ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនិយមលេងកន្ទុយលេខក្នុងផ្សារស្ទឹងមានជ័យថ្មីថា៖ ចុះមេកន្ទុយលេខធំ ឈ្មោះញ៉ក់ ទុកធ្វើអី មិនចាប់ផង?

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីក្រុមសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ ចុះបង្ក្រាបជាក់ស្តែងទីតាំងកត់កន្ទុយលេខវៀតណាមខុសច្បាប់ នៅក្នុងផ្សារស្ទឹងមានជ័យថ្មី កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្រាប់តែក្នុងចំណោមអ្នកនិយមលេងកន្ទុយលេខ ជាពិសេសភាគច្រើន គឺអាជីវករអ្នកលក់ដូរ បន្លែ សាច់នៅក្នុងផ្សារពួកគាត់បានប្រតិកម្មថា ចាប់តែមេតូចតាចទទួលបានទឹក(ស៊ីភាគរយ)បន្តិចបន្តួចជាកូនកញ្ច្រែង តែសម្រាប់មេធំៗ ដូចជាមេឆ្នោតឈ្មោះ ញ៉ក់នៅ ក្បែរវត្តស្ទឹងមានជ័យមិនចាប់ផង? ទុកវាធ្វើស្អី?។

ជុំវិញបញ្ហាដែលកើតមានប្រតិកម្មនេះ គឺដោយសារតែពួកគាត់ខ្លះបានចាក់ត្រូវលេខធំ និងលេខតូចជាហូរហែហើយមិនដឹងទៅបើកលុយពីអ្នកណា? បើមេគេចាប់បាត់ទៅហើយនោះ។

ដោយឡែកលោក ម៉ៅ សាវឿន នាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យបានប្រាប់ថា សម្រាប់លោកពុំដែលបានទទួលលុយម្តងណាទេពីក្រុមមេឆ្នោតទាំងនេះ វាមិនដែលមើលឃើញប៉ុសិ៍្តទេ។ វាយកទៅផុតអស់ហើយ បើកាលណាអត់ឲ្យគេគឺគេចុះចាប់ហើយ។

ទោះបីជាមានការដោះសារយ៉ាងនេះក្តី មេកន្ទុយលេខទាំងនោះភាគច្រើនបានអះអាងថាពួកគេបានបង់ឲ្យប៉ុស្តិ៍ជាប្រចាំខែ ដោយមាននាយរងប៉ុស្តិ៍ ម្នាក់ជាអ្នកដើរប្រមូល។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះក្តី លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍បានបដិសេធទាំងរអាក់រអ៊ួលថា ពួកមេទាំងនេះវាចេះតែនិយាយឲ្យតែរួចពីមាត់វាទៅ។

ជាមួយនិងការច្រានចោលនូវការចោទប្រកាន់ខាងលើនេះក្តី ប្រភពពីមេឆ្នោតខ្លះដែលមាននិន្នាការច្រណែនគ្នានោះបានប្រាប់ថា មេឆ្នោតវៀតណាមផ្ទះនៅក្បែរវត្តស្ទឹងមានជ័យជាមេចែកចាយនៅស្ទឹងមានជ័យ និងជុំវិញផ្សារស្ទឹងមានជ័យផងដែរ។

លោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យក៏បានបញ្ជាក់ថា នេះជាបញ្ហាខាងការិយាល័យកំរិតស្រាល ដែលគេជាអ្នកចុះបង្ក្រាប ហើយការ ដែលមេឆ្នោតនិយាយាថា ឲ្យលុយទៅអ្នកនេះ ទៅអ្នកនោះជារឿងរបស់គាត់ចេះតែនិយាយទៅ តែបើដឹងលោកនឹងបង្ក្រាបហើយ៕ តាឡឹម


ចែករំលែក៖