ខេត្តកំពង់ស្ពី ៖ ប៉មចម្រោះទឹកស្អាតថ្មីមួយ ដែលបម្រើផលប្រយោជន៍ខ្លាំងដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅសហគមន៍ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់។ កម្មវិធីប្រគល់ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដាក្រោមការចូលរួមដោយលោក ហ៊ុន ម៉ានីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ តំណាងបុគ្គលិកក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ប៉មចម្រោះទឹកស្អាតថ្មីមួយទៀត ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺនេះគឺត្រូវបានសាងសង់ឡើងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) សហការជាមួយមូលនិធិអង្គការ Planet Water និងសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ។
ប្រព័ន្ធចម្រោះទឹក AquaTower នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សជាង ២០០០ នាក់ នៃវិទ្យាល័យនេះ ដែលពួកគេភាគច្រើនធ្លាប់ប្រើប្រាស់ និងទទួលទានទឹកមិនស្អាត ចេញពីទឹកស្រះ រឺអណ្តូង សំរាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ នេះគឺជាគម្រោងសាងសង់ប៉មចម្រោះទឹកស្អាតទី ៣ បន្ទាប់ពីប៉មចម្រោះទឹកស្អាតចំនួន ២ ត្រូវបានសាងសង់ និងដាក់អោយប្រើប្រាស់រួចរាល់នៅក្នុងខេត្តសៀមរាប។
នៅក្នុងឱកាសសម្ពោធដាក់អោយប្រើប្រាស់ ប៉មចម្រោះទឹកស្អាតនេះផងដែរ លោក ដេវីដ វីងហ្គល់វើត នាយក ប្រតិបត្តិនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៏ ថ្លែងអំណរគុណដល់អង្គការដៃគូពោលគឺមូលនិធិអង្គការ Planet Water សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ សម្រាប់ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសាងសង់ប៉មចម្រោះទឹកស្អាត )AquaTower)ព្រមទាំងផ្តល់ជូនកម្មវិធីអប់រំអំពីអនាម័យដល់សិស្សានុសិស្ស។
លោក ដេវីដ វីងហ្គល់វើត បានបន្ថែម ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) មានមោទនភាព ដែលមាន វត្តមាននៅព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកនេះ ហើយក្រុមហ៊ុនធ្វើការប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍មួយប្រកបដោយនិរន្តភាព ។ ហើយគម្រោង ទឹកស្អាតនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលការណ៏និរន្តភាពនេះ។
គួរបញ្ជាក់ដែរថានៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)បានពង្រឹងការប្តេជ្ញាចិត្តក្នុងការនាំយកទឹកស្អាត ក៏ដូចជាកម្មវិធីអប់រំអំពីអនាម័យ ដល់សហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើភូមិ-ឃុំដាច់ស្រយាលចំនួន៧ នៅក្នុងខេត្តសៀមរាប កំពង់ស្ពឺ បាត់ដំបង និង បន្ទាយមានជ័យ៕ វឌ្ឍនា