ខេត្តស្ទឹងត្រែង៖ កន្លងទៅ ពាក់ព័ន្ធទៅនឹងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តស្ទឹងត្រែង ក៏ដូចជាឆ្លងកាត់ខេត្តមួយនេះ ត្រូវបានគេទម្លាយយ៉ាងច្បាស់អំពីសមាសភាពសមត្ថកិច្ច អាជ្ញាធរ ជំនាញ ស្ថាប័នពាក់ព័ន្ធជិត៣០ស្ថាប័ន ដែលបានទទួលផលប្រយោជន៍ពីរថយន្តដឹកជញ្ជូនឈើល្មើសច្បាប់យ៉ាងតិចក្នុងមួយស្ថាប័នចាប់ពី៦ម៉ឺនរៀល រហូតដល់៣០០ដុល្លារទៅលើរថយន្តដឹកជញ្ជូនឈើសាំយ៉ុងមួយគ្រឿង។ ករណីនេះ ពិតជាមានការភ្ញាក់ផ្អើលទាំងមន្ត្រីសមត្ថកិច្ចអាជ្ញាធរទាំងនោះ ម្នាក់ៗកំពុងតែឆ្ងល់ថា ហេតុអ្វីបានព័ត៌មាននេះបែកធ្លាយ ហើយជាការពិតដូចបើកគ្របអាប៉ោងចាក់?
ដោយមានអំពើពុករលួយជាលក្ខណៈប្រព័ន្ធបង្កើតឲ្យមានបទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់នៅខេត្តស្ទឹងត្រែង កើតចេញពីហេតុផលខាងលើនេះ អាចមានការស្តីបន្ទោស ឬដាក់ភាពសង្ស័យពីថ្នាក់លើ ក៏ដូចជាថ្នាក់លើបានទទួលសំណែនដែរនោះ ខ្លាចបែកពាងប្រហុកស្អុយទាំងអស់គ្នា ក៏បង្ខំចិត្តឲ្យផ្អាកដឹកជញ្ជូនមួយរយៈ។ ប៉ុន្តែរយៈពេលមួយសប្តាហ៍នេះ សកម្មភាពដឹកជញ្ជូនឈើចាប់ផ្តើមបន្តឡើងវិញ ក្នុងនោះគេបានប្រើរូបភាពយករថយន្តសាំយ៉ុង រថយន្តកាមរីបាឡែន ដឹកជញ្ជូនឈើប្រភេទធ្នង់ពីទឹកដីស្រុកសៀមប៉ាងយកមកស្តុកទុកនៅទីរួមខេត្តស្ទឹងត្រែង ហើយពេលយប់គេដឹកបន្តទៅកាន់ខេត្តក្រចេះ ស្រុកស្នួល ក្នុងមួយយប់មានពី៤គ្រឿងទៅ៦គ្រឿង ក្នុងនោះត្រូវបានគេបញ្ជាក់ថា សម្រាប់រថយន្តសាំយ៉ុងត្រូវចំណាយប្រាក់រត់ការផ្លូវអស់មិនតិចជាង២ពាន់ដុល្លារ ដោយឡែកឡានបាឡែន ប្រហាក់ប្រហែល១ពាន់ដុល្លារ។ អ្នករត់ការមានឈ្មោះថា វ៉ាន់នី និងឈ្មោះ ម៉ៅ ។ អ្នកទាំងពីរមានតួនាទីរត់ការ បែងចែកដាច់ដោយឡែកពីគ្នា បានន័យថា ឈ្មោះ វ៉ាន់នី រត់ការយកលុយទៅចាយសម្រាប់ស្ថាប័នសមត្ថកិច្ច ដោយឡែកលោក ម៉ៅ ដែលជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឈរជើងប្រចាំខេត្តស្ទឹងត្រែងផងនោះ គាត់ជាអ្នករត់ការបែងចែកលុយឲ្យទៅខាងមន្ត្រីស៊ីវិល អាជ្ញាធរ។ អ្នករត់ការឈ្មោះម៉ៅ កំពុងប្រព្រឹត្តបំពានទៅនឹងផ្លូវច្បាប់ ក៏ដូចជារំលោភបំពានឋានៈតួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកបង្ក្រាប បែរជាចេញមុខរត់ការក្នុងបទល្មើសឈើនេះទៅវិញ។ គួររំលឹកថា កន្លងទៅលោកឧត្តមសេនីយ៍ ឆាយ គឹមខឿន នាយសេនាធិការ អគ្គស្នងការនគរបាលជាតិធ្លាប់បញ្ជារួចមកហើយតម្រូវឲ្យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃត្រូវតែដកកម្លាំងឲ្យអស់ពីតាមបណ្តាខេត្តដែលខ្លួនឈរជើង ចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧មកម្ល៉េះ ក្នុងនោះ លោកក៏បានគំរាមថា នឹងឲ្យស្នងការនគរបាលតាមបណ្តាខេត្តនាំខ្លួនទៅលើមន្ត្រីណា ដែលមិនបានអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ។ ផ្ទុយទៅវិញ មន្ត្រីនគរបាលសេដ្ឋកិច្ចឈ្មោះ ម៉ៅ នេះ មិនត្រឹមតែមិនដកខ្លួនចេញពីខេត្តស្ទឹងត្រែងប៉ុណ្ណោះទេ គាត់គឺជាមេក្លោងចេញមុខរត់ការរាល់ការដឹកជញ្ជូនឈើនៅខេត្តស្ទឹងត្រែងនេះយូរឆ្នាំមកហើយ ក្នុងនោះសូម្បីតែករណីយាយ ព្រឿង ជាមេឈ្មួញឈើដ៏ធំនៅខេត្តមួយនេះ មុនត្រូវបានចាប់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ ម៉ៅ នេះក៏ជាអ្នករត់ការផ្លូវឲ្យយាយព្រឿង ដឹកឈើយ៉ាងគឃ្លើន។ ដូច្នេះ លោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក៏ដូចជាលោកនាយសេនាធិការអគ្គស្នងការនគរបាលជាតិគួរមានវិធានការក្នុងរឿងនេះផងដែរ។
អាជ្ញាធរមូលដ្ឋាននៅខេត្តស្ទឹងត្រែងខ្លះនិយាយថា ពិបាកដែរ បើមិនមានបទល្មើសនេះខ្លះ កុំថាឡើយ សមត្ថកិច្ចអាជ្ញាធរ សូម្បីតែប្រជាជនក៏គាត់មិនដឹងជាទៅរកមុខរបរអីក្រៅពីបទល្មើសឈើនេះ។ ការលើកឡើងបែបនេះ បើទោះជានិយាយលេង ឬពិត ចាត់ទុកថា ពួកគាត់មានកំហុស ខ្វះការទទួលខុសត្រូវទៅលើវិធានការទប់ស្កាត់បទល្មើសព្រៃឈើ ទើបបទល្មើសនេះ បន្តនៅកើតមានជាដដែល ប៉ុន្តែជាលក្ខណៈទ្រង់ទ្រាយតូចជាងពេលមុនៗ ។ កន្លងទៅមានការដឹកជញ្ជូនឈើពីស្រុកសៀមប៉ាងមកកាន់ខេត្តស្ទឹងត្រែង ជាប្រភេទឈើធ្នង់ បន្តទៅខេត្តក្រចេះ ស្រុកស្នួល និងយកទៅស្តុកទុកនៅចំណុចស្រែពក រវាងព្រំប្រទល់ខេត្តស្ទឹងត្រែង នឹងខេត្តរតនគិរី។ ក្រៅពីនោះក៏មានការដឹកជញ្ជូនឈើគ្រញូងពីទឹកដីឡាវឆ្លងកាត់ច្រកអន្តរជាតិដុងក្រឡ ចូលខេត្តស្ទឹងត្រែង និងមានការដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារឆ្លងកាត់ខេត្តស្ទឹងត្រែងយកទៅស្រុកទុកនៅចំណុចស្រែពកយ៉ាងអនាធិបតេយ្យបំផុត។ បច្ចុប្បន្ន ការដឹកជញ្ជូនស្ថិតនៅក្រោមការលាក់លៀម បានន័យថា សមត្ថកិច្ចអាជ្ញាធរដែលមានចំនួនជិត៣០ស្ថាប័ន ធ្លាប់ទទួលប្រយោជន៍នោះ មិនដឹងឮ មិនធានា ប្រសិនបើការដឹកជញ្ជូនត្រូវបែកការ ដូច្នេះ បើពួកអស់លោកអ្នកដឹកជញ្ជូនឈើ អ្នករត់ការឈើ ដូចជាឈ្មោះ វ៉ាន់នី និងឈ្មោះ ម៉ៅ ចាត់ចែងមិនសមរម្យ ធ្វើឲ្យបែកការដោយប្រការណាមួយ ខ្លួនទីពឹងខ្លួន ឬបើចង់រកស៊ី ត្រូវតែចេះ រកស៊ី។
ពាក់ព័ន្ធករណីខាងលើនេះ នគរវត្តមិនអាចទាក់ទងបានទេទៅកាន់សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ប៉ុន្តែជាសំណូមពររបស់ប្រជាពលរដ្ឋ គាត់ចង់ឲ្យបទល្មើសនេះស្ងប់ស្ងាត់ ប្រសើរជាងមានចេតនាទទួលសំណូកពីបទល្មើសហើយបំផ្លាញធនធានធម្មជាតិដ៏កម្ររបស់យើងឲ្យរលាយហិនហោចនោះ៕ ល័ក្ម្សី