ខេត្តបាត់ដំបងៈ រថយន្តថៃ១គ្រឿងធុនសណ្តោងរ៉ឺម៉ក ដឹកកសិផលមានបញ្ហាបើកធ្លាក់ជ្រោះភ្នំព្រឹក ចំណែកតៃកុងរថយន្តជនជាតិថៃ បើកទ្វាររត់ចេញពីរថយន្តបណ្តាលឱ្យរងរបួសស្រាល។
ហេតុការណ៍នេះកើតនៅវេលា២០ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវចុះពីលើភ្នំព្រឹក ផ្លូវជាតិ៥៩ ស្ថិតក្នុងឃុំអូរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ជនរងគ្រោះជាអ្នកបើកបររថយន្តជនជាតិថៃ ឈ្មោះ ណាន ភេទប្រុស អាយុ៤៥ឆ្នាំ បានឲ្យដឹងថា រថយន្តបែកក្រឡហ្រ្វាំងពេលជាន់ ហ្រ្វាំងមិនស៊ី ខ្លួនក៏បានលោតចុះទើបផុតគ្រោះថ្នាក់ដល់ជីវិតដោយគ្រាន់តែរងរបួសស្រាល ។
ក្រោយកើតហេតុនគរបាល និងអាវុធហត្ថស្រុកភ្នំព្រឹក បានចុះទៅដល់ភ្លាមៗផងដែរដើម្បីអង្កេត។
សូមបញ្ជាក់ថា រថយន្តថៃចូលមកដឹកកសិផលខ្មែរបានចេញដំណើរពីស្រុកសំពៅលូន ឆ្ពោះទៅស្រុកភ្នំព្រឹក ដើម្បីឆ្លងទៅប្រទេសថៃតាមច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក។
សមត្ថកិច្ចប្រាប់ថា មូលហេតុដែលបង្កកើតបញ្ហាដោយសាររថយន្តដឹកផ្ទុកធ្ងន់ចុះចំណោទភ្នំព្រឹកខ្លាំង ទើបបែកក្រឡហ្វាំង នាំឱ្យអ្នកបើករថយន្តមិនអាចគ្រប់គ្រងរថយន្តនោះបាន៕សំ វិច្ឆិកា