ករណីចុះបង្ក្រាបក្រុមអ្នកញៀនល្បែងបៀរទាំងនេះ ធ្វើឡើង កាលពីវេលាម៉ោង ១៣ និង៤៥នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅក្នុងចំណុចដីឡូត៍ ដ៍ធំមួយកន្លែង ក្បែរស្ពាន អាកាសទើបសង់ថ្មី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់អោយដឹងថា កន្លងមកលោកអភិបាលខណ្ឌសែនសុខ នៅក្នុងកិច្ចប្រជុំផ្សេងៗ តែងតែ ណែនាំទៅដល់មន្ត្រីក្រោមឨវាទទាំងអស់ រួមទាំង អាវុហត្ថមូលដ្ឋាន ក៍ដូចជានគរបាលប៉ុស្តិ៍ និងនគរបាលអធិការដ្ឋានខណ្ឌសែនសុខ ត្រូវយកចិត្ត ទុកដាក់ ពង្រឹងភារកិច្ច ការពារ សុខសន្តិសុខជូនប្រជាពលរដ្ឋ បង្ក្រាបបទល្មើសគ្រឿងញៀន ជាពិសេសត្រូវលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ កុំអោយកើតមាននៅក្នុងមូលដ្ឋាន ។
ប្រភពព័ត៍មានពីសមត្ថកិច្ចប្រាប់ បន្តថា ដោយអនុវត្តន៍តាមការណែ នាំពីលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ សម្រាប់ថ្ងៃនេះ កម្លាំងនគរបាលខណ្ឌសែនសុខនិងដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងនគរបាលប៉ុស្តិ៍ទឹកថ្លា បានចុះបង្ក្រាប វង់ល្បែងបៀរមួយកន្លែង ដែលប្រជាពលរដ្ឋប្រាប់ថា លួចលេងជាយូរមកហើយ នៅក្នុងចំណុចដីឡូត៍ ដ៍ធំមួយកន្លែង ក្បែរស្ពានអាកាសទើបសង់ថ្មីជាប់ផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាលទ្ធផល ឃាត់បានមនុស្ស ៧នាក់ក្នុងមានម្នាក់ជាម្ចាស់ផ្ទះចាំដីអោយគេ ឈ្មោះ ចាប វណ្ណធី ភេទប្រុសអាយុ២៤ឆ្នាំនិង ដកហូត បៀរ ចំនួន ១១ហ៊ូ និងម៉ូតូ ចំនួន ១៩គ្រឿង នាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ ៕ តុង សីហា