ភ្នំពេញ៖សាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ បើកសវនាការរឿងក្ដីលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ពាក់ព័ន្ធបទល្មើស”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”។
មន្ត្រីសាលាឧទ្ធរណ៍ ថ្លែងថា សវនាការនេះដឹកនាំដោយលោក ប៉ុល សំអឿន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សំរិទ្ធ សុផល លោកស្រី ចាន់ ម៉ាឌីណា ជាសមាជិក និង លោក សរ យសថាវរៈ ជាតំណាងមហាអយ្យការ ។
ក្រុមអ្នកសារព័ត៌មានអនុញ្ញាតិឲ្យចូលរួមសវនាការ តែត្រូវរក្សាទុកទូរស័ព្ទ ឬ ឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅខាងក្រៅ ។
សវនាការសាលាឧទ្ធរណ៍នេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្តន្ទាទោសលោកស្រី ទេព វន្នី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ ៕ចេស្តា