ភ្នំពេញ៖ លោកកូនចិត្តខ្លាំង២នាក់ ត្រូវឪពុកម្តាយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនភ្លាមៗ បន្ទាប់ពីពួកគេបាននាំគ្នាវាយតប់ម្តាយបង្កឲ្យរងរបួស ដោយសារតែណែនាំគេកុំឲ្យប្រព្រឹត្តអំពើអាក្រក់ និងសេពគប់ជនមិនល្អក្នុងសង្គម ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង២៤និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនទាំង២នាក់នេះ មិនត្រឹមតែមិនស្តាប់ឪពុកម្តាយប្រៀនប្រដៅប៉ុណ្ណោះទេ ថែមទាំងចង់តដៃជាមួយកងកម្លាំងសមត្ថកិច្ចថែមទៀតផង និងស្រែកឡូឡាបង្កអុកឡុកផ្អើលអ្នកភូមិ ដោយមិនខ្លាចញញើតអ្វីឡើយ។ សមត្ថកិច្ចបានចាត់ទុកពួកគេថា ជាក្រុមក្មេងទំនើង និងជាកូនរមិលគុណ(ឬអកត្តញូ) ចំពោះឪពុកម្តាយ ដែលមិនស័ក្តិសមជាយុវជន ឬពលរដ្ឋល្អក្នុងសង្គម ។
ជនទាំង២នាក់ខាងលើឈ្មោះ ហ៊ាន រតនា ភេទប្រុស អាយុ២៣ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងឈ្មោះ ហ៊ាន រតនះ ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀតស្នាក់នៅផ្ទះជួល ជាមួយឪពុកម្តាយ ។
ប៉ូលិសនិយាយថា ជនទាំង២នាក់នេះ ត្រូវបានឃាត់ខ្លួនតាមបណ្តឹងរបស់ស្ត្រីម្នាក់ឈ្មោះ កែវ សុភី អាយុ៤៥ឆ្នាំ មុខរបរលក់បាយ មានទីលំនៅចំណុចផ្ទះកើតហេតុខាងលើ ដែលត្រូវជាម្តាយបង្កើតរបស់ពួកគេ ចោទពីបទប្រើអំពើហិង្សា ។
លោកសុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋាបាលសង្កាត់ទឹកថ្លា បានឲ្យដឹងថា ពាក់ព័ន្ឋក្នុងការឃាត់ខ្លួនជនទាំង២នាក់នេះ តាមសំដីខាងជនរងគ្រោះជាឪពុកម្តាយតែងពិបាកចិត្តរឿងកូនប្រុសរបស់គាត់សំដែងអត្តចរិកមិនសមរម្យ ហើយតែងតែដើរលេងផ្តេសផ្តាស់រហូតដល់យប់ជ្រៅ សេពគប់ជនមិនល្អ ជាអ្នកលេងអ្នកប្រើប្រាស់គ្រឿងញៀនជាដើម ដែលនឹងនាំឲ្យមានទុក្ខលំបាកដល់ខ្លួននៅថ្ងៃក្រោយណាមួយ។
គ្រាន់តែប្រៀនប្រដៅដូច្នេះដាក់ពួកគេស្រាប់តែពួកគេនាំគ្នាស្ទុះមកយកដៃច្រានម្តាយ ច្របាច់ករុញផ្ទប់ជញ្ជាំងយ៉ាងសាហាវឃោរឃៅ នៅពេលនោះឪពុកឃើញក៏ចេញមកជួយ ហើយបានប្តឹងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ ដោយបង្គាប់ឲ្យឃាត់ខ្លួនពួកគេជាកូនប្រុសបង្កើតយកទៅចាត់ការតាមច្បាប់។
បច្ចុប្បន្នកូនប្រុសចិត្តខ្លាំងទាំង២នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត ៕ តុង សីហា