ខេត្តបន្ទាយមានជ័យ៖ យុវជន១ក្រុម នាំគ្នាបោះទីតាំងបោះតង់ក្នុងព្រៃសម្ងំប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតឆ្មក់ចូលក្រសោបចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនសរុបចំនួន១៤នាក់។
ប្រតិបត្តិការនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយវត្តដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា កម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្រ្កាបឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនទាំង១៤នាក់ ក្រោយពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើបានរាយការណ៍មកលោកផ្ទាល់ថា មានក្រុមយុវជនបាននាំគ្នាទៅសម្ងំប្រើប្រាស់គ្រឿងញៀន ពួកគេដើរអុកឡុកធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចទៀតផង។
បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មករួចហើយនោះ លោកក៏បានដឹកនាំកម្លាំងនគរបាល ដោយសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏ចុះទៅបង្រ្កាបជនសង្ស័យគ្រឿងញៀនខាងលើកំពុងធ្វើសកម្មភាពជាក់ស្តែង និងបានរកឃើញដកហូតឧបករណ៍សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំផងដែរ។
លោកអធិការបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀនទាំងនោះត្រូវបានចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីចាត់ចែងតាមនីតិវិធីច្បាប់។
លោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋមេត្តាចូលរួមសហការជាមួយនិងសមត្ថកិច្ច បើសិនជាមានករណីប្រព្រឹត្តបទល្មើសគ្រឿងញៀននៅចំណុចណាមួយ សូមរាយការណ៍ផ្តល់ព័ត៌មានមកលោកផ្ទាល់ដើម្បីចុះទៅបង្រ្កាប ក្នុងការចូលរួមបង្ការទប់ស្កាត់កាត់បន្ថយបញ្ហាគ្រឿងញៀន ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅពេលបច្ចុប្បនេះ៕ សំ វិច្ឆិកា