ខេត្តកណ្តាលៈ មនុស្ស៦នាក់បានជិះរថយន្តមួយគ្រឿងចេញពីច្រៀងខារ៉ាអូខេ វិញទាំងសភាពស្រវឹងជោកជាំ រហូតបាត់បង់ម្ចាស់ការបើករេចង្កូតចូលទៅបុកជាមួយរថយន្តធុនធំបើកច្រាស់ទិសគ្នាពេញមួយទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ៣នាក់ទៀតស្លាប់បាតប់ង់ជីវិត ខណៈដែលអ្នករួមដំណើរជាមួយ២នាក់ទៀតរងរបួសធ្ងន់ស្រាល ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ស្លាប់មនុស្ស៤នាក់ ក្នុងពេលមួយប៉ព្រិចភ្នែកនេះបានកើតឡើង កាលពីវេលាម៉ោង១ និង១០នាទី រំលងអធ្រាតឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ត្រង់ចំណុចK១២ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2H-3738 បើកបរដោយឈ្មោះ នៅ ថារ៉ូត ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល និងអ្នករួមដំណើរជាមួយ៥នាក់ទៀតនោះ ទី១-ឈ្មោះ ម៉ុង សុងហ៊ត ភេទប្រុស អាយុ៣៤ឆ្នាំ (ស្លាប់) មានទីលំនៅជាមួយអ្នកបើកបររថយន្ត ទី២-ឈ្មោះ ស្រ៊ឺ ស៊ីនឿន ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ទី៣-ឈ្មោះ គង់ ចេងហេង ភេទប្រុស អាយុ៣៤ឆ្នាំ (ស្លាប់) មានទីលំនៅក្នុងភូមិទេពអជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ទី៤-ឈ្មោះ ញ៉ ធឿង ភេទប្រុស អាយុ៣០ឆ្នាំ (របួសធ្ងន់) មានទីលំនៅក្នុងភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ និងទី៥-ឈ្មោះ ឡេង វុធ ភេទប្រុស អាយុ៣៦ឆ្នាំ (របួសស្រាល) មានទីលំនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ។
ប្រភពដដែលបានបន្តថា រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ១០តោន ជារថយន្តដឹកទំនិញ (ដឹកគ្រាប់ពោត) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2452 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។ សាក្សីបានបំភ្លឺប្រាប់សមត្ថកិច្ចនគរបាលថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៦នាក់បានទៅចូលរួមកម្មវិធីខួបកំណើតកូនបងប្អូននៅឯរាជធានីភ្នំពេញ បន្ទាប់ពីចេញពីកម្មវិធីខួបកំណើរជនរងគ្រោះទាំង៦នាក់បាននាំគ្នាចូលទៅច្រៀងកំសាន្តលេងនៅក្នុងហាងខារ៉ាអូខេមួយកន្លែងម្តុំចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សាក្សីបានបន្តទៀតថា បន្ទាប់ពីច្រៀងចប់នៅវេលារំលងអធ្រាតក៏នាំគ្នាជិះរថយន្តខាងលើនោះក្នុងគៅលបំណងត្រឡប់ទៅលំនៅឋានវិញ ខណៈបើកដល់ចំណុចកើតហេតុខាងលើអ្នកបើកបររថយន្តបានបាត់បង់ម្ចាស់ការបើករេចង្កូតជ្រុលទៅបុកជាមួយរថយន្តធុនធំបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសយ៉ាងដូច្នេះតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកសាកសពជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយន្តសាមុយដឹកត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួន ដើម្បីឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា រថយន្តកាមរីឆ្លាមបានបើកបរតាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីជើងទៅត្បូង(ពីក្រុងតាខ្មៅឆ្ពោះទៅស្រុកស្អាង) លុះបើកដល់ចំណុចកើតហេតុបានបើករេចង្កូតទៅឆ្វេងដៃ ចូលទៅបុកជាមួយរថយន្តធុនធំកំពុងបើកបរច្រាស់ទិសគ្នា ។ មូលហេតុដែលនាំឲ្យរថយន្តទាំង២បុកគ្នាពេញមួយទំហឹង គឺបណ្តាលមកពីអ្នកបើកបររថយន្តកាមរីឆ្លាម បើកបរក្នុងស្ថានភាពស្រវឹង ប្រើប្រាស់ល្បឿនលឿន បាត់បង់ម្ចាស់ការជ្រុលទៅបុកជាមួយរថយន្តធុនធំបើកច្រាស់ទិសគ្នា ៕ ស្អាងជ័យ