កូរ៉េខាងជើងបានថ្កោលទោស ការសម្រេចរបស់អាមេរិក ហាមប្រាមពលរដ្ឋអាមេររិកចូលទៅកាន់កូរ៉េខាងជើង និងស្នើឲ្យអាមេរិកចាកចេញពីកូរ៉េខាងជើង ទាំងអស់ ព្រមទាំងការដាក់ទណ្ឌកម្មនានាគឺជា «ល្បែង ថោកទាប» ។
សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានដកស្រងការប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងជើងបញ្ជាក់ថា កូរ៉េខាងជើង បានបើកទ្វារ ជានិច្ច ស្វាគមន៍ពលរដ្ឋ អាមេរិកដែលមានភាពស្មោះត្រង់ ចង់មកឃើញអ្វីដែលកំពុងកើតឡើងនៅកូរ៉េខាងជើង ដោយមិនមានការរើសអើងឡើយ។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធ អង្គការសហប្រជាជាតិនៅថ្ងៃទី៥ ខែសីហា បានបោះឆ្នោតសម្រេច គាំទ្រការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើកូរ៉េខាងជើង ក្នុងនោះមានការកាត់បន្ថយការនាំចេញរបស់កូរ៉េខាងជើង ទៅកាន់សហគមន៍អន្តរជាតិ។
ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិតាមសេចក្តីរាយការណ៍ គ្រោងបោះឆ្នោត លើសេចក្តីសម្រេចដែលព្រាងឡើង ដោយអាមេរិក ក្នុងគោលបំណង កាត់បន្ថយ មួយភាគបីនៃប្រាក់ចំណូលការនាំចេញប្រចាំឆ្នាំ៣ពាន់លានដុល្លារ របស់កូរ៉េខាងជើងជុំវិញការធ្វើតេស្តមីស៊ីល ផ្លោងឆ្លង ទ្វីបរបស់ព្យុងយ៉ាងចំនួនពីរនៅក្នុងខែកក្កដា។
មន្ត្រីការទូតនៅក្នុងប្រឹក្សានោះមួយរូប ដែលនិយាយដោយមិនបញ្ចេញឈ្មោះបានប្រាប់ថា មានការជឿទុកចិត្ត យ៉ាង ខ្ពស់ថា ប្រទេសចិនជាសម្ពន្ធមិត្តកូរ៉េខាងជើង និងប្រទេសរុស្ស៊ី នឹងគាំទ្រដល់ពង្រាងសេចក្តី សម្រេចរបស់សហរដ្ឋអាមេរិកដែលបានបញ្ជូនទៅឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ ។
យោងតាមប្រភពព័ត៌មានពីរ៉យទើ ចេញផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ពង្រាងសេចក្តីសម្រេចនេះ នឹងរារាំងការនាំចេញធ្យូងថ្ម ដែក រ៉ែដែក និងអាហារសមុទ្រជាដើមរបស់កូរ៉េខាងជើង ហើយវាក៏នឹងរារាំង ប្រទេសនានាមិនឲ្យបង្កើតបន្ថែមចំនួនកម្មករកូរ៉េខាងជើង បច្ចុប្បន្នដែលកំពុងតែធ្វើការនៅបរទេស ហាមការ បណ្ដាក់ទុនរួមគ្នាថ្មី ជាមួយកូរ៉េខាងជើង និងការវិនិយោគថ្មីណាមួយផងដែរ៕ ម៉ែវ សាធី