ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជារៀបចំពិធីស្វាគមន៍ អត្តពលិកដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍ជើងឯក អាស៊ីអាគ្នេយ៍នៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានរៀបចំពិធី អប់អរសាទរ កីឡាករកីឡាការិនី របស់ខ្លួន បន្ទាប់ពីបានវិលត្រឡប់ ពីការប្រតួត ជ្រើសរើសជើងឯកកីឡាតុងហ្គីលម៉ូដូ អាស៊ីអាគ្នេយ៍ឆ្នាំ២០១៧ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ កាលពីថ្ងៃទី២៩ -៣០ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធជាច្រើនរូប នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។

លោកចំរើន សុផល អគ្គលេខាធិការ សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានឲ្យដឹងថា ប្រតិភូកីឡាតុងហ្គីលម៉ូដូកម្ពុជា ទទួលបានការអនុញ្ញាត ពីក្រសួងអប់រំយុវជននិងកីឡា ដើម្បីដឹកនាំ កីឡាករកីឡាការិនី៩នាក់ និងប្រតិភូ៣នាក់ទៅចូលរួមប្រកួតកីឡាតុងហ្គីលម៉ូដូ ជើងឯកអាស៊ីអាគ្នេយ៍ (ASIAN TONG IL MOO DO MARTIAL ARTS CHAMPIONSHIP 2017 ) នៅទីក្រុងឈឆៀងម៉ៃប្រទេសថៃ ។ ជាលទ្ធផល កីឡាករកីឡាការិនី តុងហ្គីលម៉ូដូ ដណ្តើមបានមេដាយ មាស ប្រាក់ និងមេដាយសំរឹទ្ធិ ដូចជា វិញ្ញាសាសម្តែងជាក្រុម បុរស់ ទទួលបានចំណាត់ថ្នាក់លេខ១ សម្តែងក្រុមនារី ចំណាត់ថ្នាក់លេខ៣ ។ វិញ្ញាសាសម្តែងឯក្តជនបុរស់ចំណាត់ថ្នាក់លេខ២ កីឡាករ សួន កូស៊ុល និងសម្តែងឯក្តជននារី ទទួលបានចំណាត់ថ្នាក់លេខ៣ដោយកីឡាការិនី ម៉ាន់ សូម៉ា។

វិញ្ញាសាប្រយុទ្ធផ្នែកបុរស ចំណាត់ថ្នាក់លេខ១ ប្រភេទទម្ងន់៦៥គីឡូក្រាម កីឡាករ ស៊ឹម ប៊ុនស្រ៊ុន ចំណាត់ថ្នាក់លេខ២ប្រភេទទម្ងន់ ៨៥គីឡូក្រាម កីឡាករហូរ ប៉េងលៀប និងចំណាតថ្នាក់លេខ៣ ប្រភេទទម្ងន់ ៧៥គីឡូក្រាមកីឡាករ ញិល យុកអ៊ីល។ វិញ្ញាសាប្រយុទ្ធផ្នែកនារី លេខ២ប្រភេទទម្ងន់ ៤៩គីឡូក្រាម កីឡាករ ហុង គីមហួយ លេខ៣ប្រភេទទម្ងន់៥៥គីឡូក្រាម កីឡាការិនី ស៊ីថា ស្រីលីន និងចំណាត់ថ្នាក់លេខ៣ប្រភេទទម្ងន់ ៦០គីឡូក្រាម កីឡាការិនី ប៉ូច វឌ្ឍនា ។

លោក Hajime Saito ប្រធានសហព័ន្ធសន្តិភាពសកលឥណ្ឌូចិន មានប្រសាសន៍ថា លោកបានសម្តែងនូវការគាំទ្រចំពោះថ្នាក់ដឹកនាំរបស់ក្រសួងអប់រំយុវជននិងកីឡា ពិសេសការអប់រំយុវជនតាមរយៈវិស័យកីឡា ។ លោកពិតជាមានមោទនភាពយ៉ាងខ្លាំងក្នុង ប្រធាន សហព័ន្ធសន្តិភាពសកលឥណ្ឌូចិន ដែលបានឃើញ ភាពជោគជ័យ របស់កីឡាករកីឡាការិនីកម្ពុជា ដណ្តើមមេដាយយ៉ាងច្រើនក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតុងហ្គីលម៉ូដូ ជើងឯកអាស៊ីនៅប្រទេសថៃ ដែលជាឱកាសបង្ហាញពីស្នាដៃឲ្យពិភពលោក ។

លោក ជ័យ ចាប់ទីប្រឹក្សាសម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជា ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា មានប្រសាសន៍ថា អ្វីគូឲ្យកត់សម្គាល់សម្រាប់កីឡាករកីឡាការិនី កម្ពុជា ទាំង៩នាក់ប៉ុន្តែពួកគាត់ ដណ្តើមយកមេដាយ បានរហូតដល់១៣គ្រឿងពីការប្រកួតកីឡាតុងហ្គីលម៉ូដូជើងឯកអាស៊ីអាគ្នេយ៍ នៅ ប្រទេសថៃឆ្នាំ២០១៧ ។

លោកប្រធានសហព័ន្ធបានបន្តថា ថ្វីបើកីឡាតុងហ្គីលម៉ូដូកម្ពុជា ជាប្រភេទកីឡាថ្មី ប៉ុន្តែ ឆ្លងកាត់ការហ្វឹកហាត់ដោយយកចិត្តទុក សំណាក់គ្រូជំនាញ ធ្វើឲ្យកីឡាករកីឡាការិនីមានសមត្ថភាពខ្ពស់ ទន្ទឹមនិងភាពជោគជ័យនេះដែរ លោកសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា ថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងជួយជ្រុំជ្រែង កីឡាតុងហ្គីលម៉ូដូ ទាំងមធ្យោបាយ ធ្វើដំណើរ និងការហ្វឹកហាត់៕ សារីម


ចែករំលែក៖