ខេត្តបន្ទាយមានជ័យ៖ ខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងបានវាយប្រហារចំស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ដើមឈើតូចធំមួយចំនួនក៏បានដួលរលំកាត់ថ្នល់ នាំឱ្យកម្លាំងសមត្ថកិច្ច អាជ្ញាធរខេត្តនិងស្រុក បានប្រញាប់ចុះទៅជួយអន្តរាគមន៍រុះរើ និងកសាងជួសជុលលំឋានប្រជាពលរដ្ឋរងគ្រោះឡើងវិញ។របាយការណ៍ព័ត៌មានបឋមពីអធិការដ្ឋាននគរបាលស្រុកមង្គលបុរីឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋរងការខូចខាតបង្កឡើងដោយខ្យល់កន្រ្តាក់ កាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ប៉ះពាល់ទៅលើចំនួន៦ឃុំ សរុប៨០ខ្នង និងប៉ះពាល់ព្រះវិហារវត្តមួយខ្នងផងដែរ។
សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថា ខ្យល់កន្រ្តាក់នោះមិនបង្កឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួសនិងស្លាប់នោះឡើយហើយឃុំទាំង៦ដែលរងគ្រោះដោយខ្យល់កន្រ្តាក់រួមានៈឃុំរហាត់ទឹក ខូចខាតផ្ទះ៤ខ្នង ស្រាល៣ខ្នង ធ្ងន់១ខ្នង និងវត្ត១ខ្នង ២,ឃុំភ្នំតូចរងការខូចខាតផ្ទះ៦ខ្នង ខូចខាតធ្ងន់៥ខ្នង ស្រាល១ខ្នង៣,ឃុំបន្ទាយនាងខូចខាត១៩ខ្នង ខូចខាតធ្ងន់១១ខ្នង ស្រាល៨ខ្នង ៤,ឃុំគោកបល័្លង្គ ខូចខាត១៤ខ្នង ដួលរលំទាំងស្រុង២ខ្នង ខូចខាតស្រាល១២ខ្នង ៥,ឃុំចំណោម២ខ្នង ខូចខាតធ្ងន់១ខ្នង ស្រាល១ខ្នងនិង៦,ឃុំអូរប្រាសាទ ខូចខាត៣៥ខ្នង ដួលរលំ៤ខ្នង ខូចខាតស្រាល៣១ខ្នង។
សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ក្រោយពីមានហេតុការណ៍គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់នោះហើយ គេសង្កេតឃើញអាជ្ញាធរខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកមង្គលបុរី និងកងកម្លាំងគ្រប់ប្រភេទ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ បានចុះទៅជួយប្រជាពលរដ្ឋរងគ្រោះខណៈនោះគេសង្កេតឃើញលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនគរបាលក្រោមបង្គាប៧០នាក់ចុះទៅរុះរើនិងកសាងជួសជុលផ្ទះប្រជាពលរដ្ឋឡើងវិញ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ស្នងការក៏នាំយកស័ង្កសី ចំនួន៣៣៥សន្លឹកនិងអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យយកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋរងខូចខាតផ្ទះធ្ងន់ធ្ងរ២២គ្រួសារ ដើម្បីជួយសង្រ្គោះបឋមដើម្បីដោះស្រាយទុកលំបាក់របស់ប្រជាពលរដ្ឋ៕សំ វិច្ឆិកា