ឥណ្ឌា៖ ក្រោយពីចាប់ឆ្នោតជ្រើសរើសគូប្រកួត អត្តពលិកកីឡាវ៉ូវីណាម កម្ពុជា ហាក់មានជំនឿចិត្ត កាន់តែខ្ពស់បន្ថែមទៀត លើវិញ្ញាសាប្រយុទ្ធ ចំនួន៧ ដែលមានប្រភេទទម្ងន់ចាប់ពី ៥៤កីឡូក្រោម ៦០គីឡូក្រាម ៦៥គីឡូក្រាម និង៧៥គីឡូក្រាម ។ នេះបើតាមការបញ្ជាក់ពីអនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា កាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ពីទីក្រុងញូដេលី ប្រទេសឥណ្ឌា។
លោក អ៊ួ រតនា បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសសជើងឯកពិភពលោកទី៥នេះកម្ពុជាបានដាក់វិញ្ញាសាប្រកួតសរុបចំនួន២៩វិញ្ញាសា ក្នុងនោះវិញ្ញាសាសម្តែងចំនួន២២វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធចំនួន៧វិញ្ញាសារ។ លោក បញ្ជាក់ទៀតថា អ្វីដែលធ្វើឲ្យអត្តពលិកកម្ពុជា មានការជឿជាក់នោះ ដោយសារ ពួកគេ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេសលោក ឧកញ៉ា រ័ត្ន សាខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានជំរុញលើកទឹកចិត្ត គ្រប់ពេលវេលា បើទោះបី ពួកគេហាក់ប្រឈមនិងបញ្ហា ចំណីអាហារ និងអាកាសធាតុខ្លះក៏ដោយចុះ ប៉ុន្តែអ្វីទាំងនេះមិនមែនជាឧបស័គ្គសម្រាប់ពួកយើងឡើយ ។ កីឡាករកីឡាការិនី ដែលត្រូវប្រកួត លើវិញ្ញាសាប្រយុទ្ធទាំង៧នោះរួមមាន កីឡាករ ទិនឌិន ប្រកួតទម្ងន់៥៤គីឡូក្រាម កីឡាករទិន ភាពប្រកួតទម្ងន់៦០គីឡូក្រាម កីឡាការិនី ម៉ៅ ម៉ូនីតាប្រកួតទម្ងន់៥៤គីឡូក្រាម កីឡាការិនី ចាន់ សីហា ប្រកួតទម្ងន់៦៥គីឡូក្រាម និងកីឡាការិនី ពៅសុខាប្រកួតទម្ងន់៧៥គីឡូក្រាម។
លោកបានបញ្ជាក់បន្ថែមថា សម្រាប់កម្ពុជាវិញ្ញាសាប្រយុទ្ធ និងចាប់ផ្តើមប្រកួតនៅថ្ងៃទី៣ ខែសីហា មាន៤ប្រភេទទម្ងន់ ដូច ជាកីឡាករ ទិន ឌិន ប្រកួតទម្ងន់៥៤គីឡូក្រាម ជួបជាមួយកីឡាករមកពីប្រទេសមីយ៉ាម៉ា កីឡាករទិន ភាពប្រកួតទម្ងន់៦០គីឡូក្រាមជួបជាមួយកីឡាករមកពីប្រទេសរុស្ស៊ី កីឡាការិនី ម៉ៅ ម៉ូនីតាប្រកួតទម្ងន់៥៤គីឡូក្រាមជួបជាមួយកីឡាការិនីមកពីប្រទេសកូឌីវ័រ កីឡាការិនី ចាន់ សីហា ប្រកួតទម្ងន់៦៥គីឡូក្រាមជួបជាមួយកីឡាការិនីមកពីប្រទេសជប៉ុន និងកីឡាការិនី ពៅសុខាប្រកួតទម្ងន់៧៥គីឡូក្រាម ជួបជាមួយកីឡាការិនីមកពីប្រទេសមីយ៉ាន់ម៉ា។ ជាក់ស្តែងការប្រកួតខាងលើនេះ មានប្រទេសចូលរួមប្រកួតចំនួន២២ប្រទេស មានវិញ្ញាសាប្រកួតសរុបចំនួន៤៣វិញ្ញាសា ដោយប្រកួតចាប់ ពីថៃ្ងទី៣ រហូតដល់ថៃ្ង ទី៥ ខែសីហា ឆ្នាំ២០១៧ ៕សារីម