ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករបាល់ទាត់ល្បី ៥ រូប ចេះយ៉ាងតិច ៤ ភាសា

ចែករំលែក៖

កាលពីលើកមុន ប្រិយមិត្តបានស្គាល់ហើយពីកីឡាករល្បី ៥រូប ដែលរៀនរហូតបានសញ្ញាប័ត្រខ្ពស់។ ពេលនេះ សូមបង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកកាន់កីឡាករឆ្នើម និងល្បីឈ្មោះ ៥រូប ដែលចេះនិយាយភាសាច្រើនដែលលោកអ្នកប្រហែលជាមិនដឹង ដែលមានដូចរៀបរាប់ខាងក្រោម៖

១-Arjen Robben៖


កីឡាករខ្សែស្លាបល្បឿនលឿនរបស់ក្លឹបជើងឯកអាល្លឺម៉ង់រួបនេះ ចេះនិយាយដល់ទៅ ៤ ភាសាដែលរួមមាន ភាសាហូឡង់ដែលជាភាសាកំណើតខ្លួន អង់គ្លេស អាល្លឺម៉ង់ និង អេស្ប៉ាញ ។ សូមបញ្ជាក់ផងដែរ ថា កីឡាករចាស់វស្សារូបនេះ ធ្លាប់លេងឲ្យក្លឹបអង់គ្លេសតោខៀវ Chelsea និងក្លឹបយក្សអេស្ប៉ាញ Real Madrid។

២-Patrice Evra៖


អតីតកីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្រុមបិសាចក្រហម Manchester United ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបបារាំង Marseille ចេះនិយាយដល់ទៅ ៥ភាសា ដូចជា បារាំង អង់គ្លេស អេស្ប៉ាញ អ៊ីតាលី និងសេនេហ្គាល់ ។ កីឡាករសញ្ជាតិបារាំងរូបនេះ កន្លងមកក៏ធ្លាប់និយាយថា ខ្លួនកំពុងព្យាយាមរៀនភាសាកូរ៉េ ប៉ុន្តែទទួលស្គាល់ថាពិតជាលំបាកណាស់។

៣-Petr Cech៖


អ្នកចាំទីដៃស្អិតសញ្ជាតិ ឆេក របស់ក្រុមកាំភ្លើងធំ Arsenal រូបនេះ គឺដូចកីឡាករ Evra ដែរ គឺចេះនិយាយរហូតដល់ ៥ភាសា៖ ឆេក (ភាសាកំណើត) អង់គ្លេស បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់ ។ អតីតអ្នកទីរបស់ក្លឹបតោខៀវ Chelsea រូបនេះ ធ្លាប់បានទម្លាយឲ្យសារព័ត៌មានដឹងថា ខ្លួននិយាយភាសាដល់ទៅ ៣ ទៅកាន់ខ្សែការពារ Arsenal ពេលប្រកួតម្តងៗ ពោលគឺ និយាយ អេស្ប៉ាញ ទៅកីឡាកររត់លឿន Hector Bellerin និង Nacho Monreal, និយាយបារាំង ទៅខ្សែការពារកណ្តាល Laurent Koscielny និងអាល្លឺម៉ង់ទៅកាន់ កីឡាករ Per Mertesacker។

៤-Romelu Lukaku៖


ខ្សែប្រយុទ្ធមុតស្រួចចំណូលថ្មី វ័យ២៤ ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United រូបនេះ ចេះភាសាច្រើនណាស់ ពោលគឺរហូតដល់ទៅ ៦ភាសាឯណោះដែលរួមមាន ភាសាហូឡង់ បារាំង អង់គ្លេស ព័រទុយហ្គាល់ លីងកាឡា (ភាសាមួយក្នុងប្រទេស កុងហ្គោ) និងអេស្ប៉ាញ ។ មិនតែប៉ុណ្ណោះ កីឡាករសញ្ជាតិបែលហ្សិករូបនេះក៏អាចស្តាប់យល់ភាសាអាល្លឺម៉ង់ផងដែរ។

៥-Henrikh Mkhitaryan៖


ខ្សែបម្រើប្រយុទ្ធកណ្តាល និងស្លាបល្បឿនលឿនរបស់ក្រុមបិសាចក្រហមរូបនេះ អាចមានសមត្ថភាពនិយាយច្រើនជាងមិត្តរួមក្រុមខ្លួន Lukaku ទៅទៀត គឺដល់ទៅ ៧ភាសា។ កីឡាករសញ្ជាតិអាម៉េណៀ ឆ្នើមរូបនេះចេះនិយាយ ភាសាអាម៉េណៀ (ភាសាកំណើត) អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ុយក្រែន រុស្ស៊ី និងព័រទុយហ្គាល់ ៕

 

 


ចែករំលែក៖