ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខបន្តចុះរៀងចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវ២៧១

ចែករំលែក៖

ភ្នំពេញ៖ ដោយគោរពតាមការណែនាំពីអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌសែនសុខបានបន្តដឹកនាំមន្ត្រីសាលាខណ្ឌ សាលាសង្កាត់ទឹកថ្លា នគរបាលខណ្ឌ ប៉ុស្តិ៍ ចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់ក្រុមអាជីវករ ដែលដាក់តាំងទំនិញលក់ និងអាជីវករមួយទៀតកំពុងប្រកបអាជីវកម្មរបស់ខ្លួនរំលោភចំណីផ្លូវ២៧១ ។

ដោយអនុវត្តន៍តាមការណែនាំនេះ លោក សាំង សុភះវិចិត្រ អភិបាលរងខណ្ឌសែនសុខ កាលពីរសៀថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ បានបន្តដឹកនាំក្រុមការងារសាលាខណ្ឌ សលាសង្កាត់ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយ នៅលើកំណាត់ផ្លូវ២៧១ ដោយណែនាំក្រុមអាជីវករ ដែលដាក់តាំងរបស់របរលក់ផ្តេសផ្តាស គ្មានសណ្តាប់ធ្នាប់ ត្រូវរុះរើជាបន្ទាន់ ដោយទុករយះពេល ១ថ្ងៃ បើមិនដូច្នោះទេ អាជ្ញាធរ នឹងអនុវត្តន៍វិធានការដ្ឋបាល ។

ស្តាប់ការលើកឡើងផ្ទាល់ពីលោក សាំង សុភះវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានប្រាប់ថា
កំណាត់ផ្លូវលេខ២៧១ ចាប់ពីស្ពានអាកាស ៧មករា រហូតដល់ចំណុចស្តុបអូរបែកក្អម ផ្លូវលេខ ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាច្រើនខែឆ្នាំមកហើយ ត្រូវបានក្រុមអាជីវករ ដាក់តាំងទំនិញជាច្រើនប្រភេទលក់ដូរ និងក្រុមអាជីវករមួយចំនួនទៀត កំពុងប្រកបអាជីវកម្មរបស់ខ្លួនរំលោភយកចំណីផ្លូវសាធារណជាហូរហែរ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយសាធារណ នៅក្នុងរាជធានីភ្នំពេញផងដែរ ។

សូមបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក សាំង សុភះវិចិត្រ បានដឹកនាំមន្ត្រីសាលាខណ្ឌ សាលាសង្កាត់ និងនគរបាល ជាច្រើនរូប ចុះណែនាំដល់ក្រុមអាជីវករម្តងរួចមកហើយ ព្រមទាំងបានណែកនាំពួកគាត់ឲ្យរុះរើសំយ៉ាប ឆ័ត្រ ផ្ទាំងស្លាកយីហោ ជាដើម ដើម្បីចូលរួមចំណែកថែរក្សាសោភ័ណ្ឌភាពនៅក្នុងរាជធានីភ្នំពេញ ៕ តុង សីហា

 


ចែករំលែក៖