ព័ត៌មានទាន់ហេតុការណ៍៖

កោះប្រជុំដើម្បីពង្រឹងសារាចរមិនយកភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែងល្អី

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលក្រុងភ្នំពេញ បានកោះប្រជុំជាមួយអាជ្ញាធរដែនដី មន្ត្រីពាក់ពន្ធ័ និងប្រធានផ្សារនានាក្នុងរាជធានីភ្នំពេញជាលើកទី ៥ដើម្បីតាមដានពិនិត្យលើការអនុវត្តសារាចរលេខ ១១សរ របស់រាជរដ្ឋាភិបាល ដែលលុបការបង់ថ្លៃភាស៊ីពីអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ព្រមទាំងពិភាក្សាការងារពីស្ថានភាពផ្សារនានាក្នុងរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក នួន ផារ័ត្ន និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ។

អភិបាលរងរាជធានីភ្នំពេញបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានធ្វើកិច្ចប្រជុំអំពីរឿងនេះ ចំនួន០៤លើករួចមកហើយ ដើម្បីផ្សព្វផ្សាយ តាមដាន វាយតម្លៃ និងធ្វើស្ថិតិផ្សារក្នុងរាជធានីភ្នំពេញ និងដើម្បីពិភាក្សាពីបញ្ហាប្រឈម ដំណោះស្រាយ ការងារសណ្ដាប់ធ្នាប់ និងភាស៊ី ដើម្បីអនុវត្ដសារាចរលេខ ១១សរ ឱ្យកាន់តែមានប្រសិទ្ធិភាព និងអនុវត្ដតាមសៀវភៅបន្ទុក ព្រមទាំងកិច្ចសន្យាវិយោគ។

លោក នួន ផារ័ត្ន បានស្នើអោយក្រុមហ៊ុនវិនិយោគ និងគណៈកម្មការផ្សារ ត្រូវគោរពតាមសៀវភៅបន្ទុក ការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ អនាម័យ ការយកភាស៊ី ឱ្យប្រាកដនូវការអនុវត្ដតាមកិច្ចសន្យា សេចក្ដីណែនាំ សារាចរ និងច្បាប់ដែលពាក់ព័ន្ធនឹងការវិនិយោគជាដើម។

សូមជំរាបថា សារាចរលេខ ១១សរ ស្ដីពី ការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ត្រូវប្រមុខរាជរដ្ឋាភិបាល ចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងមក តម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារាជធានី ខេត្ដ និងអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្ដឱ្យកាន់តែមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវ ។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន បានបញ្ជាក់ថា ការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នេះ ដែលជាការយកចិត្តទុកដាក់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្រីក្រ៕ ហេង សូរិយា


ចែករំលែក៖