ព័ត៌មានទាន់ហេតុការណ៍៖

កុមារអាយុ១៧ខែម្នាក់លង់ទឹកជង្ហុកទឹកភ្លៀងក្រោយផ្ទះស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កុមារម្នាក់អាយុ១៧ខែ ត្រូវបានក្រុមគ្រួសារប្រទះឃើញលង់ទឹកជង្ហុកទឹកភ្លៀងស្លាប់នៅខាងក្រោយផ្ទះ ខណៈដែលម្តាយកំពុងជាប់រវល់ដាំបាយ និងធ្វើម្ហូប។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីនាយប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំចំណោមប្រាប់ឱ្យដឹងថា កាមាររងគ្រោះមានឈ្មោះ សឿម សិលា ភេទប្រុស អាយុ១៧ខែ ដែលមានឳពុកមានឈ្មោះ សៀន សិទ្ធិ អាយុ២៧ឆ្នាំ ម្តាយឈ្មោះ អ៊ិន ស៊ីណា អាយុ២៧ឆ្នាំ គ្រួសារនេះរស់នៅភូមិឃុំកើតហេតុ ខាងលើ។

បើតាមប្រភពព័ត៌មានពីលោកនាយប៉ុស្ថិ៍ប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុម្តាយ កុមាររងគ្រោះជាប់រវល់ដាំបាយធ្វើម្ហូបនៅក្នុងផ្ទះ ចំណែកឳពុកជាប់រវល់ទៅធ្វើស្រែចំការ ទុកកុមារនោះដើរលេងនៅក្នុងបរិវេណម្នាក់ឯង។លុះបន្ទាប់មកកុមាររងគ្រោះបានដើរមកខាងក្រោយផ្ទះ ម្តាយមិនបានចាប់អារម្មណ៍ថាកូនលង់ទឹកជង្ហុកនោះឡើយ។ នៅពេលបាត់កូនក៏ចាប់ផ្តើមដើររកកូន ហើយក៏ប្រទះឃើញកូនស្លាប់ក្នុងទឹកជង្ហុកមានសភាពផ្កាប់មុខបាត់ទៅហើយ ខណៈនោះទើបមានការភ្ញាក់ឆោឡោដល់អ្នកភូមិជិតខាង។ ទឹកជង្ហុកមានជម្រៅប្រហែលត្រឹមក្បាលជង្គង់មនុស្សចាស់។ ក្រោយពីមានហេតុការណ៍បែបនោះរួចហើយ កម្លាំងនគរបាលប៉ុស្ថិ៍បានចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព ពិនិត្យឃើញថា កុមាររងគ្រោះពិតជាស្លាប់ដោយលង់ទឹកនោះពិតប្រាកដ។

សពក្មេងរងគ្រោះបន្ទាប់មកត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ សំ វិច្ឆិកា


ចែករំលែក៖