សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិសំឡាញលើ ឃុំក្រពើពីរ ស្រុកវាល វែង ខេត្តពោធិ៍សាត់បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសនៅតែបន្តកើតឡើងយ៉ាងគំហុកហើយគ្មានមន្ត្រី ជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធណាបង្ក្រាបឡើយ។ ឈ្មួញដែលកំពុងបោះជំរំក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសដើម្បីកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ត្រូវបានគេស្គាល់ឈ្មោះ ញឹម ថេត ហើយឈ្មួញរូបនេះមានខ្នងបង្អែកយ៉ាងរឹងមាំ។ លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត
ពោធិ៍សាត់បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលឈ្មួញឈ្មោះ ញឹម ថេត បោះជំរំកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសយ៉ាងពេញបន្ទុក។
ប្រជាពលរដ្ឋក្នុងឃុំក្រពើពីរបានឲ្យដឹងថា ក្នុងទីតាំងដែលឈ្មួញឈ្មោះ ញឹម ថេត បោះជំរំកាប់ឈើនិងអារច្រៀកឈើនោះមានរថយន្តកែច្នៃដូចជារ៉េវ ដំរីទឹក និងម៉ាស៊ីន អារច្រៀកឈើជាច្រើនគ្រឿង ហើយទីតាំងនោះស្ថិតនៅភូមិសំឡាញលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសដែលឈ្មួញ ឈ្មោះ ញឹម ថេត កាប់រំលំអារច្រៀកដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់មានដូចជា ប្រភេទ បេង ធ្នង់ គ្រញូង នាងនួន និងរាជកុលដែលសុទ្ធតែជាប្រភេទឈើមានតម្លៃខ្ពស់ ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់បានឲ្យដឹង ថា បច្ចុប្បន្នឈ្មួញឈ្មោះ ញឹម ថេត មានកម្មករសម្រាប់កាន់ម៉ាស៊ីនអារកាត់ឈើ និង អារច្រៀកឈើមិនតិចជាង២០នាក់នោះទេ ហើយមានរថយន្តរ៉េវ និងដំរីទឹកចំនួន៥គ្រឿងសម្រាប់ដឹកជញ្ជូនឈើចេញពីព្រៃ។ កន្លែងដែលមានសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងពេញបន្ទុកគឺនៅចំណុចឃ្លាំងជី ភ្នំហ៊ុងដាឡៃដែលស្ថិតនៅក្រោមការគ្រប់ គ្រងរបស់មន្ត្រីបរិស្ថានអភិរក្សតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស។ ក្នុងមួយយប់ៗមានរថយន្តដឹកឈើយ៉ាងតិច៣ទៅ៤គ្រឿងចេញពីជំរំរបស់ឈ្មួញឈ្មោះ ញឹម ថេត ហើយក្នុងរថយន្ត១គ្រឿងផ្ទុកឈើមិនតិចជាង៣០ម៉ែត្រគូបនោះទេ ព្រោះមានការឃុបឃិតពីមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយ ៕