ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍៖ កិច្ចសហប្រតិបត្តិការល្អជាមួយចិន កម្ពុជានឹងទទួលបានភ្ញៀវចិន២លាននាក់

ចែករំលែក៖

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបង្ហាញក្ដីរំពឹងថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាមួយភាគីចិន កម្ពុជានឹងទទួលបាននូវភ្ញៀវទេសចរចិន ប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២០ ខាងមុខ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី យ៉ាង ស៊ីពីង អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន នៅ ទីស្ដីការ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ លោក ទិត ចន្ថា រដ្ឋមន្រ្តីស្ដីទីក្រសួង ទេសចរណ៍ បានបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា ចិនបានប្ដេជ្ញាថា នឹងបន្តកិច្ច សហប្រតិបត្តិការជាមួយភាគី ពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាជំរុញកំណើនទេសចរ និងអ្នកវិនិយោគ ចិនឱ្យមកទស្សនា និងវិនិយោគ នៅកម្ពុជាកាន់តែច្រើនឡើង ពិសេសដើម្បីសម្រេចគោលដៅរបស់ រាជរដ្ឋាភិបាល កម្ពុជាទទួលបាន ទេសចរចិនយ៉ាងតិច២លាននាក់នៅឆ្នាំ២០២០។

លោកបានបន្ដថា ក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន បន្តកិច្ចសហ ប្រតិបត្តិការ ជាមួយគ្នាលើការងារពាក់ព័ន្ធនានា ដូចជាការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការទាក់ ទាញទេសចរ និងអ្នកវិនិយោគចិន ការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ នៃប្រទេសទាំងពីរ ការបង្កើនផលិតផល ទេសចរណ៍ថ្មីៗ ការផលិតជាឯកសារភាពយន្ត ដែលរៀបរាប់បង្ហាញពីតំបន់ទេសចរណ៍ ការពង្រីកប្រព័ន្ធ ព័ត៌មានផ្សព្វផ្សាយ និងការងារមួយចំនួនទៀត។ ទន្ទឹមនេះ ការពង្រឹងកិច្ច សហប្រតិបត្ដិការនេះ ក្នុងគោល ដៅដើម្បីធ្វើយ៉ាងណាជំរុញ ឱ្យប្រជាជន ភ្ញៀវទេសចរ និងអ្នកវិនិ យោគនៃប្រទេសទាំងពីរ ទៅមកស្វែងយល់ ទស្សនាកម្សាន្ត និងវិនិយោគកាន់តែច្រើនឡើងថែមទៀត ខណៈរដ្ឋាភិបាលប្រទេសទាំងពីរ កំពុងមានទំនាក់ ទំនងកាន់តែជិតស្និទ។

លោក រដ្ឋមន្រ្តី ស្ដីទីបានបន្ថែមទៀតថា ភាគីទាំងពីរបានពិភាក្សាគ្នារកវិធីសាស្រ្តបង្កើនកិច្ចសហប្រតិបត្តិការ បង្កើនសកម្មភាពការងារ និងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ បង្កើនការផ្សព្វ ផ្សាយសក្ដានុពល ទេសចរណ៍ ពីគ្នាទៅវិញទៅមក រៀបចំសន្និសីទអន្តរជាតិ វេទិកាអន្តរជាតិនានា ការចូលរួមកិច្ចប្រជុំ ការតាំង ពិព័រណ៍ទេសចរណ៍ ការធ្វើទស្សនកិច្ច ការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសការបញ្ជ្រាបតំបន់ ទេសចរណ៍ ទៅដល់ប្រជាជន ភ្ញៀវទេសចរ និងអ្នកវិនិយោគនៃប្រទេស ទាំងពីរ សំដៅទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចិនមកកាន់កម្ពុជាថែមទៀត ក៏ដូចជាឱ្យទេសចរ កម្ពុជាទៅទស្សនាប្រទេសចិនផងដែរ។

ក្រៅពីនេះ ភាគីទាំងពីរក៏ត្រូវពង្រីកជើងហោះហើរត្រង់បន្ថែមទៀតដែរ ពិសេសតភ្ជាប់ទៅ តំបន់ខេត្តព្រះវិហារ ខេត្តកំពង់ធំ (តំបន់ប្រាសាទសំបូរព្រៃគុក) តំបន់ភាគឦសាន តំបន់ឆ្នេរសមុទ្រ និងតំបន់ដែលមានសក្ដានុពល ទេសចរណ៍មួយចំនួនទៀត ខណៈបច្ចុប្បន្ននេះ ជើងហោះហើរត្រង់ ប្រមាណ ៤០០ជើងហើយ បានធ្វើដំណើរ ទៅមកកម្ពុជា-ចិន-កម្ពុជាក្នុងមួយសប្ដាហ៍។

សូមរម្លឹកថា នៅឆ្នាំ២០១៦ ទេសចរចិនដែលមកទស្សនាកម្ពុជាមានជាង ៨០ម៉ឺននាក់ កើនឡើង ២០ភាគរយ។ ដោយឡែកក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ទេសចរចិនដែលមក ទស្សនាកម្ពុជាមានជាង៥០ម៉ឺននាក់ កើនឡើង ៤០ភាគរយ។ បើតាមការរំពឹងទុកនៅឆ្នាំ២០១៧នេះ កម្ពុជាអាចនឹងទទួលបានទេសចរចិន ជាង ១លាននាក់ ដែលកំណើននេះត្រូវបានវាយតម្លៃថា កើនឡើងខ្លាំង៕ ហេង សូរិយា


ចែករំលែក៖