ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តប៉ៃលិនជាខេត្តសំបូរដោយរ៉ែត្បូងបច្ចុប្បន្នតម្លៃត្បូងឡើងថ្លៃ ដោយសាររ៉ែត្បូងកាន់តែក្រខ្សត់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ខេត្តប៉ៃលិនជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃស្ថិតនៅទិសពាយព្យនៃប្រទេសកម្ពុជា ក្នុងតំបន់ខ្ពង់រាប ខេត្តមួយនេះ ត្រូវបានគេចាត់ទុកថា ជាខេត្តដែលសំបូរដោយធនធានរ៉ែធម្មជាតិច្រើនប្រភេទ ជាពិសេសជាងនេះ គេតែងនិយមហៅខេត្តប៉ៃលិន ជាខេត្តត្បូងពេជ្រនៃប្រទេសកម្ពុជា ។

ដោយខេត្តប៉ៃលិនមានភាពល្បីល្បាញសំបូរដោយរ៉ែត្បូង ប៉ុន្តែក្នុងរយៈពេល៤ទៅ៥ឆ្នាំចុងក្រោយនេះ ខេត្តប៉ៃលិនត្រូវគេនិយាយថា ការធ្វើជំនួញ និងការប្រកបមុខរបរអាជីវកម្មត្បូងសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន មានការថយចុះ។ ដោយសារតែរ៉ែត្បូងកាន់តែក្រខ្សត់ទៅៗ មិនសំបូរដូចពីមុននោះឡើយ។

ប្រជាពលរដ្ឋប្រកបមុខរបររែង និងជីករុករករ៉ែត្បូងមួយចំនួនធំ បានបោះបង់ចោលដោយផ្លាស់ប្តូរទៅរកការប្រកបមុខរបរធ្វើស្រែចំការនោះវិញ បច្ចុប្បន្នគេមើលឃើញថា មានប្រជាពលរដ្ឋ និងក្រុមហ៊ុនមួយចំនួនតូច ដែលបានកំពុងធ្វើសកម្មភាពធ្វើអាជីកម្មរ៉ែត្បូងនៅខេត្តប៉ៃលិន។ បញ្ហានោះហើយ នាំឱ្យតម្លៃទីផ្សារត្បូងនៅខេត្តប៉ៃលិនមានតម្លៃខ្ពស់នាពេលបច្ចុប្បន្ននេះ។

ត្បូងប៉ៃលិនត្រូវបានអ្នកជំនាញរកស៊ីត្បូងចាត់ចំណាត់ថ្នាក់ជាត្បូងល្អជាងគេនៅក្នុងចំណោមត្បូងនានានៅតាមបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជា។ ត្បូងប៉ៃលិនមានពីរប្រភេទ គឺត្បូងទទឹម (ពណ៌ក្រហម) និងត្បូងកន្តៀង (ពណ៌ខៀវ) ដែលមានគុណភាពទទួលស្គាល់នៅលើពីភពលោកផងដែរ។

ប្រជាពលរដ្ឋដែលរែងរកត្បូងនៅក្នុងស្ទឹងប៉ៃលិនបានប្រាប់ឱ្យដឹងថា ឥឡូវនេះត្បូងមិនសំបូរដូចពីមុននោះទេ។ ការរែងត្បូងរបស់ពួកគាត់បានចំនួនតិចតួច ហើយមានតែត្បូងតូចៗប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែទំនេរពីការងារធ្វើស្រែចំការ ពួកគាត់ក៏នាំគ្នាមករែងត្បូង តាមដងស្ទឹងខេត្តប៉ៃលិន និងនៅតាមរណ្តៅដែលបន្សល់ទុកពីការជីករុករ៉ែត្បូងរបស់ក្រុមហ៊ុនថៃ ដែលចូលមកយករ៉ែត្បូងក្នុងតំណាក់កាលប្រទេសមានសង្រ្គាម។

កុងសែ ទិញត្បូង និងអ្នកលក់ត្បូងវិញបានប្រាប់ឱ្យដឹងដែរថា៖ តម្លៃត្បូងខេត្តប៉ៃលិនមានហាងឆេងខ្ពស់ ដោយសារត្បូងនៅខេត្តប៉ៃលិនកាន់តែក្រខ្សត់ភាគច្រើនពួកគាត់ទិញបានពីអ្នករែងត្បូងតែគ្រាប់តូចៗ ហើយគ្រាប់ធំៗបើមានភ្ញៀវកុម្មង់ទិញ គឺគាត់ទៅយកពីថៃមកវិញ ពីព្រោះថៃបានទិញ និងចូលមកជីករុករកត្បូងពីប៉ៃលិនបានច្រើនកាលពីសម័យមុនសង្រ្គាម និងក្រោយសង្រ្គាម។

ពួកគាត់បានបន្តថា៖ត្បូងសព្វថ្ងៃនេះ ពួកគាត់លក់ដាច់គួរសម គឺភាគច្រើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្តខេត្តប៉ៃលិននាំគ្នាទិញទុកធ្វើគ្រឿងអលង្ការ។ ពួកគាត់អះអាងថា ត្បូងដែលលក់នៅខេត្តប៉ៃលិនជាត្បូងធម្មជាតិពិតប្រាកដ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុខ សួន អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិនប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ឱ្យដឹងថា ខេត្តប៉ៃលិន ការធ្វើអាជីវកម្មរ៉ែត្បូងមានការធ្លាក់ចុះ មានប្រជាពលរដ្ឋមួយចំនួនតូចនាំគ្នាប្រកបមុខរបរ និងមានក្រុមហ៊ុនមួយប៉ុណ្ណោះ កំពុងធ្វើអាជីវកម្មជីករុករ៉ែត្បូង ដោយស្របច្បាប់។ ចំណែកអាជីវកម្មរ៉ែត្បូងតាមរូបភាពខុសច្បាប់ត្រូវបានបញ្ឈប់អស់ហើយ។

លោកថា ការជីករុករ៉ែត្បូងនៅខេត្តប៉ៃលិនមិនសូវមាននោះទេ រ៉ែត្បូងខេត្តប៉ៃលិនត្រូវបានរងការជីករុករកស្ទើរអស់ទៅហើយ នៅក្នុងដំណាក់កាលក្រុមហ៊ុនថៃចូលមកធ្វើអាជីវកម្ម នៅក្នុងតំណាក់កាលប្រទេសធ្លាក់ក្នុងសង្រ្គាម គ្រប់គ្រងដោយអតីតខ្មែរក្រហម និងតំណាក់កាលប្រទេសទទួលបានសុខសន្តិភាពក្រោយសមាហរណកម្មនៅចន្លោះឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០៣។

សូមបញ្ជាក់ថា រ៉ែត្បូងដែលនៅសេសសល់គេចផុតពីការជីករុករកពីក្រុមអនាធិបតេយ្យ គឺមាននៅសល់តំបន់ភ្នំយ៉ាត ។

លោកបញ្ជាក់ឱ្យដឹងទៀតថា ត្បូងខេត្តប៉ៃលិន ត្បូងទន្ទឹម និងត្បូងកណ្តៀង បច្ចុប្បន្ននេះត្រូវបានកុងសែ កុម៉ង់ទិញពីខេត្តច័ន្ទ បុរី ប្រទេសថៃនោះមកវិញ ដោយសារតែត្បូងទាំងនោះគេរក្សាទុក នៅពេលក្រុមហ៊ុនថៃចូលមកជីករុករកត្បូងនៅខេត្តប៉ៃលិន កាលពីប្រទេសកម្ពុជាធ្លាក់ក្នុងសង្រ្គាម និង ក្រោយសមារណកម្ម ។

សូមបញ្ជាក់ថា រ៉ែត្បូងនៅខេត្តប៉ៃលិន ដែលនៅសេសសល់ និងមានការអភិរក្សគេចផុតពីការជីករុករកពីក្រុមអនាធិបតេយ្យ គឺមានភាគច្រើននៅក្នុងតំបន់ភ្នំយ៉ាត ដែលជាភ្នំស្ថិតនៅចំកណ្តាលទីក្រុងប៉ៃលិន ហើយភ្នំយ៉ាត កាលពីកន្លងទៅថ្មីៗនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចូលជាតំបន់អភរក្សសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ធម្មជាតិ ដើម្បីទុកបម្រើឱ្យវិស័យទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត ៕សំ វិច្ឆិកា


ចែករំលែក៖