ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៧ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកមហោស្រពសិល្បៈ ដណ្តាំស្លម្ហូបអាហារខ្មែរលើកទី១ សម្រាប់ឆ្នាំ ២០១៧ ដោយប្រកួតប្រជែងលើវិញ្ញាសារ សម្លរកកូរត្នោត បង្អែមបបរត្នោតខ្មែរ និងម្ហូបប្រចាំតំបន់ ដើម្បីជ្រើសរើសអ្នកដែលមានស្នាដៃឯកលើមុខម្ហូបខ្មែរ ដើម្បីជាការចូលរួមប្រកួតប្រជែងមហោស្រពសិល្បៈដណ្តាំស្លរម្ហូបអាហារខ្មែរ សម្រាប់ថ្នាក់ជាតិនាពេលខាងមុខ។
លោក លឹម ប៊ុនហេង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការបើកមហោស្រពសិល្បៈដណ្តាំស្លរម្ហូបអាហារខ្មែរលើកទី១ នេះ មានវិញ្ញាសារ ៣ ដែលសំខាន់ៗ គឺ៖ សម្លរកកូរត្នោតខ្មែរ បង្អែមបបរត្នោតខ្មែរ និងម្ហូបប្រចាំតំបន់ ហើយមហោស្រពនេះជាការចាប់ផ្តើមលើកទី ១ ក្នុងប្រកួតប្រជែងការធ្វើម្ហូបខ្មែរ ដោយប្រើប្រាស់ផលិតផលខ្មែរក្នុងខេត្តប៉ៃលិន ដើម្បីបង្ហាញពីការច្នៃប្រឌិត និងស្នាដៃម្ហូបខ្មែរជាសកលមួយផង និងដើម្បីជ្រើសរើសអ្នកដែលមានស្នាដៃឯកលើមុខម្ហូបខ្មែរ ទៅចូលរួមការប្រកួតប្រជែងមហោស្រពសិល្បៈដណ្តាំស្លរម្ហូបអាហារខ្មែរ សម្រាប់ថ្នាក់ជាតិ ក្នុងកម្មវិធីមហោស្រពសិល្បៈ ដណ្តាំស្លរម្ហូបអាហារខ្មែរលើកទី ១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ដល់ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌល កោះពេជ្រ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលបានចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្បៈដណ្តាំស្លរម្ហូបអាហារខ្មែរ ក្នុងខេត្តប៉ៃលិន បានសំដែងនូវភាពសប្បាយរីករាយយ៉ាងខ្លាំង ជាពិសេសពួកសូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានរៀបចំមហោស្រពសិល្បៈដណ្តាំស្លរម្ហូបអាហារខ្មែរ សម្រាប់ថ្នាក់ជាតិក្នុងខេត្តប៉ៃលិននេះឡើង ដើម្បីផ្តល់ឱកាសឱ្យពួកគាត់បានបញ្ចេញសមត្ថភាព ជំនាញ និងទេពកោសល្យក្នុងការធ្វើម្ហូបខ្មែរ។ (ឃ្លីប Clip 001-02-08-2017)
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ខេត្តប៉ៃលិនជាខេត្តមួយដែលពោរពេញទៅដោយសក្តានុពលកសិកម្ម និងទេសចរណ៍ ដោយផ្តើមចេញពីភូមិមួយ ផលិតផលមួយ ដែលយើងត្រូវមានភាពច្នៃប្រឌិត ក៍ដូចជាភាពទាក់ទាញលើម្ហូបអាហារខ្មែរយើង ប្រចាំតំបន់នីមួយៗដែលមានគុណភាពនិងសេវាកម្មល្អ ដូច្នេះមហោស្រពសិល្បៈ ដណ្តាំស្លរម្ហូបអាហារខ្មែរនាពេលនេះ គឺមានសារៈសំខាន់ណាស់ ព្រោះយើងបានបើកឱកាសឱ្យប្រជាពលរដ្ឋ និងមហាជន បានបង្ហាញស្នាដៃដ៏ប៉ិនប្រសព្វរបស់ខ្លួន ក្នុងការធ្វើមុខម្ហូបខ្មែរ។
លោក កើត សុធា បានបញ្ជាក់ថា៖ កាលពីមុនគេ ស្គាល់ខេត្តប៉ៃលិន តាមរយះត្បូងបរប៉ៃលិនដ៏មានតម្លៃ លោកយាយយ៉ាត និងផ្លែមៀនប៉ៃលិន ដូច្នេះយើងត្រូវរួមគ្នាបន្តផ្សព្វផ្សាយវប្បធម៌លើវិស័យម្ហូបអាហារ និងបង្អែមខ្មែរប្រចាំតំបន់ អោយភ្ញៀវជាតិ អន្តរជាតិបានស្គាល់ ឱ្យបានទូលំទូលាយបន្ថែមទៀត ព្រោះនេះជាមោទនភាព និងភាពទាក់ទាញមួយបន្ថែមទៀតសម្រាប់ខេត្តប៉ៃលិនរបស់យើង។
បើតាមការបញ្ជាក់របស់លោក ព្រំ រដ្ឋា អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានឱ្យដឹងថា៖ ការដាក់តាំងម្ហូបអាហារខ្មែរក្នុងកម្មវិធីបើកមហោស្រពសិល្បៈ ដណ្តាំស្លរម្ហូបអាហារខ្មែរលើកទី១ សម្រាប់ឆ្នាំ ២០១៧ ខេត្តប៉ៃលិន លើវិញ្ញាសារ សម្លរ កកូរត្នោតម្ហូបប្រចាំតំបន់ និងបង្អែមបបរត្នោតខ្មែរ និងម្ហូបប្រចាំតំបន់ មានចំនួន ០៩ស្តង់ មកពីភោជនីយដ្ឋាន អាហារដ្ឋាន និងចុងភៅប្រចាំតំបន់ផ្សេងៗគ្នាក្នុងខេត្តប៉ៃលិន និងការដាក់តាំងផលិតផលមន្ទីរកិច្ចការនារី ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងវិជ្ជាជីវៈ ហើយជាលទ្ធផល ភោជនីយដ្ឋានតែថេងហួត ទទួលបានជ័យលាភីលេខ ០១ ផ្នែក សម្លរកកូរត្នោត ភោជនីយដ្ឋានពេញចិត្ត ទទួលបានជ័យលាភីលេខ ០១ ផ្នែកបង្អែមត្នោត និង ទទួលបានជ័យលាភីលេខ ០១ ផ្នែកអាហារប្រចាំតំបន់ បានទៅ លោក ស៊ុន សាវី ហើយចំពោះអ្នកដែលទទួលបានជ័យលាភីលេខ១ នឹងត្រូវទៅចូលរួមការប្រកួតប្រជែងនៅថ្នាក់ជាតិ ក្នុងកម្មវិធីមហោស្រពសិល្បៈ ដណ្តាំស្លរម្ហូបអាហារខ្មែរលើកទី ១៨ នៅរាជធានីភ្នំពេញ៕ ស សារ៉េត