ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងព័ទ្ធចាប់បាន ក្នុងពេលដែលជនសង្ស័យទាំង៥នាក់នេះ បានណាត់គ្នាធ្វើសកម្ម ភាពចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។
ហេតុការណ៍ឃាត់ខ្លួនជសង្ស័យនេះត្រូវបានធ្វើឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានអោយដឹងថា ជនសង្ស័យទាំង៥នាក់ដែលត្រូវឃាត់ខ្លួន ១.ឈ្មោះប៉េង រស្មី ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកជួញដូរនិងចែកចាយ ២.ឈ្មោះភួង ហុង ភេទប្រុស អាយុ២៤ឆ្នាំ ៣.ឈ្មោះជា ប៊ុនថង ភេទប្រុស អាយុ១៥ឆ្នាំ ៤.ឈ្មោះ វណ្ណា ឆៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនសង្ស័យទាំង៤នាក់នេះរស់នៅ សង្កាត់ផ្សារឆ្នាំង និង ៥.ឈ្មោះស៊ឹម ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១១កញ្ចប់ ទូរស័ព្ទដៃ៣គ្រឿង ។
សមត្ថកិច្ចបានអោយដឹងទៀតថា ក្រុមជនសង្ស័យដែលត្រូវឃាត់ខ្លួនខ្លះជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារ និង មួយចំនួនជាមុខសញ្ញាថ្មី ដែលជាអ្នកប្រើប្រាស់ ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងតាមការផ្តល់ព័តមានពីប្រជាពលរដ្ឋ ស្តីពីសកម្មភាពរបស់ក្រុមជនសង្ស័យ សមត្ថកិច្ចបានដាក់កម្លាំងព័ទ្ធចាប់បានតែម្តង ។
នៅពេលនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា