ភ្នំពេញៈ ក្នុងនាមជាប្រធានគណៈកម្មការផ្សារត្រូវតែពង្រឹងគុណភាពការងារមិនប្រកាន់បក្ខពួក ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បំពេញការងារប្រកបដោយឆន្ទះ ដោយភាពទទួលខុសត្រូវ ពិសេសត្រូវការពារសន្តិសុខជូនអាជីវករដែលលក់ដូរទំនិញសព្វសារពើរនៅក្នុងផ្សារ នេះជាប្រសាសន៍របស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅណែនាំដល់ប្រធានគណៈកម្មការផ្សារច្បារអំពៅថ្មីនៅក្នុងពិធីប្រកាសសំរួលភារកិច្ចនិងប្រគល់ភារកិច្ច ប្រធានផ្សារច្បារអំពៅ កាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ។
យោងតាមសេចក្តីសម្រេច របស់សាលារាជធានីភ្នំពេញ បានសម្រេចផ្ទេរភារកិច្ចលោកគង់ ធែល ប្រធានផ្សារច្បារអំពៅទៅជាអនុប្រធានផ្សាទួលទំពូង និងប្រគល់ភារកិច្ចលោកគួច ចំណាន ពីអនុប្រធានផ្សារឡើងជាប្រធានផ្សារច្បារអំពៅ ជំនួសលោកគង់ធែល ។
ពីធីប្រកាសផ្ទេភារកិច្ចនេះដែរក៍មានការចូលរួមជាអធិបតីពីលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ មន្ត្រីគ្រប់ការិយាល័យនិងអាជីវករលក់ដូរនៅក្នុងផ្សារ ដោយឡែកលោកគង់ ធែល អតីតជាប្រធានផ្សារច្បារអំពៅមិនបានចូលរួមនោះទេ ។
ដើម្បីពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងផ្សារលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានធ្វើការណែនាំដល់ប្រធានគណៈកម្មការផ្សារឲ្យរួមគ្នាអនុវត្តភារៈកិច្ចដោយស្មារតីទទួលខុសត្រូវ បំពេញភារៈកិច្ចប្រកបដោយក្រមសីលធម៍ ដោះស្រាយរាល់សំណូមពររបស់បងប្អូនអាជីវករ ។ ចំពោះបញ្ហាសណ្តាប់ធ្នាប់សាធារណៈនិងបរិស្ថាននៅជុំវិញផ្សារក៍ដូចជានៅក្នុងផ្សារត្រូវរួមគ្នាធ្វើជាប្រចាំ មិនត្រូវបញ្ចេញកាយវិការឫកពា និងពាក្យសំដីមិនសមរម្យដាក់អាជីវករនោះឡើយ ។ បញ្ហាមួយទៀតដែលត្រូវយកចិត្តទុកដាក់ខ្ពស់គឺការងារសន្តិសុខ ។
បញ្ហាសន្តិសុខ លោកអភិបាលសង្កត់ធ្ងន់ថា ថ្មីៗនេះមានជនមួយចំនួនបំផ្លើសសភាពបំពុលបរិយាកាសសង្គមតាមរយៈការបង្ហោះពត៍មានមិនពិតរឿងករណីចាប់ក្មេងវះយកក្រលៀន វះយកគ្រឿងក្នុង នេះជាបញ្ហដែលត្រូវយកចិត្តទុកដាក់តាមដានជាប្រចាំទាំងនៅក្នុងផ្សារនិងនៅជុំវិញផ្សារបើឃើញជនណាមកឃោសនាបំពុលបរិយាកាសសង្គមត្រូវចាប់ខ្លួនយកមកសាកសួរ ។
លើសពីនេះទៀតត្រូវពង្រឹងការងារសន្តិសុខបន្ថែមទៀតពាក់ព័ន្ធនិងការងារគ្រប់គ្រងមុខសញ្ញាគ្រឿងញៀន ល្បែងស៉ីសងគ្រប់ប្រភេទ កុំឲ្យកើតមាននៅក្នុងផ្សារ ឬនៅជុំវិញផ្សារ ព្រោះល្បែងស៉ីសងនេះជាដើមចមនៃការកើតមានបទល្មើសផ្សេងៗ ។
នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានណែនាំឲ្យប្រធានគណៈកម្មការផ្សារដែលទើបប្រកាសចូលកាន់តំណែងត្រូវរួនគ្នាអនុវត្តភារកិច្ចប្រកបដោយឆន្ទះ មានស្មារតីទទួលខុសត្រូវខ្ពស់ មានតម្លាភាព និងសាមគ្គីភាពផ្ទៃក្នុងល្អ ។
នៅរសៀលថ្ងៃដដែលនេះដែរល៩កអភិបាលខណ្ឌបានបន្តជួបសំណេះសំណាលជាកងសន្តិសុខប្រចាំសាលាខណ្ឌច្បារអំពៅដើម្បីលើកទឹកចិត្តដល់កងសន្តិសុខដែលខិតខំបំពេញភារកិច្ចចុះរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ទោះបីទទួលរងនូវពាក្យសំដីមិនសមរម្យពីសំណាក់ប្រជាពលរដ្ឋមួយចំនួនយ៉ាងណាក៍ដោយ ក៍នៅតែចុះធ្វើការងារសណ្តាប់ក្រោមកំដៅថ្ងៃ ភ្លៀងខ្យល់ មិនរាថយឡើយ ៕ សណ្តោស