ព័ត៌មានទាន់ហេតុការណ៍៖

អ.ស.ប ចោទប្រកាន់មីយ៉ាន់ម៉ាធ្វើបាបជនជាតិ រ៉ូហ៊ីងយ៉ា

ចែករំលែក៖

នៅពេលកន្លងមកថ្មីៗនេះ អង្គការ សហប្រជាជាតិបានវាយតម្លៃថា យុទ្ធនាការបង្ក្រាបរបស់កងទ័ពមីយ៉ាន់ម៉ា ឈានទៅដល់ការបោសសម្អាតជនជាតិភាគតិច ហើយអាចដល់ថ្នាក់ថាជាឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិទៀតផង។ អង្គការសហប្រជា ជាតិ បានសុំចុះទៅស៊ើបអង្កេតហេតុ ការណ៍ធ្វើបាបជនជាតិរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ ម៉ា ប៉ុន្តែរដ្ឋាភិបាលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី បានជំទាស់សំណើនេះ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាប្រាប់ថា ការស៊ើប អង្កេតរបស់គណៈកម្មការរដ្ឋាភិបាលគឺជាចម្លើយគ្រប់គ្រាន់ណាស់ទៅហើយ។

របាយការណ៍ស៊ើបអង្កេតរបស់គណៈកម្មការមីយ៉ាន់ម៉ាចុះផ្សាយថ្ងៃអាទិត្យនេះលើកឡើងទៀតថា សកម្មភាពហួសហេតុក្នុងយុទ្ធនាការកងទ័ពប្រហែលជាបង្កឡើងដោយកងទ័ពថ្នាក់ក្រោមប៉ុណ្ណោះ។ ប៉ុន្តែ ហេតុការណ៍ទាំងនេះហាក់ដូចជាត្រូវបានគេប្រឌិតឡើងទៅវិញទេ។

គណៈកម្មការស៊ើបអង្កេតរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចេញរបាយការណ៍ នៅថ្ងៃទី ៧ខែសីហា ដោយសន្និដ្ឋានថា កងកម្លាំងសន្តិសុខជាតិមីយ៉ាន់ម៉ាមិនបានធ្វើបាប កាប់សម្លាប់ ឬក៏ចាប់រំលោភមីយ៉ាន់ម៉ាជនជាតិរ៉ូហ៊ីងយ៉ា ដូចដែលរបាយការណ៍អង្គការសហប្រជាជាតិបានលើកឡើង កាលពីខែកុម្ភៈនោះទេ។

កាលពីខែកុម្ភៈ អង្គការសហប្រជាជាតិបានចុះផ្សាយរបាយការណ៍បង្ហាញពីការធ្វើបាបរបស់កងទ័ពមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។ របាយការណ៍កាល នោះ មានសាក្សីជាជនជាតិរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួនទៅបង់ក្លាដែស។ ជនជាតិ រ៉ូហ៊ីងយ៉ាទាំងនេះប្រាប់ថា កងទ័ពមីយ៉ាន់ ម៉ាបានធ្វើទារុណកម្ម រំលោភផ្លូវភេទ ដុត ផ្ទះ សម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា មានទាំង កុមារ ទារក ស្ត្រីនិងមនុស្សចាស់ជនជាតិរ៉ូហ៊ីងយ៉ា។

ថ្ងៃអាទិត្យកន្លងមកនេះ គណៈកម្មការស៊ើបអង្កេតរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចុះផ្សាយរបាយការណ៍សន្និដ្ឋានថា គ្មាន ភស្តុតាងបញ្ជាក់ពីការធ្វើបាប ឬកាប់សម្លាប់ អ្នកកាន់សាសនាអ៊ិស្លាមរ៉ូហ៊ីងយ៉ា នៅ មីយ៉ាន់ម៉ាទេ។ គណៈកម្មការស៊ើបអង្កេតនេះមីយ៉ាន់ម៉ា ថែមទាំងចោទទៅអង្គការសហប្រជាជាតិវិញថា ធ្វើឲ្យអន្តរជាតិយល់ច្រឡំលើមីយ៉ាន់ម៉ា ដោយលម្អៀងការសន្និ ដ្ឋាន មិនបានគិតពីការវាយប្រហារដែល បង្កឡើងដោយភាគីជាសកម្មជនរ៉ូហ៊ីងយ៉ា។

គណៈកម្មការស៊ើបអង្កេតរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានធ្វើការអង្កេតលើហិង្សានៅរដ្ឋរ៉ាក់ឃីន ភាគពាយព្យ តាំងតែពីមានហេតុការណ៍ជនជាតិរ៉ូហ៊ីងយ៉ា វាយប្រហារទីស្នាក់ការប៉ូលិសមីយ៉ាន់ម៉ាច្រើនកន្លែង ជិតព្រំដែនបង់ក្លាដែស ក្នុងខែតុលាឆ្នាំ ២០១៦។ ក្រោយការវាយប្រហារប្រឆាំងប៉ូលិសមីយ៉ាន់ម៉ាកងទ័ពបានចេញយុទ្ធនាការបង្ក្រាបហិង្សា អស់រយៈពេលជាច្រើន ខែ។ ជនជាតិរ៉ូហ៊ីងយ៉ាជាង៧ម៉ឺន៥ពាន់នាក់បានភៀសខ្លួនទៅបង់ក្លាដែស៕ ម៉ែវ សាធី


ចែករំលែក៖