ព័ត៌មានទាន់ហេតុការណ៍៖

លោកឡេង សោភណ្ឌ ជាមេក្លោងករណីវៀតណាមមកកាប់បំផ្លាញ ដឹកជញ្ជូនឈើហ៊ុបនៅចំណុចអូរហុច

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ គេនៅចាំបានថា ប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបទល្មើស កាប់បំផ្លាញ ដឹកជញ្ជូនឈើហ៊ុប ដោយជនជាតិវៀតណាម និងសមត្ថកិច្ចពាក់ព័ន្ធនៅចំណុចអូរហុចកាលពីព្រឹកព្រលឹមអុល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺមានការគាំទ្រយ៉ាងខ្លាំងក្លាពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ខណៈចាប់បាននូវការដឹកជញ្ជូនឈើក្នុងបទល្មើសជាក់ស្តែង ក្នុងនោះ ថែមទាំងចាប់យកនូវវត្ថុតាងជាឈើហ៊ុប រថយន្តបាកុង និងជនសង្ស័យជនជាតិវៀតណាម៧នាក់ បញ្ជូនទៅតុលាការ។

បទល្មើសទ្រង់ទ្រាយធំនេះ បានជាប់ពាក់ព័ន្ធទៅនឹងសមត្ថកិច្ច អាជ្ញាធរ ជនស៊ីវិល មន្ត្រីជំនាញជាច្រើននាក់ ដែលទទួលនូវកំហុសរដ្ឋបាល ក៏ដូចជាត្រូវបានដកតួនាទីភារកិច្ចក្នុងកំហុសទទួលប្រយោជន៍មិនបំពេញភារកិច្ច ទទួលប្រយោជន៍ធ្វេសប្រហែលភារកិច្ច ទទួលប្រយោជន៍ស្ថិតក្រោមឥទ្ធិពល កំហុសក្តាប់បទល្មើសមិនបាន កំហុសធ្វើមិនដឹងមិនឮ កំហុសមិនរាយការណ៍ និងមួយចំនួនទៀតកំហុសអ្នកផ្តើមគំនិត និងជាមេក្លោង អ្នកផ្តើមគំនិតជាមេក្លោង និងមិនបំពេញភារកិច្ច អ្នកសមគំនិត និងមិនបំពេញភារកិច្ច និងសមគំនិត។ បើទោះជាមានជនពាក់ព័ន្ធជាច្រើននាក់ ក្នុងនោះព័ត៌មានពីទឹកដីវៀតណាមមកវិញទេទម្លាយឲ្យដឹងថា មេក្លោងដែលជាប់ពាក់ព័ន្ធនឹងបទល្មើសអនុញ្ញាតឲ្យវៀតណាមចូលមកកាប់បំផ្លាញរំលំឈើហ៊ុបដឹកជញ្ជូនទៅប្រទេសវៀតណាមទាំងឡានៗ ហើយសមត្ថកិច្ចបង្ក្រាបចាប់បានជាក់ស្តែង គឺមានឈ្មោះលោកឡេង សោភណ្ឌ ជាមេក្លោង ក្នុងនោះគាត់ថែមទាំងជួលរថយន្តដឹកឈើវៀតណាមចំនួន៥គ្រឿងរកស៊ីដឹកជញ្ជូនឈើហ៊ុបនេះជាមួយនឹងឈ្មួញវៀតណាម ដោយឲ្យមន្ត្រីរបស់ខ្លួនជាអ្នកមើលការខុសត្រូវ។ មិនតែប៉ុណ្ណោះ ឡេង សោភណ្ឌ ដែលមានតួនាទីជាមេវរព្រំដែននគរបាលលេខ៦២១ ក៏បានទទួលសំណូកពីថៅកែវៀតណាមក្នុង១ខែ៦ម៉ឺនដុល្លារ លុយនេះយកតាមរយៈលោក ជុំ រតនា មេប៉ុស្តិ៍អូរជុំ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ផ្ទុយទៅវិញ លោកឡេង សោភណ្ឌ នៅតែមានឱកាសបំពេញការងារដដែល ខណៈលោកតូច យ៉ន់ ជាស្នងការខេត្ត និងជាមេកើយត្រូវបានផ្លាស់ប្តូរតំណែងពាក់ព័ន្ធបទល្មើសនេះ ក្នុងនោះនឹងមានការដោះដូរដកតំណែងមន្ត្រីយោធានគរបាល មន្ត្រីជំនាញជាច្រើនទៀតផងដែរ។ គេកំពុងដាក់ជាចម្ងល់ថា ហេតុអ្វីលោកឡេង សោភណ្ឌ មេបញ្ជាការវរព្រំដែនលេខ៦២១ ជាមេក្លោងនៃបទល្មើសនេះ មិនទាន់ត្រូវបានចាប់ខ្លួន ឬមានឈ្មោះក្នុងបញ្ជីខ្មៅ? ។ ពាក់ព័ន្ធករណីនេះ នគរវត្តមិនអាចទាក់ទងបានទេពីលោកឡេង សោភណ្ឌ ត្រង់ថា គាត់មានរថយន្តចំនួន៥គ្រឿងសម្រាប់ដឹកឈើហ៊ុបនៅចំណុចអូរហុចទៅវៀតណាម និងទទួលសំណូកពីឈ្មួញវៀតណាមក្នុង១ខែ៦ម៉ឺនដុល្លារ យកពីកូនចៅរបស់ខ្លួន លោកជុំ រតនា មេប៉ុស្តិ៍អូរជុំនោះ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ដោយទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។ ដោយឡែក លោក យ៉ា ណារិន ប្រធានសាលាដំបូងខេត្តមណ្ឌលគិរីបានប្រាប់នគរវត្តតាមទូរស័ព្ទថា ចំពោះករណីអូរហុច ខ្ញុំបានបញ្ជូនសំណុំរឿងតាមរយៈប្តូរសមត្ថកិច្ចតុលាការពីសាលាដំបូងខេត្តមណ្ឌលគិរី ទៅសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ ក្នុងសំណុំរឿងជនសង្ស័យជាជនជាតិវៀតណាម៧រូប។ លោកប្រធានសាលាដំបូងបន្តថា ដោយឡែកមន្ត្រីឯទៀតនោះ ដែលពាក់ព័ន្ធ ខ្ញុំមិនទាន់បានដឹងនៅឡើយទេថា សំណុំរឿងនេះត្រូវធ្វើយ៉ាងម៉េចទៀត។

គួររំលឹកថា ការកាប់បំផ្លាញឈើហ៊ុបនៅតំបន់អូរហុច ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពិតជាមានទ្រង់ទ្រាយធំ បទល្មើសនេះ កើតឡើងដោយអំពើពុករលួយជាលក្ខណៈប្រព័ន្ធ ក្នុងនោះគេថែមទាំងឈូសឆាយផ្លូវសម្រាប់ជាមធ្យោបាយដឹកជញ្ជូន ចាប់តាំងពីចំណុចក្រោយស្នាក់ការបរិស្ថានរហូតទៅដល់ច្រកអូរហុច ដែលមានឈ្មួញវៀតណាមចំនួន៤រូប ជាអ្នកផ្តើមគំនិត និងជាមេក្លោងយកលុយមកចាត់ចែងក្នុងរឿងនេះ ដូចជាឈ្មោះ អ៊ុក ញ៉ ឈ្មោះ ប៊ី ឈ្មោះ ហ៊ុង ឈ្មោះទី ហៅម៉ាប់ ជាមួយនឹងគូកនផ្សេងទៀត។

លោកឡេង សោភណ្ឌ មេក្លោងក្នុងបទល្មើសនេះត្រូវបានគេសង្ស័យថា ចំណាយប្រាក់ជាច្រើនដើម្បីបិទបាំងកំហុសរបស់ខ្លួន ក៏ដូចរក្សាតួនាទី ខណៈមុខរបរនេះគាត់តែងធ្លាប់ធ្វើជារៀងរាល់ឆ្នាំដោយជោគជ័យសល់លុយរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗនោះ។ ក្រៅពីលោកឡេង សោភណ្ឌ ជនដែលពាក់ព័ន្ធក្នុងបទល្មើសនេះខ្លាំងផងដែរ គឺលោកផ្កាយ១ ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ជាមួយនឹងកូនប្រសាររបស់គាត់ឈ្មោះ អែម សុខហួរ មេប៉ុស្តិ៍ស៊ើបការណ៍ចំការចេករបស់យោធាវរព្រំដែនលេខ១០៣។ និយាយរួម លោកឃិន ម៉េងស្រេង ជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះស្ទើរតែមួយពូជរបស់គាត់ទៅហើយ មានន័យថា កូនប្រសារក៏រកបទល្មើសនេះ កូនបង្កើតក៏រក មិត្តភក្តិយោធាក៏ជាអ្នករក ហើយគាត់ក៏នឹងត្រូវផ្លាស់ប្តូរតំណែងផងដែរនៅពេលខាងមុខនេះ៕ លក្ម្សី


ចែករំលែក៖