ភ្នំពេញ៖ ក្រោយពីសមាជិកប្រតិបត្តិ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រជុំសម្រេចកែលម្អឡើងវិញ នូវគេហទំព័រថ្មី គឺ nocc.org.kh នោះក្នុងគោលបំណងផ្តល់ជំនឿចិត្ត ដល់មហាជន ក្នុងការរាយការណ៍ ព័ត៌មានកីឡា ពិសេសព័ត៌មានដែលពាក់ព័ន្ធព្រឹត្តិការណ៍កីឡា នៅក្រៅប្រទេស ដូចជា អាស៊ានហ្គេម អាស៊ីហ្គេម និងអូឡាំពិកហ្គេមជាដើម។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា គេហទំព័រថ្មីនេះ គឺជាផ្នែកមួយក្នុងការផ្សព្វផ្សាយរាល់ដំណឹងកីឡា ក្រោយពីសមាជិកប្រតិបត្តិ NOCC បានអនុម័តបង្កើត និងដំណើរការផ្សាយ ដើម្បីផ្តល់ព័ត៌មានកីឡាពិតដល់មហាជនអាចជឿទុកចិត្តបាន ។ ដូច្នេះអូឡាំពិកបាន រៀបចំកម្មវិធីផ្សងសំណាងមួយ សម្រាប់អ្នកស្នេហាវិស័យកីឡានៅកម្ពុជា៦នាក់ទៅទស្សនាការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី រយៈពេល ៣ថ្ងៃ បន្ទាប់ពីពួកគាត់បានចុះឈ្មោះ ចូលជាសមាជិកគេហទំព័រថ្មីរបស់អូឡាំពិកកម្ពុជា។ អគ្គលេខាធិកាNOCC ក៏បានអំពាវនាវ ដល់ពលរដ្ឋទូទៅមកចុះឈ្មោះចូលជាសមាជិកគេហទំព័រថ្មីរបស់ខ្លួនដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន គ្រប់កម្មវិធីកីឡារបស់អូឡាំពិកកម្ពុជា។
លោកអគ្គលខាធិការបានមានប្រសាសន៍ថា៖ “ការចាប់ឆ្នោតលើដំបូងនេះ អូឡាំពិករកឃើញអ្នកឈ្នះរង្វាន់២នាក់ក្នុងចំណោមមហាជនដែលជាសមាជិករបស់ អូឡាំពិកកម្ពុជាតាមរយៈការចុះឈ្មោះនៅតាមគេហទំព័រថ្មី (nocc.org.kh) របស់ NOCC” ។ អ្នកដែលឈ្នះសំបុត្រទាំងពីរមានលេខសម្គាល់ ឬ TICKET ID: PXEP2DU70U2H91 និងម្នាក់ទៀតមានលេខសម្គាល់TICKET ID៖ ROXEW87MFM8RMX ។
លោកវ៉ាត់ ចំរើន បានបន្តថា សមាជិកដែលឈ្នះរង្វាន់ទាំងពីរខាងលើ នឹងរីករាយជាមួយការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ និងការប្រកួតកីឡាដែលពួកគេចង់ទស្សនាក៏ដូចជាការស្នាក់នៅ ៣ថ្ងៃ ២យប់រាល់ករចំណាយ ជាបន្ទុក របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ដោយឡែកការចាប់ឆ្នោតផ្សេងសំណាងលើកទី២ធ្វើនៅថ្ងៃទី២ ខែសីហានេះ ដើម្បីចូលរួមការផ្សងសំណាង លោកអ្នកគ្រាន់តែចុះឈ្មោះជាសមាជិក NOCC Club តាមរយៈគេហទំព័រ www.nocc.org.kh/register ខណៈដែលគេហទំព័រនេះត្រូវបានបង្កើតឡើងសម្រាប់ផ្ដល់ព័ត៌មានជុំវិញព្រឹត្តិការណ៍កីឡានានាទាំងថ្នាក់ជាតិ និងអន្ដរជាតិឲ្យដល់ដៃប្រជាពលរដ្ឋខ្មែរក្នុងសម័យទំនើបកម្មនេះ ។ មិនត្រឹមតែប៉ុណ្ណោះ NOCC បាគ្រោងបង្កើត App (Application) ផ្ដល់ព័ត៌មានតាមរយៈស្មាតហ្វូនផងដែរ៕ សារីម