ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីមួយគ្រឿងបុកបុរសម្នាក់ជិះម៉ូតូបញ្ច្រាសគ្នាស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់បើកបរម៉ូតូម្នាក់ឯង ត្រូវរថយន្តកាមរីបុកស្លាប់នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង២និង២៤នាទីរំលងអធ្រាត្រ ឈានថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតស្ថានីយដឹកអ្នកដំណើរអន្តជាតិស៊ូជីង ប្រហែល៥០ម៉ែត្រ ឋិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចផែនសណ្ដាប់ធ្នាប់ចរាចណ៏ក្រុងប៉ោយប៉ែតប្រាប់ថា ជនរងគ្រោះដែលត្រូវរថយន្តកាមរីបុកស្លាប់នោះមានឈ្មោះ វ៉ាន់ តាន់ឆាយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបជាងដែករស់នៅក្នុងភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q.5405។

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងពីទិសខាងលិចទៅខាងកើតដោយបញ្ច្រសទិសជាមួយរថយន្ត លុះពេលបើកបរដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តតូចមួយគ្រឿងម៉ាកតូយូតាកាមរី ពណ៌សំបកឪឡឹកផលិតឆ្នាំ១៩៩៥ ពាក់ស្លាក់លេខ ភ្នំពេញ 2J.4891បានបុកម៉ូតូខាងលើតែម្ដង ។ ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ ។

ចំពោះករណីខាងលើនេះដែរ សមត្ថកិច្ចថា នៅមិនទាន់ដឹងថា អ្នកណាជាអ្នកមានកំហុសនៅឡើយ ព្រោះនៅកន្លែងកើតហេតុ ជាកន្លែងស្ងាត់ មិនមានអ្នកឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នោះទេ ដោយអ្នកធ្វើដំណើរតាមផ្លូវជាតិបានផ្ដល់ដំណឹងមកសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ លុះដល់ចំណុចកើតហេតុ ជនរងគ្រោះបានស្លាប់ចំណែកម៉ូតូ និងរថយន្តខូចខាត់ដំណំ។

ក្រោយពីធ្វើកំណត់ហេតុ ម៉ូតូនិងរថយន្ត ត្រូវបានយកមករក្សានៅកន្លែងការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់ រីឯសពរងគ្រោះបានប្រគល់ឧ្យសាច់ញាតិយកទៅធ្វើបុណ្យនៅក្នុងភូមិខាងលើតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖