ភ្នំពេញ : ឈើគ្រញូងជាច្រើនកំណាត់ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ ក្នុងរថយន្តហាយឡេនឌ័រមួយគ្រឿង ក្រោយរថយន្តនោះបង្កគ្រោះថ្នាក់ចរាចរបើកបុកម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង៩យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្រោយកើតហេតុសមត្ថកិច្ចយករថយន្តដែលលួចដឹកឈើគ្រញូងខុសច្បាប់មករក្សាទុកនៅអធិការដ្ឋាននគរបាលខ័ណ្ឌ ក្រោយមកនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ក៍ប្រគល់ទៅអោយខាងសង្កាត់រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញដើម្បីចាត់ការបន្ត ។
លោកវរៈសេនីយ៍ទោឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ បានអោយដឹងថា រថយន្តដែលដឹកឈើគ្រញូងល្មើសច្បាប់ ម៉ាកហាយឡេនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខព្រះសីហនុ 2A – 1147 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណឡើយ ក្រោយបង្កគ្រោះថ្នាក់បើកបុកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ គេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុពេលនោះ កម្លាំងនគរបាលបើកទ្វារថយន្តក៏ប្រទះឃើញមានឈើគ្រញ៉ូងជាច្រើនកំណាត់ដែលផ្ទុកនៅក្នុងរថយន្ត ក្រោយមកសមត្ថកិច្ចសម្រេចយករថយន្ត និងវត្ថុតាងមកកាន់អធិការនគរបាលខណ្ឌ ហើយទំនាក់ទំនងទៅកាន់ខាងមន្ត្រីរដ្ឋបាលព្រៃឈើដើម្បីមកទទួលយក ព្រោះករណីនេះ ជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើខុសច្បាប់ ។ដោយឡែកភាគីខាងម៉ូតូរងគ្រោះ រងរបួសគួរសម ក៏សម្រេចត្រឡប់ទៅលំនៅឋានខ្លួនឯង ។
ពាក់ព័ន្ធករណីជំនួញឈើគ្រញូងដឹកតាមរថយន្តសេរីទំនើបបើកឆ្លងកាត់ផ្លូវជាតិលេខ១ ចុះទៅក្រៅប្រទេសនេះដែរតាមប្រភពពត៍មានដែលអាចទទួលយកបាន អោយដឹងថា ផ្លូវជាតិលេខ១គឺជាគោលដៅរបស់ឈ្មួញក្នុងការដឹកជញ្ជូនឈើគ្រញូងទៅកាន់ប្រទេសវៀតណាមដែលជាទីផ្សារធំក្នុងការទទួលទិញឈើគ្រញូង ។ ក្នុងការដឹកជញ្ជូននេះឈ្មួញបានប្រើរូបភាពដឹកតាមរថយន្តសេរីទំនើបដឹកស្ទើជារៀងរាល់យប់ចន្លោះពីម៉ោ៧ទៅម៉ោង១២ រំលងអាធ្រាត ហើយបើកលឿនៗណាស់ ព្រោះផ្លូវជាតិលេខ១អំណោយផលដល់ការដឹកជញ្ជូនបទល្មើសព្រៃឈើខុសច្បាប់ និងបទល្មើសផ្សេងៗទៀត ។
ចំពោះរថយន្តហាយឡិនឌ័រដែលដឹកជញ្ជូនឈើគ្រញូងបង្កគ្រោះថ្នាក់ នៅពេលនេះគឺដឹកជញ្ជូនឈើគ្រញូងច្រើនលើកច្រើនសារមកហើយមិនដែលខាងមន្ត្រីរដ្ឋបាលព្រៃឈើចាប់បានឡើយ កុំតែជួបគ្រោះថ្នាក់ទើបបែកការ បើមិនបង្កបញ្ហាបើកបុកម៉ូតូទេនោះរថយន្តនេះប្រាកដជាដឹកជញ្ជូនឈើគ្រញូងជាធម្មតា ឆ្លងកាត់ផ្លូវជាតិលេខ១ ទៅកាន់ប្រទេសវៀតណាមយ៉ាងរលូន ៕ សណ្តោស