ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់មុខសញ្ញាជួញដូរថ្នាំញៀន និងបន្តនាំខ្លួនមកឆែកឆេរនៅទឹកដីខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន និងឆែករកឃើញថ្នាំញៀននៅជាប់នឹងខ្លួនចំនួន១៥កញ្ចប់ ។

ការឃាត់ខ្លួន ធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុម៦ ផ្លូវបេតុង ភូមិ-ឃុំភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សម តារា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប៉ូលីសនិយាយថា មុនដំបូងកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានល្បាតក្នុងមូលដ្ឋាន ដឹកនាំដោយលោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទី ក្រោមបញ្ជារបស់លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន រក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ទើបនៅវេលាម៉ោងខាងលើ នគរបាលបានឃើញជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក SL ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1D.2563 ជាមធ្យោបាយដើរលក់ថ្នាំញៀនមានការសង្ស័យ ក៏ឃាត់ឆែកឆេរកឃើញមានថ្នាំញៀនចំនួន១៥ កញ្ចប់ទើបឃាត់ខ្លួនយកមកអធិការដ្ឋានខណ្ឌសាកសួ។

ក្រោយពីសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាន រួចក៏បន្តទៅឆែកឆេរដល់បន្ទប់ជួលរបស់ជនសង្ស័យនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រកឃើញ សម្ភារៈវេចខ្ចប់មួយចំនួនធំ ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បី កសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមផ្លូវច្បាប់៕ តុង សីហា


ចែករំលែក៖