ព័ត៌មានទាន់ហេតុការណ៍៖

ប្តីសុំបើកប្រពន្ធមិនព្រម រេចង្កូតរថយន្តបុកក្បាលនាគចែកទ្រូងផ្លូវបាក់មួយកង់នាំគ្នាគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញៈ រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបានបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបែកកង់ខាងស្តាំខាងមុខទៅលែងរួច សំណាងល្អមិនមានអ្នករងរបួស ហើយករណីនេះកើតឡើងដោយសារប្តី្តប្រពន្ធមួយគូ បានឈ្លោះប្រកែកគ្នានៅលើរថយន្តដោយប្តីចង់បើក ឯប្រពន្ធប្រកែកមិនឲ្យបើក ធ្វើឲ្យមានការប្រទាញប្រទង់គ្នានិងធ្វើឲ្យរេចង្កូតរថយន្តរហូតមានគ្រោះថ្នាក់បែបនេះ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខ ផ្ទះលក់សម្ភារៈសំណង់គ្រប់ប្រភេទ (យីហោ លី ដេគ័រ) ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។

សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-8060 បើកបរដោយស្ត្រីម្នាក់ រួមដំណើរជាមួយប្តីនិងកូនតូចម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេងទុង ទិសដៅពីត្បូងទៅជើងដែល ទើបចេញពីទទួលទានអាហារនៅហាងមួយកន្លែង។ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ប្តីប្រពន្ធមួយគូរនេះបានឈ្លោះប្រកែកគ្នាបន្តិចបន្តួចហើយពេលនោះប្តីបានសុំប្រពន្ធបើកបររថយន្ត តែប្រពន្ធប្រកែកមិនឲ្យបើក ក៏បានប្រទាញប្រទាញគ្នាលើរថយន្តធ្វើឲ្យរថយន្តរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រីឯរថយន្តបានជ្រុលឡើងទៅផ្លូវម្ខាងប្រមាណជា១០ម៉ែត្របែកកង់ស្តាំខាងមុខទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួស។ បន្ទាប់ពីកើតហេតុភ្លាម អ្នកជិះនៅក្នុងរថយន្តបានបើកទ្វារចេញហើយគេចខ្លួនបាត់ស្រមោលដោយ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបឆាលមូលដ្ឋានបានចុះទៅដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយពេលក្រោយ៕ ប្រាថ្នា


ចែករំលែក៖