ភ្នំពេញ៖ តាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ប្រកាសថា យុវជន ពិការដែលខ្លួនបានបញ្ជូនឲ្យទៅចូលរួមបោះជំរំហ្វឹកហាត់និងប្រកួតនៅប្រទេសកូរ៉េ ហើយបានត្រឡប់មកដល់ប្រទេសវិញ កាលពីយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ដោយបាននាំយកកិត្តិយស ត្រឡប់មកជូនជាតិ នូវមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង ពីការប្រកួតយុវជនអាស៊ី ។
លោក យី វាសនា គ្គលេខាធិការ គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា យើងទាំងអស់គ្នាសូមកោតសរសើរចំពោះកាខិតខំរបស់ប្អូនៗអត្តពលិកជនពិការ ដែលបាននាំមកនូវកិត្តិយសជូនជាតិ និងជាតំណាងដ៏មានកិត្តិយសបំផុតសម្រាប់ជនពិការយើង ជាក់ស្តែង ការវិលត្រឡប់របស់អត្តពលិកនយុវជនពិការបានបង្ហាញនូវមេដាយពីរគ្រឿងទៀតហើយ គឺមេដាយមាស ១គ្រឿង បានមកពីការហែលទឹកដោយសេរី ចម្ងាយ៥០ម៉ែត្រ របស់កីឡាករ យ៉ាវ វណ្ណៈ និងមេដាយប្រាក់ ១គ្រឿងបានមកពីការប្រកួត កីឡាវាយកូនឃ្លីលើតុរបស់កីឡាករ យយ កុសល រីឯយុវជពិការ ពេជ ការ៉េ ដែលបានទៅចូលរួមក្នុងព្រឹត្តិការណ៍នោះដែរ ពុំបានទទួលមេដាយនោះទេ។
លោកអគ្គលេខាធិការ បានសរសេរបញ្ជាក់បន្ថែមថា សូមកោតសរសើរដល់គ្រូបង្វឹកទាំងពីររូប គឺលោកស្រី នៅ លក្ខិណា និងលោក ម៉ៅ សុជា ដែលបានដឹកនាំអត្តពលិកជនពិការកម្ពុជា ទៅចូលរួមការប្រកួតប្រកួបដោយទទួលបានជោគជ័យ៕ សារីម