ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឲ្យដឹងថា ខេត្តស្ទឹងត្រែង និងខេត្តក្រចេះស្ថានភាពទឹកជំនន់អាចនឹងឈាន ដល់កម្រិតប្រកាសអាសន្ននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ ឬថ្ងៃខានស្អែក ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេក្នុងខេត្តទាំង២នេះមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។
បើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកបានអះអាងថា កត្តា ដែលធ្វើឲ្យខេត្តស្ទឹងត្រែង និងខេត្តក្រចេះ អាចនឹងឈានដល់ការប្រកាសអាសន្ន ដោយសារតែបញ្ហាចំនួន២គឺទី១-បញ្ហាទឹក ភ្លៀង និងទី២-បញ្ហាទឹកទន្លេមេគង្គមាន សភាពឡើងខ្លាំង ។
លោក ចាន់ យុត្ថា បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តទាំង២ខាងលើនេះមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះ បញ្ហានេះ ខណៈដែលលោកលឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះ ។
សម្រាប់ខេត្តកំពង់ធំវិញត្រូវបានអ្នកនាំពាក្យរូបនេះអះអាងថា សូមឲ្យមានការប្រុង ប្រយ័ត្នផងដែរនៅពេលទឹកស្ទឹងសែនមានការកើនឡើងជាបន្តបន្ទាប់ដោយភ្លៀង ធ្លាក់មកនោះ ។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងធនធានទឹកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅតំបន់ទំនាបកណ្ដាលមានរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កំពង់ ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង ខេត្តកំពង់ធំដែលខ្យល់កន្ដ្រាក់មានល្បឿន ពី១២-១៤ម៉ែត្រក្នុងមួយវិនាទី។ តំបន់ខ្ពង់ រាបដូចជា ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យខ្យល់កន្ដ្រាក់មាន ល្បឿនពី៨-១០ម៉ែត្រក្នុងមួយវិនាទី។ តំបន់ មាត់សមុទ្រ ជាពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកម្ពស់ ១,៥០-២.៥០ម៉ែត្រ។ តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ ។
ហេតុដូច្នេះហើយចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០១៧ សូមបងប្អូនប្រជា នេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ដោយ ឡែកប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ មេគង្គលើ ទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាបសូមបង្កើនការយកចិត្តទុកដាក់ចំពោះស្ថាន ភាពទឹកជំនន់ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ជាមួយគ្នានេះដែរភ្លៀងធ្លាក់ក្នុងរយៈ ពេលប៉ុន្មានថ្ងៃមកនេះបានធ្វើឲ្យខេត្តនៅតាមព្រំដែនគឺខេត្តព្រះវិហារ និងខេត្តឧត្តរ មានជ័យឈានដល់កម្រិតប្រកាសអាសន្នសម្រាប់កម្ពស់ទឹកស្ទឹងសែនដែលធ្វើឲ្យ មានការជន់លិចផ្ទះប្រជាពលរដ្ឋ ខណៈ អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធបានត្រៀមជួយធ្វើអន្តរាគមន៍ផងដែរ ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួង ធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ប្រឈមនឹងបញ្ហានេះលោករដ្ឋមន្រ្តី លឹម គានហោ បាននិងកំពុងបញ្ជូនគ្រឿងចក្រ ធុនធំ និងមន្រ្តីជំនាញចុះទៅត្រៀមជួយធ្វើ អន្តរាគមន៍ថ្នាក់ខេត្តទាំង២នេះហើយដែលមានមន្រ្តីអាជ្ញាធរ និងមន្រ្តីជំនាញនៅ ទីនោះស្រាប់ ។
លោកបានបន្តថា នៅខេត្តព្រះវិហារវិញ មានទំនប់អូរស្វាយមួយ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្តដែលមិនមានទឹកលិចនិងហូរ កាត់រយៈពេល៨ឆ្នាំមកនោះស្រាប់តែនៅពេលនេះដោយសារភ្លៀងធ្លាក់៣-៤ថ្ងៃជាប់ គ្នាតាមជួរភ្នំដងរែកបានធ្វើឲ្យទឹកជន់លិចតែម្តង។ ដោយឡែកស្ថានភាពជំនន់ទឹកភ្លៀងដែលបានលិចនិងហូរកាត់ផ្លូវជាតិលេខ៤កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា នៅ ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុនោះ ត្រូវបានអ្នកនាំពាក្យប្រាប់បន្ថែមថា បានស្រកហើយមិនមានបញ្ហាអ្វីកើតឡើងទៀត ទេ ប៉ុន្តែបញ្ហានេះក៏ត្រូវតាមដានជាបន្ត បន្ទាប់ផងដែរខណៈភ្លៀងនៅតែបន្តធ្លាក់។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ កម្ពស់ទឹកស្ទឹងសែន នៅក្រុងព្រះវិហារបាន កើនឡើងជាបន្តបន្ទាប់រហូតមានកម្ពស់ ដល់១២,១៦ម៉ែត្រលើសពីកម្រិតប្រកាស អាសន្នដែលមានកម្ពស់១១,៥០ម៉ែត្រ។
ប្រឈមនឹងគ្រោះធម្មជាតិមួយនេះ អភិបាលខេត្តព្រះវិហារលោក អ៊ុន ចាន់ដា បានប្រាប់ទៅអភិបាលស្រុកក្រុងទាំង៨ត្រូវ ចុះពិនិត្យ និងកំណត់ទីតាំងទួលសុវត្ថិភាពជាបន្ទាន់ ព្រមទាំងមានវិធានការជាក់ស្តែងដើម្បីជម្លៀសបងប្អូនប្រជាពលរដ្ឋកុំឲ្យ មានគ្រោះថ្នាក់ដោយប្រការណាមួយ និងផ្តល់របាយការណ៍មកឲ្យរដ្ឋបាលសាលាខេត្តជារៀងរាល់ថ្ងៃចាប់ពីថ្ងៃនេះតទៅ។ យោងតាមលិខិតប្រាប់ទៅអភិបាលស្រុក ក្រុងទាំង៨ លោក អ៊ុន ចាន់ដា បានណែនាំ កត្តា៣សំខាន់ៗរួមមាន ទី១-ចំនួនទីតាំង ទួលសុវត្ថិភាពដែលបានត្រៀម និងទីទួលបានជម្លៀសប្រជាពលរដ្ឋចូល, ទី២-ចំនួនគ្រួសារដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព និងទី៣-ចំនួនផលប៉ះពាល់និង រងការខូចខាតពីការលិចលង់ ។
រដ្ឋបាលខេត្តព្រះវិហារកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក៏បានចេញសេចក្តី ប្រកាសព័ត៌មានប្រាប់ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសអ្នករស់នៅតាម បណ្តោយដងស្ទឹងសែនមេត្តាប្រុងប្រយ័ត្ន ខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិតចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើត ឡើង។ រដ្ឋបាលសាលាខេត្តក៏អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលជួបគ្រោះធម្មជាតិមួយនេះ សូមរាយការណ៍ជូនអាជ្ញាធរតាំងពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្តដើម្បី មានវិធានការជួយសង្គ្រោះទាន់ពេលវេលា។
បន្ថែមពីលើសេចក្តីប្រកាសរបស់ខ្លួនកាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៧ លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលលំនៅឋានរងការលិចលង់ដោយទឹកជំនន់ប្រុងប្រយ័ត្ន ចំពោះកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេស ផ្តាសប្រយត្ន័មានគ្រោះថ្នាក់ហើយអាជ្ញាធរខេត្តបានត្រៀមកាណូត៤គ្រឿង ព្រមទាំង ស្បៀងអាហារមួយចំនួនសម្រាប់សង្គ្រោះ ប្រជាពលរដ្ឋ ។
ក្រសួងធនធានទឹក និងឧតុនិយមបាន ជូនដំណឹងបន្ថែមពីស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ដោយសារឥទ្ធិពលព្យុះទី៨ឈ្មោះ សុនកា ដែលធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង ហើយស្ថានភាពទឹក ជំនន់នឹងហក់ឡើងខ្ពស់ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ។
ជាមួយគ្នានេះគណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយនៃរដ្ឋបាលខេត្តកំពត បានជូនដំណឹងដល់ប្រជាពលរដ្ឋអំពីស្ថាន ភាពជំនន់ទឹកភ្លៀងដោយប្រកាសថា ទឹកបានឡើងដល់កំរិតប្រកាសអាសន្នហើយនៅស្រុកទឹកឈូ ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតបានឲ្យដឹងថា ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេល ប៉ុន្មានថ្ងៃនៅទូទាំងខេត្តកំពតបានបង្កឲ្យ ភូមិមួយចំនួនដែលស្ថិតនៅឃុំម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ និងឃុំកំពង់ក្រែង ស្រុកទឹកឈូ រួមនឹងក្រុងស្រុកមួយចំនួនទៀតបានរង ផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតបញ្ជាក់ថា តាមរយៈប្រព័ន្ធវាស់វែងកម្ពស់ទឹកជំនន់ដែលបានដាក់នៅភូមិអណ្តូងជឺម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹក ឈូបង្ហាញថា ស្ថានភាពទឹកបានឡើងដល់កម្រិតប្រកាសអាសន្ន ។
តាមរយៈការជូនដំណឹងបែបនេះគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពតបានអំពាននាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបាន ខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗដែលអាច កើតមានឡើងជាយថាហេតុ ពិសេសសូមប្រុងប្រយ័ត្នចំពោះក្មេងៗតូចៗកុំឲ្យលេងទឹកនិងត្រៀមរៀបចំសម្ភារចាំបាច់មួយចំនួនដូចជា មធ្យោបាយធ្វើដំណើរ ស្បៀងអាហារ សត្វពាហនៈជាដើម ។
ដោយឡែកក្រសួងធនធានទឹក និងឧតុ និយមបានប្រកាសឲ្យដឹងដែរថា ទឹកអាង តាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង បានហក់ឡើងលើសកម្រិតប្រកាសឲ្យ ប្រុងប្រយ័ត្នហើយនិងកំពុងជន់ហូរកាត់ពីលើស្ពាន ។
តាមរូបភាពដែលក្រសួងធនធានទឹក និងឧតុនិយមបង្ហោះលើទំព័រហ្វេសប៊ុក បង្ហាញឲ្យឃើញពីតួស្ពានឆ្លងកាត់អាង តាម៉ុកទាំងមូលត្រូវជន់លិចដោយសារទឹកស្ទឹងឡើងខ្ពស់និងហូរកាត់ក្នុងល្បឿងលឿន ហើយចរាចរណ៍ឆ្លងកាត់ស្ពាននេះក៏ត្រូវ បញ្ឈប់ទាំងស្រុង ។
តាមរបាយការណ៍ពីមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យបានបញ្ជាក់ថា គិតត្រឹម ម៉ោង១រសៀលថ្ងៃទី២៦ ខែកក្កដា ទឹកក្នុង អាងមានកម្ពស់៣,៤០ម៉ែត្រ ខណៈកម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នតែ២,៩០ ម៉ែត្រប៉ុណ្ណោះ ហើយមកដល់ពេលនេះ គ្រឿងចក្ររបស់មន្ទីរធនធានទឹកជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅដល់ទីតាំងនោះហើយ និងកំពុងធ្វើអន្តរាគមន៍ដើម្បីកាត់ បន្ថយផលប៉ះពាល់ ។
ក្រៅពីស្ពានឆ្លងកាត់អាងតាម៉ុកក្នុងស្រុកអន្លង់វែងដែលត្រូវរងផលប៉ះពាល់ដោយ ជំនន់ទឹកភ្លៀងនោះគឺជំនន់ទឹកភ្លៀងក៏បាននិងកំពុងវាយប្រហារមកលើឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ផងដែរ ៕ ហេង សូរិយា