ព័ត៌មានទាន់ហេតុការណ៍៖

ក្លាយជាមន្ទិលសង្ស័យ ពេលសាលក្រមរឿងក្តីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានលោក ថោង សារ៉ាត់ ជាមេខ្លោង ពន្យារពេលប្រកាសជិត៣ខែ ពុំទាន់សម្រេច

ចែករំលែក៖

ភ្នំពេញ៖ស្ទើរក្លាយជាមន្ទិលសង្ស័យគ្រប់មជ្ឈដ្ឋានទៅហើយ នៅពេលសាលក្រមរឿងក្ដីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានលោក ថោង សារ៉ាត់ សេដ្ឋីស្តុកស្តម្ភនៅកម្ពុជា ពន្យារពេលជិត៣ខែហើយ ពុំទាន់សម្រេច ។

អ្នកច្បាប់មួយរូប អះអាងថា រឿងក្តីព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋ ដែលពន្យារពេលប្រកាសសាលក្រម គឺ មិនមានកំណត់ក្នុងច្បាប់នោះទេ តែអ្នកច្បាប់រូបនេះ និយាយលេងបន្លំមែន ថា គ្រាន់តែអាចបង្កប់នូវភាពមិនប្រក្រតីតែប៉ុណ្ណោះ ។

ប្រភពព័ត៌មានមួយអះអាងថា ការពន្យារពេលដ៏យូរនេះ គឺទុកពេលឲ្យអ្នករត់ការទៅសុំអន្តរាគមន៍ពីថ្នាក់លើដើម្បីជួយបន្ធូរបន្ថយទោសឬលើកលែងទោសឲ្យលោកថោង សារ៉ាត់និងគូកន។

លោក គា អ៊ាវ មេធាវីការពារជនជាប់ចោទ បានថ្លែងថា ក្រឡាបញ្ជីបានទូរស័ព្ទប្រាប់លោកថាសាលក្រមនេះត្រូវលើកពេលប្រកាសសាលក្រម ហើយនឹងជូនដំណឹងពេលក្រោយ ។ លោកមេធាវី មិនច្បាស់អំពីមូលហេតុនៃការលើកពេលប្រកាសសាលក្រមនេះទេ ។

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។

ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ចេស្តា


ចែករំលែក៖