ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបារាំងរួចហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ ២០១៧ ដដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយ លោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក Horinouchi Hidehisa បានជំរាបជូន សម្តេចតេជោ ហ៊ុន សែន អំពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខ ដែលក្នុងនោះរួមមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រ ហើយក៏នឹងពិភាក្សាទៅលើការតភ្ជាប់ ការអភិវឌ្ឍវិស័យធនធានមនុស្ស ការសម្រួលចរាចរណ៍នៅទីក្រុងភ្នំពេញ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន និង ការពិភាក្សាអំពីការរៀបចំអោយមានអគ្គកុងស៊ុលជប៉ុននៅខេត្តសៀមរាប។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ គឺចំពេលខួប២៥ឆ្នាំ របស់ជប៉ុនដែលបញ្ជូនក្រុមរក្សាសន្តិភាពមកកាន់កម្ពុជា ហើយក៏ត្រូវនឹងខួប៦០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីជប៉ុនលើកទី១ មកកាន់ប្រទេសកម្ពុជា កាលពីក្នុងឆ្នាំ១៩៥៧។ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមសិក្ខាសាលាដែលមានការចូលរួមពីអ្នកវិនិយោគទុនជប៉ុនជាច្រើននាក់ផងដែរ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍ចំពោះកម្មវិធី ដែលបានដាក់ចេញទាំងនេះ ហើយសម្តេចតេជោ បានស្នើអោយភាគីជប៉ុន មានការសម្របសម្រួលបន្ថែមទៀតនៅក្នុង កម្មវិធីនេះ ក្នុងករណីមានការផ្លាស់ប្តូរ។ ជាការបញ្ជាក់នូវការស្វាគមន៍ លោកឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាបានជំរាបជូនសម្តេចតេជោថា នាយករដ្ឋមន្ត្រីជប៉ុន រួមនិងមន្រ្តីជាន់ខ្ពស់ និងប្រជាជនជប៉ុន នឹងរង់ចាំទទួលស្វាគមន៍ សម្តេចតេជោ ដោយកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសជប៉ុនខាងមុខនេះ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖