ព័ត៌មានទាន់ហេតុការណ៍៖

គោឈ្មោលមួយក្បាលត្រូវរន្ទះបាញ់ងាប់ពេលម្ចាស់ចងទុកក្រោមផ្ទះ

ចែករំលែក៖

ខេត្តកំពង់ស្ណឺ៖ ភ្លៀងផ្គរលាយរន្ទះផងនោះ បានផ្តាច់ជីវិតគោឈ្មោលមួយក្បាល ដែលម្ចាស់ចងទុកនៅក្រោមផ្ទះ។

ប៉ុន្តែបាតុភូតធម្មជាតិនេះ មិនបណ្តាលឲ្យរងគ្រោះដល់អាយុជីវិតមនុស្សឡើយ ។ ក្រោយកើតហេតុម្ចាស់បានឲ្យអ្នកស្រុកអារកបង្ហូរឈាម ហើយពន្លះយកសាច់ទៅលក់ ទុកគ្រាន់ដោះស្រាយជីវភាពបន្ត។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ម្ចាស់គោឈ្មោះសុខ ខេង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

បើតាមការបំភ្លឺពីស្ត្រីជាម្ចាស់គោបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមានខ្យល់បក់បោកយ៉ាងខ្លាំង ព្រមជាមួយគ្នានោះក៏មានភ្លៀងបង្អុរធ្លាក់មកផងដែរ។

ស្ត្រីដដែលបន្តថា ដោយឃើញស្ថានការណ៍មេឃមិនស្រួល គាត់ក៏ដឹកគោឈ្មោលរបស់គាត់មកចងទុកនៅក្រោមផ្ទះវិញ។ ភ្លាមនោះដែរ ភ្លៀងក៏បង្អុរមកយ៉ាងខ្លាំង គាត់ក៏ឡើងលើផ្ទះរកកន្លែងមានសុវត្ថិភាព ស្រាប់តែឡើងមិនទាន់បានប៉ុន្មាននាទីផង គាត់ក៏លឺសូរសំឡេងក្ឌាំងក្រោមផ្ទះ ពេលនោះក៏រត់ចុះមកមើល ស្រាប់តែឃើញគោរបស់គាត់ដែលចងនៅក្រោមផ្ទះដួលនៅលើដីកំពុងត្រដរខ្យល់ទើបគាត់នឹកឃើញថា សំឡេងដែលគាត់លឺមុននេះ ជាសំឡេងរន្ទះបាញ់ដែលមកឆក់យកជីវិតគោរបស់គាត់។

នៅពេលដែលភ្លៀងរាំង គាត់បានហៅអ្នកស្រុកឲ្យមកជួយអារកបង្ហូរឈាម ពន្លះសាច់លក់យកប្រាក់ទុកគ្រាន់ដោះស្រាយជីវភាពបន្ត។

មន្ត្រីនគរបាលស្រុកមួយរូបបានប្រាប់តាមថា ករណីនេះ ពិតជាកើតមានមែនហើយលោកមេភូមិ ក៏បានរាយការណ៍មកសមត្ថកិច្ចអំពីហេតុការណ៍នេះដែរ។ហេតុការណ៍នេះអាចចាត់ទុកថាជាសំណាងទៅចុះ ព្រោះបើម្ចាស់ចងគោទុកទាំង៤ក្បាលជុំគ្នា ម្ល៉េះសមងាប់អស់ទាំង៤ក្បាលជាក់ជាមិនខានឡើយ ម្យ៉ាងទៀតបើម្ចាស់មិនឡើងលើផ្ទះទេ អាចរងគ្រោះដល់អាយុជីវិតផង ក៏៏៏៏៏៏ថាបាន៕ សេនាស័ក្តិ


ចែករំលែក៖