ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យក្រសួងមហាផ្ទៃបិទអង្កការAIM ករណីប្រមាថអំពីរឿងជួញដូរផ្លូវភេទនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សម្តេចមិនអាចទទួលយកបានឡើយពីការប្រមាថកម្ពុជារបស់អង្កការមួយឈ្មោះថា (AIM ) ដែលបានផ្សាយតាមរយៈទូរទស្សន៍CNN និងABC news អំពីរឿងជួញដូរផ្លូវភេទនៅកម្ពុជា ។ សម្តេចបានមានប្រសាសន៍ថា សារព័ត៌មានCNN ខូចណាស់ ដូចលោកដូណាល់ ត្រាំជេរមិនខុសទេ។

ទាក់ទងរឿងនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ប្រកាសឲ្យក្រសួងមហាផ្ទៃបិទអង្កការAIMនេះ ដែលជាអង្កការក្រៅរដ្ឋាភិបាលដោយបាននិយាយតាមរយៈទូរទស្សន៍ CNN ថា ម្តាយកម្ពុជាលក់កូនឲ្យទៅបម្រីផ្លូវភេទ ដែលនេះជាទង្វើនៃការប្រមាថ មិនអាចទទួលយកបាន។

សូមបញ្ជាក់ថា៖ «ការបំពុលសង្គម» បានផ្តល់ផលត្រឡប់វិញនូវផលវិបាកខាងផ្លូវច្បាប់ ទៅឲ្យពួកអ្នកប្រឌិតបំពុលទៅវិញទេ។ ចលនា «បំពុលសង្គម» ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់តាមរយៈ ៖
១- ការបង្កើតពាក្យចរចាមអារ៉ាម
២- ការបំផុសជំនឿអរូបិយ៍
៣- ការឆបោក
៤- ការបង្កើតព័ត៌មានបំពុល ប្រឌិត បំភ្លៃ បំប៉ោង បំផ្លើស
៥- វិទង្សនា នយោបាយ តាមរយះការញុះញង់ កាឡៃ និងប្រមាថ។ គេបង្កើតចលាចលសង្គមទាំងអស់នេះឡើងគឺដើម្បី៖ បំបាត់ជំនឿរបស់មហាជនលើសមត្ថកិច្ច, ធ្វើឲ្យអសកម្មសង្គម និងបំផ្លាញប្រក្រតីភាពសង្គម។

គួររំលឹកថា៖ នៅឆ្នាំ(១៩៧៩) ប៉ុល ពត បានកេណ្ឌ ប្រជាជនទៅទល់ដែនកម្ពុជា-ថៃ។ ពួក ប៉ុល ពត បានបំពុលប្រជាជនដោយពាក្យចរចាមអារ៉ាមថា អ្នកណាមិនជម្លៀសចេញ ឬហ៊ានរត់ត្រឡប់បកក្រោយវិញនោះ គឺ «យួនសម្លាប់ចោលដោយវះពោះច្រកស្មៅ»។ ពេលនោះ មនុស្សស្លាប់ច្រើនណាស់ ដោយសាររត់តាមការឃោសនារបស់ពួក ប៉ុល ពត។

លោក ហ៊ុយ វណ្ណះ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានលើកឡើងពីការរងគ្រោះនៃ«ការបំពុលសង្គម»នេះថា៖ គ្រួសារខ្ញុំបាត់បងប្រុសម្នាក់ ដែលកាលណោះមានអាយុ៦ឆ្នាំ ដោយសារ វង្វេងគ្នាក្នុងព្រៃនៅខេត្តពោធិ៍សាត់ គឺបាត់ រហូតសព្វថ្ងៃ។ ដោយលំបាកនឹងការធ្វើដំណើរដ៏គ្រោះថ្នាក់ កាត់ភ្នំ ព្រៃជ្រៅ និងចម្ការមីន យើងបានត្រឡប់ក្រោយវិលមក ភូមិកំណើតក្នុងខេត្តតាកែវវិញ ហើយរស់រហូតសព្វថ្ងៃ គ្មានអ្នកណាត្រូវវះពោះច្រកស្មៅនោះទេ។

លោកបន្តថា៖ នៅអំឡុងឆ្នាំ១៩៨៩មានការបំផុសថា នារីវ័យជំទង់ គឺត្រូវតែកាត់សក់ខ្លី និងឲ្យលោកសង្ឃស្រោចទឹក បើមិនអញ្ចឹងទេ នឹងត្រូវខ្មោចចូលសណ្ឋិត ហើយត្រូវស្លាប់។ នៅក្នុងភូមិខ្ញុំមាននារីលើសពី៥០% បានកាត់សក់ខ្លីត្រឹម ក។ ប៉ុន្តែ បើអ្នកណាមិនជឿ និងមិនកាត់ក៏រស់រហូតមកដល់សព្វថ្ងៃ។

នៅអំឡុងចុងទសវត្សរ៍១៩៩០៖ គេបំផុសថា ស្ងោរសណ្តែកខៀវហូបមុនម៉ោង៩យប់ គឺព្យាបាលជម្ងឺ និងមានសេចក្តីសុខ។ គេហូបជាច្រើននាក់។ ខ្ញុំមិនជឿ និងមិនបានហូបទេ ព្រោះវាមិនចាំបាច់ ហើយយល់ថា ជាការ បំផុសបំផុលដើម្បីតែការលក់សណ្តែក និងតម្លើងថ្លៃសណ្តែកប៉ុណ្ណោះ។ យើងនៅរស់រហូតសព្វថ្ងៃ ទោះបីមិនហូបសណ្តែកយប់នោះ។

*នៅថ្មីៗនេះ គេបំពុលសង្គមដោយប្រឌិតថា មានអង្ករកៅស៊ូនាំចូលពីវៀតណាម។ ការចំណាយទុនកែឆ្នៃបែបនេះគឺវាអស់ច្រើនណាស់ ហើយវាមិនពិតទៅទៀត។ ប៉ុន្តែគេបង្កើតពាក្យចរចាមអារ៉ាមឡើង ដើម្បីវាយប្រហារលើសមត្ថកិច្ចថា ម្តេចមិនទប់ស្កាត់? ទប់ស្កាត់ដូចម្តេច បើវាគ្មានរបស់ពិតផងនោះ គឺវាមានតែពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ហើយរបស់ពិតគឺមុខសញ្ញា«បំពុលសង្គម»នេះឯង។

ឥឡូវនេះ គេបំពុលសង្គមតាមរយៈការបំភ្លៃថា «យួនចាប់កុមារ និងវះយកក្រលៀន»។ គេយករូបភាពកាត់ ត ពីក្រៅប្រទេស និង រូបប្រឌិត បង្ហោះតៗគ្នា និងមានអ្នកអធិប្បាយបំប៉ោងបន្ថែមដោយ«ក្រុមពាលពុលទឹកមាត់»ទាំងនៅក្នុងប្រទេសនិងមកពីក្រៅប្រទេស។ ករណីនេះ ក៏បង្កើតឲ្យមានអំពើ ហិង្សាសង្គមផងដែរ ដោយប្រជាជន សម្រេចវាយលើជនសង្ស័យដែលគេប្រឌិត។ នេះជារឿងអសីលធម៌ណាស់។

គេដឹងថា កុមារជាស្នូលនៃគ្រួសារ។ កន្លែងខ្លះឈានរហូតមិនឲ្យកូនទៅរៀន ឬបិទសាលារៀន ដោយសារភ័យខ្លាច ដែលកើតពីពាក្យចរចាមអរ៉ាមនេះ។ សង្គមចាប់ផ្តើមអសកម្ម។ ពាក្យចរចាមអារ៉ាមនេះ គឺគ្រោះថ្នាក់ណាស់ ដែលអំឡុងឆ្នាំ១៩៨០ គេយកសត្វពស់បោះចូលហ្វូងមហាជនកំពុងទស្សនាល្ខោនពេលយប់ឲ្យរត់ជាន់គ្នា។ តែ

គេធ្វើពេលនេះ គឺដើម្បីវាយប្រហារយ៉ាងអសីលធម៌លើសមត្ថកិច្ចថា ម្តេចមិនទប់ស្កាត់ មិនស្រាវជ្រាវរកជនដៃដល់។ រកម្តេចនឹងឃើញ បើវាជាការប្រឌិត ដើម្បីបំពុល។ ដូច្នេះ រកឃើញតែអ្នកប្រឌិតរឿងតែប៉ុណ្ណោះ ហើយត្រូវតែវាយខ្នោះ!។

*ការពង្វក់បែបនយោបាយ៖ គឺគេបំផុសសកម្មជននិងយុវជនឲ្យក្លាយជា «អ្នកជាតិ និយមជ្រុល» និងហ៊ានប្រមាថមនុស្ស ប្រមាថសាសនា ប្រមាថថ្នាក់ដឹកនាំដោយគ្មានក្រែង។ គេបង្កើតសារនយោបាយជាតិនិយម តាមរយៈការក្លែងប្រវត្តិសាស្ត្រ អធិបតេយ្យ តម្លៃអត្តសញ្ញាជាតិ ដើម្បីបង្កើតរូបភាពជាតិនិយមជ្រុល ធ្វើជាឧបរកណ៍វាយប្រហារលើរាជរដ្ឋាភិបាលកំពុងកាន់អំណាច។ ជាក់ស្តែងករណីបច្ចេកទេស ប្រើផែនទី ក៏ត្រូវសកម្មជននយោបាយក្លែងរហូត យើងត្រូវហៅ UN បារាំង មកជួយផ្ទៀងផ្ទាត់ទៅចប់បញ្ហា។ មេក្លោងនៃអ្នកក្លែងឯកសារផែនទីក៏ត្រូវទៅរៀននៅសាលាព្រៃសរួចហើយ។

ថ្មីៗនេះដែរ គេយកបញ្ហាសុខភាពថ្នាក់ដឹកនាំជាឧបរណ៍ឃោសនាប្រមាថលើថ្នាក់ដឹកនាំ និងញុះញ៉ុងឲ្យបាត់ស្ថេរភាព។ ពាក្យបំពុល បំភ្លៃ មួលបង្កាច់តែ១ម៉ាត់ តែត្រូវពន្យល់រាប់ម៉ឺនពាក្យនិងជាច្រើនដង ហើយក៏ត្រូវចេញបង្ហាញការពិតដែរ ទើបពាក្យបំពុលនេះរលាយទៅវិញ។

«ការបំពុលសង្គម» ជាផ្នែកមួយនៃចិត្តសាស្ត្ររបស់«ចលនាបដិវត្តន៍ពណ៌» ក្នុងសម័យថ្មីនេះ។ គេបង្កើតវា ដើម្បីវាយតម្លៃ លើចិត្តសាស្ត្រមហាជន។ ដោយសារ Facebook គឺពាក្យចរចាមអារ៉ាម និងការបំពុល វាសាយភាពបានលឿនណាស់។ ជាមួយគ្នានេះ ពាក្យបំពុល គឺតែងបង្កើតចងភ្ជាប់បញ្ហារើសអើង«ជាតិនិយម»។ រាប់ពីឆ្នាំ១៩៧៩មក រាល់ការបំពុលគឺផ្សារភ្ជាប់នឹង «យួន» ពីព្រោះងាយចលាចល៖ យួនវះពោះ យួនចាប់ក្មេង យួនលេបទឹកដី យួនកាប់ឈឺខ្មែរ យួនចូលដីខ្មែរ… ពីព្រោះពាក្យទាំងអស់នេះងាយធ្វើឲ្យប្រជាជនរំជើបរំជួល។ ជាមួយគ្នានេះ ពួកគេក៏ឆ្លៀតឱកាសបង្កើតនូវជំនឿអរូបីផ្សេងៗបន្តបន្ទាប់ទៀតដែរ។ ជំនឿអរូបី មានអំណាចលើផ្លូវចិត្តមនុស្សម្នាក់ៗជិត៥០%។ ជំនឿអរូបីធ្វើឲ្យមនុស្សអសកម្ម និងភ័យខ្លាចដោយងងិតងងុល។

ដូច្នេះ អ្វីដែលគេខិតខំបំពុលនេះ គឺដើម្បីញុះញ៉ុងឲ្យ «ប្រជាជនមានទំនាស់ មានកំហឹង និងក្លាយជាសត្រូវជាមួយ តួអង្គសមត្ថកិច្ច»។ បើ សមត្ថកិច្ចចាញ់ នោះគេមានឱកាសដណ្តើមការដឹកនាំ។ ក៏ប៉ុន្តែ យល់ច្រឡំហើយ! ប្រជាជនមួយចំនួនខ្លះពិតជាអាចពុលជាមួយនឹងព័ត៌មានបំពុល។ ក៏ប៉ុន្តែអ្នកពុលពិតប្រាកដ គឺអ្នកផ្តួចផ្តើមបំពុលនោះទៅវិញទេ។

សួរថា អ្នកណាពិតប្រាកដ គឺជាអ្នកបំពុលសង្គម? ចម្លើយ៖ អ្នកណាដែលទទួលប្រយោជន៍ជាឱកាស ពីផលវិបាកនៃការបំពុលសង្គម គឺក្រុមអ្នកនោះហើយ។ បក្សឈ្នះឆ្នោត និងរាជរដ្ឋាភិបាលដែលកំពុងដឹកនាំ គឺចង់បានតែភាពត្រឹមត្រូវ ប្រជាជនរីករាយដោយសុខសុវត្ថិភាព និងសង្គមរីកចម្រើនប៉ុណ្ណោះ លើកលែងពួកក្រអឺតក្រទមនិងពួកនយោបាយខ្មោចឆៅ ទើបចង់ឲ្យសង្គមចលាចល និងមានថ្លុកឈាម ដើម្បីចិញ្ចឹមមហិច្ឆ បឺតឈាមអំណាច។

សមត្ថកិច្ច ត្រូវតែប្រើច្បាប់ដើម្បីឃាត់ខ្លួនភ្លាម។ បើជាក់ស្តែង គឺឈានទៅការឃុំខ្លួន និងផ្តន្ទាទោស។ កុំស្រែកបំភ័ន្តថា៖ «ម្តេចក៏មិនទៅស្រាវជ្រាវចាប់អ្នកចាប់ក្មេង? ម្តេចក៏មកចាប់អ្នកបង្ហោះជូនដំណឹង?»។ ត្រូវហើយ ចាប់ក្រុមលោកឯងមុន ដើម្បីជួយស្រាវជ្រាវនិងលាតត្រដាងការពិត។ ពេលការពិតចេញមក គឺពួកបំពុលសង្គម រលាយដូចខ្មោចខ្លាចថ្ងៃ។

ឆ្លើយតបចំពោះពួក«សង្គមងងិត» គឺយើងត្រូវតែពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារភាពសុខសាន្ត រក្សាសណ្តាប់ធ្នាក់សង្គម ការពារតួនាទីសមត្ថកិច្ច និងការដឹកនាំស្របច្បាប់ ដើម្បីប្រជាជន និងសង្គមជាតិទាំងមូល។ គេបង្កើតពាក្យប្រឌិត ដើម្បីបំពុលសង្គមបំប៉នមហិច្ឆតាដណ្តើមយកការដឹកនាំដោយងងិតងងល់។ ដូច្នេះ យើងក៏ត្រូវតែខិតខំប្រើមធ្យោបាយភ្លឺ ការពន្យល់ និងផ្លូវច្បាប់ ដើម្បីការពារការដឹកនាំ និងការពារសង្គមជាតិយើងដែរ ។

ប្រសាសន៍លើកឡើងដោយសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជាដូចខាងលើ ត្រូវបានគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅពិសេសគ្រប់ស្ត្រីជាម្តាយ កន្លងទៅធ្លាប់ចិត្តគួចភិតភ័យបារម្ភពីសុវត្ថិភាពកូនដើរហើរទៅសាលារៀនជាដើម តែពួកគាត់ទទួលបានព័ត៍មានពិតថា កន្លងមកសុទ្ធតែការ«បំពុលសង្គម»តែប៉ុណ្ណោះ។

លោកស្រី ឯក សុភាព វ័យ៤៣ឆ្នាំ រស់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាននិយាយថា៖ មួយរយះនេះទាំងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងការនិយាយតៗគ្នាពីរឿងចាប់ក្មេងវះយកក្រលៀន បង្កអោយមានការព្រួយបារម្ភ ទោះមិនបានឃើញពិតឬអាចជារឿងប្រឌិតក៏ដោយ ការភិតភ័យនៅតែដិតជាប់ ខណះអ្នកស្រីមានកូនពៅនិងក្មួយអាយុត្រឹម១២-១៣ឆ្នាំចេញទៅរៀនឆ្ងាយពីផ្ទះ។

អ្នកស្រីបន្តថា៖ រឿងប្រឌិត«បំពុលសង្គម»នេះប្រជាពលរដ្ឋបានជ្រាបច្បាស់ហើយ ពួកគាត់ក៏ផ្តល់ចែករំលែកពន្យល់ទៅកាន់គ្រួសារសាច់ញាតិ មិត្តភ័ក្រអោយបានដឹងថា រឿងហេតុទាំងនេះផ្តើមចេញពីក្រុមឆក់ឱកាសតែប៉ុណ្ណោះក្នុងប្រយោជន៍មើលស្រាលដល់សមត្ថកិច្ច ធ្វើអោយចលាចលក្នុងសង្គម។

លោកស្រី ធី តា អាយុ៤៥ឆ្នាំ ជាគ្រូបង្រៀន រស់នៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ភ្នំពេញ បានលើកឡើងថា៖ការប្រមាថកម្ពុជារបស់អង្កការមួយដែលមានឈ្មោះថា (AIM )ដែលបានផ្សាយតាមរយៈទូរទស្សន៏CNN និងABC news អំពីរឿងជួញដូរផ្លូវភេទនៅកម្ពុជា ហើយហ្វេសប៊ុកខ្លះបានបង្ហោះនោះគឺជាចេតនាទុចរិតមាកងាយយ៉ាងធ្ងន់ធ្ងរមកលើស្ត្រីកម្ពុជាបែបបំផ្លើស បំប៉ោង បំភ្លៃ កាឡៃទាំងស្រុង និងគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលជម្រុញអោយក្រសួងមហាផ្ទៃបិទអង្គការបំពុលសង្គមមួយនេះ។

អ្នកគ្រូនិយាយថា៖ សម្រាប់ស្ត្រីជាម្តាយមិនថាកម្ពុជាឬជាតិសាសន៍ផ្សេងទៀតទេ គឺស្រឡាញ់កូនលើសជីវិតខ្លួនឯងទៅទៀត ហេតុអីដល់ថ្នាក់ស្ត្រីលក់កូនស្រីអោយបំរើផ្លូវភេទ? លើលោកនេះគ្មានស្នេហាឯណាធំជាងស្នេហារវាងឪពុកម្តាយមកលើកូននោះទេ ដូច្នេះបើឈានដល់ការបិទអង្គការ(AIM) ក្នុងរឿងប្រមាថកម្ពុជាគួរសមត្ថកិច្ចពាក់ព័ន្ធបន្តនីតិវិធីតាមផ្លូវតុលាការស្វែងរកអោយឃើញនូវពិរុទ្ធភាពបង្កឡើងដោយអង្គការនេះ?

អ៊ុំស្រីវ័យ៥១ឆ្នាំ ឈ្មោះ កត់ សាលី ជាបុគ្គលិកផ្នែកសម្អាតអនាម័យបន្ទប់ទឹកភោជនីដ្ឋានមួយនៅទីក្រុងភ្នំពេញ ពិការជើង«ស្វិតពីកំណើត»បាននិយាយផងដែរថា៖ មកដល់ថ្ងៃនេះ១២ឆ្នាំគត់ ដែលអ្នកស្រីរស់នៅជាស្ត្រីមេម៉ាយមានកូនស្រី៤នាក់ក្នុងបន្ទប់ ទោះជាស្ថានភាពជីវភាពរស់នៅខ្វះខាតក៏ខំទាំងត្រដរប្រើប្រាស់កម្លាំងពលកម្មបានចំណូលចិញ្ចឹមបីបាច់ដល់កូនអោយធំមានអនាគត។

អ្នកស្រីបន្តថា៖ កូន៣នាក់ជាបងៗគេមានគូស្រករហើយ រស់នៅជាអ្នកស្រែចម្ការ ដោយឡែកកូនស្រីពៅអាយុ១០ឆ្នាំកំពុងរៀននៅភ្នំពេញ ហើយមិនចង់អោយគាត់ជួបការលំបាកសម្រាប់អនាគតដូចជារូបអ្នកស្រីនោះទេ។ ចំពោះករណីដែលឮថាស្រ្តីកម្ពុជាលក់កូនអោយបម្រើផ្លូវភេទ គឺជាអំពើប្រមាថដែលមិនអាចទទួលយកបាន ព្រោះអ្នកស្រីជាស្ត្រីមេម៉ាយ ហើយក្រនិងពិការផងនៅប្រឹងទាំងត្រដួសចិញ្ចឹមកូន ចុះទម្រាំអ្នកមានកាយសម្បទាគ្រប់គ្រាន់ ប្រកបដោយលទ្ធភាព និងមានការងារធ្វើរឿងអីត្រូវលក់កូនដូចការចោទប្រកាន់នេះ?
គួរំលឹកថា៖ មួយរយះនេះមានក្រុមជ្រុលនិយម ឆក់ឱកាស បក្សបំផ្លាញសន្តិភាពនៅកម្ពុជា ឬក្រុមកញ្ជះនយោបាយអោយបរទេសបានបង្កើតនូវបញ្ហាជាច្រើនចរិកជាការញុះញង់ បំពុលសង្គល បង្កអោយចលាចល ប្រមាថថ្នាក់ដឹកនាំ បំប៉ោងសភាពការណ៍អោយពលរដ្ឋជ្រួលច្របល់ យល់ច្រលំ ជាមួយនិងការលាបពណ៍មិនចេះចប់ មិនចេះហើយនេះជាដើម ប៉ុន្តែកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រកបដោយគតិបណ្ឌិត តែងទប់ស្កាត់រាល់បាតុភាពបំពុលសង្គមដ៏អាក្រក់នេះ ផ្តល់ជូននូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យជូនប្រទេសជាតិនិងប្រជាពលរដ្ឋ៕ សុខ ខេមរា


ចែករំលែក៖