ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃពុធ ទី៣ ខែសីហា បានពិពណ៌នាហៅមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនថា ជាមនុស្ស«ល្ងីល្ងើ» និងជា «កូនប្រុសរបស់ឆ្កេញីម្នាក់» មុនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដែលទីក្រុងម៉ានីល នឹងរៀបចំកិច្ចប្រជុំអន្តរជាតិមួយស្តីពីដំណោះស្រាយការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ទីក្រុងព្យុងយ៉ាង។
នៅសប្តាហ៍ក្រោយនេះ ហ្វីលីពីននឹងរៀបចំធ្វើជាម្ចាស់កិច្ចប្រជុំអន្តរជាតិដ៏កម្រមួយ ដែលរដ្ឋមន្ត្រីការបរទេសប្រទេសពាក់ព័ន្ធនានានឹងចូលរួមប្រជុំដោះស្រាយចំពោះបញ្ហាជាប់គាំងនៅឧបទ្វីបកូរ៉េ។
កូរ៉េខាងជើងបានផលិតមីស៊ីល និងនុយក្លេអ៊ែរដែលអាចវាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិក ហើយមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនបានថ្លែងថា ការសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបកាលពីថ្ងៃសៅរ៍របស់កូរ៉េខាងជើងកន្លងមកនោះ បានបង្ហាញថា កាំជ្រួចមីស៊ីលនេះវាអាចបាញ់ទៅដល់ប្រទេសជាច្រើន។
លោក Duterte បានប្រាប់ក្រុមមន្ត្រីពន្ធដារនៅក្នុងសុន្ទរកថាមួយថា: «លោកគីម ជុងអ៊ុន ល្ងីល្ងើ … គាត់កំពុងលេងជាមួយតុក្កតារក្មេងលេងដែលមានគ្រោះថ្នាក់។ បើសិនជាមានការធ្លោះធ្លោយនោះ តំបន់បូព៌ានឹងក្លាយទៅជាដីស្ងួតហួតហែង។ ត្រូវតែបញ្ឈប់ បញ្ឈប់សង្គ្រាមនុយក្លេអ៊ែរនេះទៅ” ។
លោកបន្តថា «បើការប្រឈមមុខដាក់គ្នាហើយនោះ វានឹងមានការផ្ទុះនៅទីនេះ ខ្ញុំសូមប្រាប់អ្នកថា វានឹងបំផ្លាញធនធានគ្រប់យ៉ាង ហើយខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងដល់យើងនោះឡើយ»។
សូមបញ្ជាក់ នៅក្នុងឆ្នាំ២០១៧នេះ លោក Duterte គឺជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយ រដ្ឋមន្ត្រីការបរទេសរបស់ហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះវេទិកាតំបន់អាស៊ាន ដែលចូលរួមជួបជុំគ្នាចំនួន២៧ប្រទេស ក្នុងនោះមានរួមបញ្ចូលរដ្ឋមន្ត្រីការបរទេសពីប្រទេសអូស្ត្រាលី, ចិន, ឥណ្ឌា, ជប៉ុន, រុស្ស៊ី, កូរ៉េខាងជើង, កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ។
វាមិនមែនជាលើកទីមួយទេ ដែលលោក Duterte រិះគន់លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងពាក់ព័ន្ធអំពីមហិច្ឆតានុយក្លេអ៊ែរនោះ។ កាលពីមេសា ឆ្នាំ២០១៧ លោក Duterte បានសាកសួរពីភាពស្មុគស្មាញរបស់លោក ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកបង្ហាញការអត់ធ្មត់ និងមិនត្រូវតាមបុរសម្នាក់ដែល«ចង់បញ្ចប់ពិភពលោក»នោះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ដែលត្រូវចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងម៉ានីលសប្តាហ៍ក្រោយដែរនោះ កាលពីថ្ងៃ២ ខែសីហា កន្លងមកនេះ បានថ្លែងថា លោកមានបំណងពិភាក្សាជាមួយកូរ៉េខាងជើងអំពីចំណុចមួយចំនួន ដើម្បីបញ្ជាក់ថា កូរ៉េខាងជើងមិនមែនជាសត្រូវរបស់អាមេរិកទេ ហើយសហរដ្ឋអាមេរិក ក៏មិនបានព្យាយាមផ្តួលរំលំរបបទីក្រុងព្យុងយ៉ាងនោះដែរ ៕