ព័ត៌មានទាន់ហេតុការណ៍៖

រឿង ហ្លួងព្រះស្តេចកន នឹងធ្វើឲ្យកក្រើកវិស័យភាពយន្តខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតខ្សែភាពយន្តបែបប្រវត្តិសាស្ត្រលើកដំបូងរបស់ខ្មែរ ដែលចំណាយទុនផលិតច្រើនជាងមួយលានដុល្លារ បានប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការហើយ។ ខ្សែភាពយន្តនេះនឹងត្រូវបានគេចាត់ទុតកថា ជាខ្សែភាពយន្តស្តីពីប្រវត្តិសាស្ត្រកម្ពុជា ក៏នឹងអាចជាភាពយន្តដែលទាក់ទាញអារម្មណ៍អ្នកទស្សនាបានច្រើនផងដែរ។

បន្ទាប់ពីបញ្ចេញ Trailer ជាផ្លូវការកាលពីថ្មីៗនេះបានធ្វើឲ្យមានភាពរញ្ជួយយ៉ាងខ្លាំងក្នុងវិស័យសិល្បៈភាពយន្តខ្មែរ និងក្រោយការកំណត់យកថ្ងៃទី១៨ ខែសីហានេះជាថ្ងៃចាក់បញ្ចាំងជាផ្លូវការនៅរោងភាពយន្តក្នុងស្រុក។

ក្នុងពិធីសនិសីទសាព័ត៌មានកាលពីថ្ងៃទី៣ ខែសីហានេះ ផលិតករល្បីឈ្មោះ លោក ម៉ៅ អាយុទ្ធ បានអះអាងថា ក្រោយការផលិតខ្សែភាពយន្តរឿង«ហ្លួងព្រះស្ដេចកន»ដែលបានប្រើពេលផលិតអស់រយៈពេល២ឆ្នាំ មិនមែនចំណាយអស់ត្រឹមតែ១លានដុល្លារ ដូចបានប្រកាសកាលពីពេលចេញថតនោះទេ គឺចំណាយអស់ជាង១លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនLYP Group ។ លោកបន្តថា នៅក្នុងឈុតខ្លះត្រូវចំណាយរហូតដល់២០ម៉ឺនដុល្លារឯណោះ ដើម្បីឲ្យរឿងមើលទៅដូចគ្នាពិតៗនឹងសម័យទិដ្ឋភាពជំនាន់ស្ដេចកន។ លោកបានហៅទម្រង់ភាពយន្តនេះថា ជារឿងដែលមានខ្ទង់ចំណាយមហាសាល ។លោកទ ទូច បានឲ្យកូនខ្មែរទៅទស្សនាខ្សែភាពយន្តប្រវត្តិសាស្រ្តមួយនេះឲ្យបានគ្រប់គ្នា ដោយសារតែការផលិតគឺក្រៅពីដកស្រង់ប្រវត្តិស្ដេចកនហើយ ក៏បានឆ្លុះបញ្ចាំងពីទិដ្ឋភាពសម្លៀកបំពាក់ និងវប្បធម៌ ខ្មែរនៅក្នុងសម័យនោះ ផងដែរ។ លោករំពឹងយ៉ាងមុតមាំថា ខ្សែភាពយន្តរឿង«ហ្លួងព្រះស្ដេចកន» នឹងក្លាយជារឿងប្រវត្តិសាស្រ្តប្រចាំឆ្នាំរបស់កម្ពុជា និងរំពឹងថា នឹងទទួលបានការគាំទ្រច្រើនលើសលប់ពីគ្រប់ស្រទាប់វណ្ណៈគ្រា ដែលនឹងការចាក់បញ្ចាំងក្នុងរោងភាពយន្តដ៏ខ្លីខាងមុខ។

ខ្សែភាពយន្តប្រវត្តិសាស្រ្តខ្មែររឿង «ហ្លួងព្រះស្តេចកន»ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូបមានដូចជា អ្នកស្រី ឌី សាវ៉េត លោក ធា សំនៀង លោក ទេព រិនដារ៉ូ លោក រស់ សោភ័ណ្ឌ កញ្ញា ឆុំ វត្តី ជាដើម។ សិល្បករប្រុសស្រីក្មេងចាស់ល្បីឈ្មោះជាច្រើនរូបទៀតបានបង្ហាញពីជំនឿខ្លាំងក្នុងការក្រសោបបានការគាំទ្រច្រើនពីអ្នកទស្សនាគ្រប់ទិសទី ហើយពួកគេក៏បានចាត់ទុកភាពយន្តនេះថា ជាខ្សែភាពយន្តដែលមានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយនឹងភាពយន្តនៃបណ្តាប្រទេសផ្សេងៗបានផងដែរ៕ វឌ្ឍនា


ចែករំលែក៖