ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីណូ ចំអកឲ្យម៉ៃ សុគន្ធ ថារិះគន់សិល្បៈគ្នាឯងដើម្បីល្បីឈ្មោះ

ចែករំលែក៖

សង្គ្រាមជាពាក្យសម្តីរវាង តារាចម្រៀង ម៉ៃ សុគន្ធ និង តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ បានផ្ទុះឡើយក្រោយ ម៉ៃ សុគន្ធ ចេញមុខរិះគន់បទចម្រៀងមួយបទរបស់ អ៊ីណូ។ អ៊ីណូថា ការរិះគន់អ្នកសិល្បៈគ្នាឯងជាហូរហែររបស់ ម៉ៃ សុគន្ធ ព្រោះតែចង់ល្បីល្បាញខ្លួនឯងប៉ុណ្ណោះ។

ជម្លោះជាពាក្យសម្តីផ្លែផ្ការវាង ម៉ៃ សុគន្ធ និង អ៊ីណូ បានកើតមានឡើងក្រោយពី ម៉ៃ សុគន្ធយកបទចម្រៀងចម្លងពីថៃមួយបទគឺបទ”ស្រលាញ់ស្រីសក់ក្រញ៉ាញ់” ដែលច្រៀងដោយតារាចម្រៀងអ៊ីណូមកបាញជាពាក្យសម្តីចំៗ រហូតធ្វើឲ្យអ៊ីណូ ទ្រាំមិនបានក៏សម្រេចចិត្តតបត។ តារាចម្រៀង អ៊ីណូ លើកឡើងថា ការរិះគន់របស់ តារារៀមច្បងម៉ៃ សុគន្ធ មិនស្ថិតក្នុងការស្ថាបនាទេ ហើយនេះក៏មិនមែនលើកទីមួយដែរដែលតារារៀមច្បងរូបនេះលេចចេញការរិះគន់អ្នកសិល្បៈជំនាន់ក្រោយដែលសូម្បីតែអ្នកច្រៀងបទចម្រៀងOriginal ។ លោកទទួលស្គាល់ថា បទចម្រៀង”ស្នេហ៍ស្រីសក់ក្រញ៉ាញ់” គឺពិតជាបទចម្រៀងពីថៃ ប៉ុន្តែវាជាបទចម្រៀងដែលលោកច្រៀងជាយូឆ្នាំមកហើយ គឺគ្រាដែលលោកចូលផលិតកម្មសាន់ដេដំបុងម្ល៉េះ ហើយលោកនៅមិនទាន់យល់ និងចេះនិពន្ធបទចម្រៀងថ្មីនោះដែរ។

លោកថារហូតមកដល់ពេលនេះលោកមានបទចម្រៀងថ្មី ជាច្រើនដែលមិនចម្លង ហេតុអីលោក ម៉ៃ សុគន្ធ មិនលើកយកមកវែកញែក ចាំបាច់ទៅគាស់កកាយអ្វីដែលចាស់ធ្វើអី។ លោកថា ការលើកឡើងរបស់ម៉ៃ សុគន្ធ គឺជាការចង់បង្ករឿងអ្នកសិល្បៈជំនាន់ក្រោយពីម្នាក់ទៅម្នាក់មិនចប់ព្រោះតែចង់ទាក់ទាញការចាប់អារម្មណ៍មកលើខ្លួន។

លោកថាទង្វើទាំងនេះមិនមិនមែនជាការរិះគន់ស្ថាបនាទេគឺជាការរិះគន់ជាន់ពន្លិច និងជាគំរូមិនល្អសម្រាប់សិល្បករជំនាក់ក្រោយ គឺគ្រាន់តែជាការបំផុសបំផុលឲ្យមានការភ័នច្រឡំនឹងគ្នា។ លោករំពឹងថា ទស្សនិកជន និងយោគយល់ចំពោះការលើកឡើងរបស់លោកនៅពេលនេះ ហើយលោកក៏មិនមានពេលច្រើនដូចលោកម៉ៃ សុគន្ធ ដែលចាំតែរិះគន់ និងបង្ករឿងនោះទេ៕ វឌ្ឍនា


ចែករំលែក៖