ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយស្ទើរតែមិនជឿ ដែលបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បានជ្រុលបុកតាជិះកង់ពីក្រោយពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ មួយសន្ទុះក្រោយមកបានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងធ្វើដំណើរស្របទិសគ្នាពីកើតឆ្ពោះទៅទិសខាងលិច។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧០-១៧១ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋត្នោតជុំបានឲ្យដឹងថា ក្រោយកើតហេតុបន្តិចកម្លាំងរបស់លោកបានចុះទៅដល់កន្លែងកើតហេតុ ខណៈនោះឃើញជនរងរបួសអង្គុយនៅឡើយ ទើបតេទូរស័ព្ទហៅរថយន្តសង្រ្គោះស្រុកក្រគរដើម្បីជួយអន្តរាគម នៅពេលរថយន្តមកដល់រាបចំលើកឡើងស្រាប់តែប្រាស់ខ្លួនដេកក៍ដាច់ខ្យល់តែម្តង ភ្លាមៗនោះសាកសពពុំមានអ្នកស្គាល់អតសញ្ញាណនោះទេ ហើយបានទុកសាកសពចោលនៅទីនោះ ១យប់ទាល់ព្រឹក។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ នេះបន្តថា សាកសពជនរងគ្រោះត្រូវបានស្រាវជ្រាវរកឃើញអតសញ្ញាណហើយឈ្មោះ ស្រី ផេន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិបន្ទាយក្រោម ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (បានប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាត់រួចរាល់)។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា មុនកើតហេតុការណ៍បន្តិចគេឃើញជនរងគ្រោះជិះកង់នៅក្បែកន្លែងកើតហេតុ ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះក្រោយបន្តិចស្រាប់តែឃើញគាត់ជិះកង់ត្រឡប់មកទិសខាងលិចវិញ ខណៈនោះក៍ឮសំឡេងគ្រោះថ្នាក់ចរាចរណ៍កើតឡើងតែម្តង ទើបបង្កការភ្ញាក់ផ្អើលកើតឡើងដល់អ្នកភូមិតែម្តង ប៉ុន្តែខណៈនោះគេមិនដឹងប្រភេទរថយន្តអ្វីនោះទេ គ្រាន់តែដឹងថារថយន្តធ្វើដំណើរស្របទិសគ្នាពី(កើតឆ្ពោះទៅទិសខាងលិច)៕ ប៉ឹម ពិន