ភ្នំពេញ៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាទូកក្ដោងកម្ពុជាបាន ប្រកាសជាផ្លូវការថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានចូលសមាជិក របស់សហព័ន្ធកីឡាទូកក្តោងពីភពលោក និង អាស៊ីជាផ្លូវការហើយ។ការប្រកាស់ព័ត៌មាននេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៧ នៅទីស្នាក់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។
លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា មានប្រសាសន៍ថាសហព័ន្ធ បានបង្កើតឡើងនៅថ្ងៃទី១៧សីហាឆ្នាំ២០១៥ ទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីសហព័ន្ធបានធ្វើសកម្មភាពជាច្រើន ពាក់ព័ន្ធនិងវិស័យកីឡាទូកក្តោង។លោកអគ្គលេខាធិការ បានលើកឡើងថា កីឡាទូកក្តោងគឺជាប្រភេទកីឡាអូឡាំពិកដែលកន្លងមកកម្ពុជាពុំធ្លាប់បានបញ្ជូនទៅប្រកួតនៅក្រៅប្រទេសនោះទេ ប៉ុន្តែពីពេលនេះតទៅ កម្ពុជានិងមានកីឡាករ ចេញទៅប្រកួតនៅលើឆាកអន្តរជាតិ តំណាងឲ្យកម្ពុជា ដោយស្មើមុខស្មើមាតដូចបណ្តាប្រទេសផ្សេងទៀតដែរ ។
លោកបានបញ្ជាក់បន្ថែមថាប្រភេទកីឡានេះទាមទារនូវធនធានមនុស្ស ថវិកា ទីកន្លែងហ្វឹកហាត់មានស្ដង់ដា ពិសេសឆ្នេរសមុទ្រ ដែលមានខ្យល់ត្រឹមត្រូវ ។សហព័ន្ធអាចដំណើរការទៅបានដោយឆាបរហ័ស ក្រោមការដឹកនាំដោយត្រឹមត្រូវ របស់លោកថាង ហ្គោដុនជនជាតិសិង្ហបុរីសញ្ជាតិកម្ពុជា ជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជាផងដែរ ។
លោកថោង រដ្ឋសក្តិអនុប្រធានសហព័ន្ធកីឡាបានឲ្យដឹងថា បច្ចុប្បន្នសហព័ន្ធមានកីឡាករឆ្នើម៣នាក់ បានចេញទៅហ្វឹកហាត់នៅប្រទេសសិង្ហបុរី ប្រទេសចិន និង ប្រទេសថៃ ហើយពួកគេធ្លាប់បានចេញទៅប្រកួតនៅប្រទេសថៃ និង ប្រកួតក្នុងព្រឹត្តិការណ៍2017 RS:One World Championships និង Viet Nam Sailing Open 2017 ដោយទទួលបានលទ្ធផលល្អប្រសើរ ។ លោកអនុប្រធានសហព័ន្ធរូបនេះបន្តថាចំពោះឧបករណ៍សម្រាប់ហ្វឹកហាត់កីឡាទូកក្កតោង មានគ្រប់គ្រាន់តែសហព័ន្ធជួបការលំបាក កន្លែងហ្វឹកហាត់ ដោយឡែកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ឆ្នាំនេះនៅប្រទេសម៉ាឡេស៊ីសហព័ន្ធបញ្ជូនកីឡាករ ៣នាក់ទៅចូលរួមប្រកួតជាលើកដំបូង វិញ្ញាសា Windsurfing RS:Oneនិង វិញ្ញាសា Laser Radial ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាទូកក្ដោងកម្ពុជាមានកីឡាករល្អ១០នាក់ ក្នុងនោះ៣នាក់ ជាកីឡាករជម្រើសជាតិគឺកីឡាករសូត្រ មេសា និង កីឡាករហៀង ស៊ុនហេងអ្នកទាំង២មានអាយុចន្លោះពី១៥ឆ្នាំលេងវិញ្ញាសាWindsurfing RS:Oneនិងវិញ្ញាសាជិះទូកក្តោង LaserRadial គឺកីឡាករឌុច ប៊ុនធឿនជានាវិកប្រចាំមូលដ្ឋានកងទ័ពជើងទឹករាមអាយុ៣៣ឆ្នាំ៕ សារីម