តុលាការកំពូលប៉ាគីស្ថានកាលពីថ្ងៃទី២៨ ខែកក្កដា បានសម្រេចដកហូតតំណែងនាយករដ្ឋមន្ត្រី Nawaz Sharif ក្រោយការស្រាវជ្រាវពីបទពុករលួយ ទៅលើទ្រព្យសម្បត្តិរបស់គ្រួរសារលោក។ ជាមួយគ្នានេះ តុលាការបានស្នើឲ្យធ្វើការស្រាវជ្រាវព្រហ្មទណ្ឌទៅលើគ្រួសារនាយករដ្ឋមន្ត្រី ផងដែរ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា តុលាការជាន់ខ្ពស់ប៉ាគីស្ថាន បានចេញសេចក្តីសម្រេច ថា លោកNawaz Sharif មិនស័ក្តិសមកាន់តំណែង នាយករដ្ឋមន្ត្រី ក្រោយពេល គណៈកម្មាធិការស្រាវជ្រាវ ចោទប្រកាន់ទៅលើគ្រួរសាររបស់លោក មានទ្រព្យសម្បត្តិច្រើន តែមិនអាចបកស្រាយពីចំណូលច្បាស់លាស់។
ចៅក្រមEjaz Afzal Khan បានប្រកាសថា«លោកNawaz Sharif មិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបន្តតំណែងនាយករដ្ឋមន្ត្រីទៀតឡើយ» ។ ក្រៅពីនេះ តុលាការកំពូលប៉ាគីស្ថានក៏បាន ដកតំណែង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Ishaq Dar ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុត ជាមួយនាយករដ្ឋមន្ត្រី Nawaz Sharif ។
បន្ទាប់ពីដកតំណែង នាយករដ្ឋមន្ត្រី តុលាការកំពូល ប៉ាគិស្ថាន បានស្នើរដល់ គណកម្មធិការប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវ បន្ថែម ទៅលើ លោក Sharif ពាក់ព័ន្ធពុករលួយ។
សេចក្តីសម្រេច របស់តុលាការ ក្រោយពេលមានការស្រាវជ្រាវ ទៅលើឯកសារ Panama ដែលបានបែកធ្លាយ ដោយឃើញថា គ្រួរសារលោកNawaz Sharif ជាប់ពាន់ព័ន្ធនិងក្រុមហ៊ុន បរទេស ។ នៅក្នុងការស្រាវជ្រាវបង្ហាញឲ្យឃើញថា លោកNawaz Sharif មានផ្ទះវិឡា៤ខ្នង នៅក្នុងប្រទេសអង់គ្លេស ឈរឈ្មោះដោយកូន របស់លោកNawaz Sharif តែក្រុមអ្នកស្រាវជ្រាវអះអាងថា គឺជាទ្រព្យសម្បត្តិរបស់ លោកNawaz Sharif ។
ចាប់តាំងពីថ្ងៃទី១៧ ខែកក្កដា តុលាការកំពូលប៉ាគីស្ថាន បានចាប់ផ្តើមសួរនាំលោកNawaz Sharif ជុំវិញ ទ្រព្យសម្បត្តិយ៉ាងច្រើនរបស់លោក និងការគេចពន្ធ ជាដើម។
តាមការិយាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថាន នៅមុនពេលតុលាការដកហូតតំណែង នោះ នាយករដ្ឋមន្ត្រីNawaz Sharif បានសម្រេចលាលេងពីតំណែង ។ សកម្មភាពខាងលើ បានបង្ហាញឲ្យឃើញថា មកទលពេលនេះមិនទាន់មាននាយករដ្ឋមន្ត្រីប៉ាគិស្ថាន អាចកាន់តំណែងដល់បញ្ចប់អាណត្តិ៥ឆ្នាំនោះឡើយ៕ ម៉ែវ សាធី