ភ្នំពេញៈ ក្រុមក្មេងទំនើងមួយបានព្រួតវាយបុរសម្នាក់បែកក្បាលហូរឈាមស្រោចពេញខ្លួន ខណៈជនរងគ្រោះគ្រាន់តែដើរកាត់កន្លែងស៊ីផឹករបស់ពួកគេ និង គ្រាន់តែមើលមុខ ក៏ត្រូវក្មេងស្ទាវទាំងនោះយកខ្សែក្រវ៉ាត់និងយកដុំថ្មមកវាយហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៧ ត្រង់ចំណុចកំពង់ដរអរិយក្សត្រ ទល់មុខណាហ្គាវើល ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលពេលកើតហេតុ ក្រុមក្មេងស្ទាវមួយក្រុមមានគ្នាមិនតិចជាង១០នាក់ បាននាំគ្នាអង្គុយផឹកស៊ីនិងលេងបាល់ នៅកន្លែងកើតហេតុ។ ខណៈនោះស្រាប់តែជនរងគ្រោះម្នាក់មានអាយជាង៣០ឆ្នាំបានដើរឆ្លងកាត់ពីមុខក្រុមក្មេងស្ទាវទាំងនោះ ហើយបានមើលមុខទៅក្រុមពួកគេ ធ្វើឲ្យក្រុមក្មេងទាំងនោះ ខឹង ក៏ស្រែកថា អ្ហែងមើលមុខអី? ស្រែកគំហកស្ទើរមិនទាន់ផុតពីមា់ផង ស្រាប់តែពួកគេស្ទុះយកខ្សែក្រវ៉ាត់ និងដុំថ្មស្ទុះទៅ វាយជនរងគ្រោះ បណ្ដាលឲ្យរងរបួសបែកក្បាលបែកមុខហូរឈាមស្រោចពេញខ្លួនសន្លប់ដេកលើថ្នល់តែម្តង។ បន្ទាប់មក ក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់រួចបាត់ សល់តែ២នាក់ដែលជាបក្ខពួក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដើម្បីយកមកសាកសួរនៅប៉ុស្តិ៍នគរបាលចតុមុខ ចំណែកជនរងគ្រោះដែលគេមិនស្គាល់ឈ្មោះនិងអសយដ្ឋានត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដែរ ៕ ប្រាថ្នា