញពីបន្ទប់ទឹកដើម្បីឆែកឆេរស្រាប់តែរកឃើញថ្នាំញៀន និងថង់ជាច្រើននៅក្នុងចានបង្គន់ ហើយសមត្ថកិច្ចក៏បានរើសយកមកពិនិត្យពេលដឹងថាថ្នាំញៀនរលាយក្នុងទឹកបង្គន់អស់ សល់ប្រហែល១ថង់កញ្ចប់តូចយកមកលាងទុកជាភស្តុតាង។

ក្រោយមកកម្លាំងនគរបាលបានឃាត់ខ្លួនបុរសនេះ និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ថង់តូច និងថង់ច្រកថ្នាំញៀនជាច្រើនកញ្ចប់ ព្រមទាំងម៉ូតូ១គ្រឿងម៉ាក ហុងដា អ៊េរប្ល៊ែក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-1181យកទៅសាកសួរ និងកសាងសំណុំរឿងតាមច្បាប់នៅអធិការដ្ឋាននគរនបាលខណ្ឌពោធិ៍សែនជ័យ៕ ប្រាថ្នា


ចែករំលែក៖