ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ សុខ សុវណ្ណ បាត់ឱកាសដណ្តើមយកថវិកា៤ពានដុល្លារនៅ TV5 NOCK OUT SERIES

ចែករំលែក៖

ភ្នំពេញ៖ កីឡាករជើងចាស់ សុខ វណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមកីឡា ប្រដាល់កងយោធពលខេមរភមិន្ទ បានបាត់បង់ឱកាសឡើងទៅប្រកួតដណ្តើម ពានរង្វាន់និងថវិកា៤ពានដុល្លារ ក្នុងដំណែងជើងឯក និងជើងឯករង ក្រោយពីរូបគេត្រូវកីឡាករវ័យក្មេង ពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ដោយពិន្ទុ ។

សុខ សុវណ្ណ ត្រូវបានប្រិយមិត្ត ដែលនិយមទស្សនា និងគាំទ្រ បានដាក់ក្តីរំពឹងខ្លាំងថា អាចឈ្នះដំណែងជើងឯក TV5 NOCK OUT SERIES ប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ដោយកីឡាកររូបនេះ មានបទពិសោធច្រើនក្នុងការប្រកួត ម្យ៉ាងវិញទៀត សុខ សុវណ្ណបានឆ្លងផុតវគ្គប្រកួតជម្រុះតាំងជុំទី១វគ្គ៣២នាក់ រហូតដល់ពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃសៅរ៍ទី២៩ខែកក្កដាឆ្នាំ២០១៧ កន្លងទៅ ។

សភាពថបថយកម្លាំង របស់កីឡាករជើងចាស់សុខ សុវណ្ណ គឺអំឡុងការប្រកួតជម្រុះវគ្គ៨នាក់ចុងក្រោយ ពោលក្រោយពីបានយកឈ្នះលើកីឡាករ ផៃ គឹមហឿត មកពីក្លិបគីសែមានរិទ្ធ អាជ្ញាធរជាតិអាវុធគីមីដោយពិន្ទុប្រផុយប្រផើយកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ។

ដោយឡែកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីកំណត់ឲ្យច្បាស់ សម្រាប់បេក្ខភាព ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកពានរង្វាន់ អមជាមួយថវិកាចំនួន៤ពានដុល្លារ ក្នុងតំណែងជើងឯកខណៈដែលជើងឯករងទទួលបាន ពានលេខ២ អមដោយថថវិកាចំនួន ២ពានដុល្លារ ។

កីឡាករ សុខ សុវណ្ណ ធ្វើមិនបានល្អសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារសុខ សុវណ្ណចាញ់ប្រៀប គូប្រកួតរបស់ខ្លួន ដោយកាយសម្បទាតូចជាងកីឡាករ ពុទ្ធ សំបូរ នាំឲ្យសុវណ្ណពិបាក់ក្នុងការវាយបកសងមកលើពុទ្ធ សំបូរវិញ។ ជំនួបនេះ កីឡាករ ពុទ្ធ សំបូរ បានប្រើស្នៀតកែង វាយឲ្យសុវណ្ណមានស្នាមបែក ចញ្ចើម ក្នុងទឹកទី២ ផងដែរ។ នៅក្នុងការប្រកួត ដំណាក់កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះដែរ គឺជំនួបរវាងកីឡាករ មាស សុជាតិ មកពីក្លិបក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកីឡាករ ពុយ វណ្ណៈមកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ ដោយរបូតឆ្អឹងស្មានៅចុងទឹកទី១។ ដូច្នេះបេក្ខភាព សម្រាប់ឡើងទៅប្រកួតដណ្តើម យកតំណែងជើងឯក និងជើងឯករង គឺកីឡាករ ពុទ្ធ សំបូរ និងកីឡាករ ពុយ ចណ្ណៈ ដោយឡែកកីឡាករ សុខ សុវណ្ណ និងកីឡាករ មាស សុជាតិ ជាបេក្ខភាព ប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤៕ សារីម


ចែករំលែក៖