ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្ត យុទ្ធនាការលើកទី២ ដែលបានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល៦ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន។
ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១នេះ អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន បានបង្រ្កាបក្រុមមុខសញ្ញា ចែកចាយគ្រឿងញៀនជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់ នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។
សម្តេចក្រឡាហោម ស ខេង បានប្រកាសថា ថវិកាជិត១លានដុល្លារ គ្រោងចំណាយសម្រាប់លើកទឹកចិត្ត ដល់មន្ត្រីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១នេះ។
សម្តេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ការគ្រោងថវិកានេះ បានជំរុញ និងលើកទឹកចិត្តដល់សមត្ថកិច្ចមានស្នាដៃ បង្ក្រាបគ្រឿងញៀនបានជោគជ័យ»៕ តាឡឹម