ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសតែងតាំងលោកចេង មុនីរ៉ា ជាអភិបាលខណ្ឌច្បារអំពៅ ជំនួសលោកអ៊ាង ស៊ីផាន ត្រូវបានផ្ទេរភារកិច្ចមកបម្រើការងារនៅសាលារាជធានី

ចែករំលែក៖

ភ្នំពេញ៖ លោកចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ ត្រូវបានតែងតាំងជាអភិបាលខណ្ឌច្បារអំពៅជំនួសលោកអ៊ាង ស៊ីផាន ដែលបានផ្ទេរភារកិច្ច ឲ្យទៅបម្រើការងារ នៅសាលារាជធានីភ្នំពេញ ។ ពិធីនេះបានប្រព្រឹត្ដទៅ នៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៧ នៅសាលាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីក្រោមឱវាទសាលារាជធានី អភិបាលខណ្ឌទាំង១២ រួមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ មន្ដ្រីនៅថ្នាក់ខណ្ឌត្រូវដាក់ខ្លួន បម្រើសេវាសាធារណៈ ជូនប្រជា ពលរដ្ឋឲ្យបានល្អ និងស្មោះត្រង់ កុំយកអំណាចដែលខ្លួនទទួលបានទៅសម្លុតគំរាមកំហែង ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៏ខ្លួនឯងឲ្យ សោះ ។ ដូច្នេះអភិបាលខណ្ឌដែលទើបតែងតាំងថ្មីនាពេលនេះ ត្រូវចេះសហការជាមួយ មន្ដ្រីថ្នាក់ក្រោមឲ្យបានល្អ ទើបការងារទទួលបានជោគជ័យ ។ លោកបន្ដថា៖ ការផ្លាស់ប្ដូតំណែងនេះ គឺជារឿងធម្មតាទេ នេះក៏ដោយសារ មន្ត្រី​ចាស់ៗ​យើង ធ្វើការ​យូរ​ឆ្នាំ​ហើយ ក៏​ល្មម​ដល់ពេល​ចូល​និវត្ត​ដែរ ទុក​ឲ្យ​ក្មេងៗ​គេ​ធ្វើ​ម្តង​។ ​មន្ត្រី​ចាស់ៗ អាយុ​ក៏​ច្រើន ទ្រព្យសម្បត្តិ​ក៏​ច្រើន​ហើយ ដូច្នេះ​ត្រូវ​សម្រាក​ពី​ការងារ ដើម្បី​មាន​ពេល​ចាយលុយ ដែល​ខំ​រក​ជាច្រើន​ឆ្នាំ​មកហើយ ព្រោះថា លើ​លោក​នេះ អ្វីៗ​មិន​ទៀង ទាត់​ឡើយ​ ។ ​

សូមបញ្ជាក់ថា៖ លោកចេង មុនីរ៉ា មកពីអភិបាលរងខណ្ឌដង្កោ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក៏ដូចជាថ្នាក់លើមើលឃើញថា៖ ជាមន្ត្រីឆ្នើមមួយរូប មានទាំងចំណេះដឹងនិងចំណេះធ្វើ ហើយអ្វីដែលសំខាន់មួយបែបទៀតនោះ លោកចេង មុនីរ៉ា ជាមន្ត្រីដែល ប្រជាពលរដ្ឋ ភាគច្រើនចូលចិត្ដគោរពស្រឡាញ់ ដោយសារលោកឧស្សាហ៍ ចុះជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមិនគិត ថ្ងៃឬយប់ ។ ដោយមើលឃើញពីគុណសម្បត្តិដ៏ល្អបែបនេះ ហើយទើបរាជរដ្ឋាភិបាលបានមើលឃើញរហូតតែងតាំងជាអភិបាលខណ្ឌច្បារអំពៅនាពេលនេះ ។ យោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ កាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច មាត្រា១ ផ្ទេរភារកិច្ចលោកអ៊ាង ស៊ីផាន ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ឲ្យមកបម្រើការងារនៅសាលារាជធានីភ្នំពេញ ។ មាត្រា២ តែងតាំងលោក ចេង មុនីរ៉ា ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ សំរិត


ចែករំលែក៖