ខេត្តកណ្តាលៈ រយៈពេល៣ថ្ងៃនៃការស្រាវជ្រាវរបស់សមត្ថកិច្ចដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យករណីរំលោភសម្លាប់កុមារីអាយុ៧ឆ្នាំបោះសពចូលក្នុងទឹកព្រែកបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ឥឡូវនេះឃាតកត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅទីតាំងការដ្ឋានសំណង់មួយកន្លែងដែលជនសង្ស័យគេចទៅលាក់ខ្លួនធ្វើកម្មករសំណង់នៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ ហេង ចន្ធីម ប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ជាមួយកុមារីរងគ្រោះមានឈ្មោះគង់ សំណាង ហៅធីតា អាយុ៧ឆ្នាំ ត្រូវជនសង្ស័យរំលោភសម្លាប់យកសពមកបោះចូលក្នុងទឹកព្រែកខាងក្រោយមជ្ឈមណ្ឌលយោធិនពិការ៣១៧ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ។
លោកសៀង វណ្ណឆៃ មេបញ្ជាការរងកងអាវុធហត្ថស្រុកកៀនស្វាយបានឲ្យដឹងថា បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានបើកការស៉ើបអង្កេតស្វែងចាប់ខ្លួនឃាតកយ៉ាងក្តៅគគុក ។ ៣ថ្ងៃក្រោយទើបចាប់ខ្លួនបានដោយមានកិច្ចសហការផ្តល់ពត៍មានក្រុមគ្រួសារកុមារីរងគ្រោះ និងពីក្រុមគ្រួសាររបស់ជនសង្ស័យ ។ ជងសង្ស័យជាមនុស្សសេពគ្រឿងញៀនហើយរាប់អានគ្នាជាមួយក្រុមគ្រួសារក្មេងស្រីរងគ្រោះ ។ បន្ទាប់ពីធ្វើសកម្មភាពរំលោភសម្លាប់ ជនសង្ស័យបានគេចខ្លួនចេញពីភូមិទៅធ្វើការជាកម្មករសំណង់ នៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ថែមទាំងបិទទូរស័ព្ទ ។ បន្ទាប់ពីកំណត់មុខសញ្ញាបាននិងមានការសហការផ្តល់ពត៍មានពីក្រុមគ្រួសារជនសង្ស័យ កម្លាំងអាវុធហត្ថស្រុកកៀនស្វាយបានពន្លាតដែនប្រតិបត្តិការទៅដល់ស្រុកអង្គស្នួលទើបឈានដល់ការចាប់ខ្លួនឃាតកដែលកំពុងសម្ងំលាក់ខ្លួនធ្វើកម្មករសំណងនៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។
ពាក់ព័ន្ធនិងសកម្មភាពរបស់ជនសង្ស័យដែលយកកុមារីរងគ្រោះទៅរំលោភ ហើយឈានដល់ការសម្លាប់នេះ មិនត្រូវបានលោកមេបញ្ជាការរងប្រាប់ឲ្យលម្អិតនោះទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
សូមរំលឹកថា កុមារីរងគ្រោះត្រូវជនសង្ស័យរំលោភសម្លាប់កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ហើយយកសាកសពទៅបោះចូលក្នុងទឹកព្រែក ខាងក្រោយមជ្ឈមណ្ឌលយោធិនពិការ ភូមិស្លាបតាអោន ឃុំគគីរ លុះព្រឹកឡើងថ្ងៃទី២ ខែសីហា ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ។ ៣ថ្ងៃក្រោយមកឃាតកត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកចាប់ខ្លួនបាននៅការដ្ឋានសំណង់១កន្លែង ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្តាល ៕ សណ្តោស